មកត្រឹមថ្ងៃទី៤ ខែមករា មានមនុស្សតែ២ពាន់ ៥រយនាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសបារាំង ដោយភាគច្រើនជាអ្នករស់នៅក្នុងកន្លែងថែទាំមនុស្សចាស់ និងពួកជួយថែទាំពួកគេ។ ពួកអ្នករិះគន់និយាយថានេះ ជាតួលេខតិចតួចណាស់សម្រាប់វ៉ាក់សាំងដែលបានចាប់ផ្តើមបញ្ចេញដូចនៅក្នុងប្រទេសឯទៀតៗនៃសហភាពអឺរ៉ុបដែរ កាលពីថ្ងៃទី២៧ ខែធ្នូ នោះ។
ពួកអ្នករិះគន់ពណ៌នាល្បឿននៃការចាក់វ៉ាក់សាំងនេះ ថាទាបណាស់ បើប្រៀបធៀបជាមួយប្រទេសអាល្លឺម៉ង់នៅជិតខាង ដែលនៅទីនោះមនុស្សយ៉ាងតិចណាស់២សែន ៦ម៉ឺន៤ពាន់នាក់ បានចាក់វ៉ាក់សាំងនេះហើយ រហូតមកដល់ពេលនេះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋាភិបាលលោក ឋិតនៅក្រោមសម្ពាធឱ្យចាត់វិធានការឱ្យបានល្អប្រសើរជាងមុន ជាពិសេសដោយពិចារណាអំពីជោគជ័យនៃប្រទេសឯទៀតៗនៅក្នុងតំបន់អឺរ៉ុប។
អ្នករិះគន់ម្នាក់ក្នុងបណ្តាអ្នករិះគន់ខ្លាំង គឺលោក Jean Rottner ប្រធាននៃមហាតំបន់ខាងកើតនៃប្រទេសបារាំង។ លោក Rottner និយាយថា យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងនេះនៅក្នុងប្រទេសបារាំង ជារឿងអាស្រូវមួយ ហើយលោកថ្លែងដែរថារដ្ឋាភិបាលគ្មានជោគជ័យដូចក្នុងបញ្ហានៃការពាក់ម៉ាស់ និងការធ្វើតេស្តដែរ។ លោកពោលថា លោកស្រងាកចិត្តខ្លាំងណាស់ ពីព្រោះតំបន់លោកមានការរាតត្បាតជំងឺកូវីដ១៩យ៉ាងខ្លាំង។
ពួកមន្ត្រីបារាំងនិយាយអះអាងថា ពួកគេកំពុងធ្វើការដើម្បីឱ្យបានសម្រេចគោលដៅចាក់វ៉ាក់សាំងនេះឱ្យមនុស្សមួយលាននាក់ មិនហួសពីដំណាច់ខែមករា។ អាជ្ញាធរនិយាយថា ដើម្បីសម្រេចគោលដៅនេះ ពួកគេនឹងបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំង៦០០កន្លែង នៅទូទាំងប្រទេសមិនឱ្យហួសពីដំណាច់ខែនេះទេ។
លោក Olivier Veran រដ្ឋមន្ត្រីសុខាភិបាលបារាំង បានដោះស្រាយកង្វល់ទាំងនេះកាលពីថ្ងៃអង្គារទី៥ ខែមករា ដោយលោកបានសន្យាថា នឹងធ្វើឱ្យទាន់ប្រទេសឯទៀតៗក្នុងសហភាពអឺរ៉ុប។ លោក Veran និយាយថា រដ្ឋាភិបាលបារាំងនឹងពន្លឿននិងសម្រួលយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ។ នៅពេលនេះ ពួកអ្នកពន្លត់អគ្គីភ័យនិងពួកអ្នកថែទាំមនុស្សចាស់ជរានៅផ្ទះអាយុលើសពី៥០ឆ្នាំ នឹងទទួលវ៉ាក់សាំងនេះ។
រដ្ឋមន្ត្រីរូបនេះ ដែលមើលការខុសត្រូវលើការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា និយាយថានេះ ជាការប្រណាំងអចិន្ត្រៃយ៍មួយដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
ទោះណាជាការឆ្លើយតបនឹងការចាក់ថ្នាំនេះ ត្រូវបានសម្របសម្រួលនៅកម្រិតអឺរ៉ុបក៏ដោយក៏សមាជិកនីមូយៗក្នុងបណ្តាប្រទេសជាសមាជិកទាំងអស់២៧ ទទួលខុសត្រូវដល់ការបង្កើតយុទ្ធសាស្ត្ររបស់ខ្លួនផ្ទាល់។ ប្រទេសហូឡង់ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី៦ ខែមករា។
មកត្រឹមដើមខែមករា មានមនុស្សជាង៦ម៉ឺន ៥ពាន់នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសបារាំង នេះបើតាមទិន្នន័យនៃសាកលវិទ្យាល័យ Johns Hopkins៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ