ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិរុទ្ធជន​​ដែល​ប្តឹង​ឧទ្ធរណ៍​នៅ​ភ្នំពេញ​ត្រូវ​ឃុំ​នៅ​រាជធានី​​ឆ្ងាយ​ពីសាច់​ញាតិ


ទដ្ឋភាព​ខាង​ក្នុង​ពន្ធនាគារ​ព្រៃស ខែកក្កដា ឆ្នាំ​២០០៩
ទដ្ឋភាព​ខាង​ក្នុង​ពន្ធនាគារ​ព្រៃស ខែកក្កដា ឆ្នាំ​២០០៩
អ្នក​ទោស​ ដែល​ត្រូវ​បញ្ជូន​ពី​បណ្តា​ខេត្ត​នានា​ដើម្បី​មក​ការពារ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ មិន​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​របស់​ពួក​គេ​វិញ​ទេ។ ​

ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ចង់​វិលត្រឡប់​ទៅកាន់​មន្ទីរ​ឃុំឃាំង​ក្នុង​ខេត្ត​ដែល​ក្រុម​គ្រួសារ​សាច់ញាតិ​ពួកគេ​កំពុង​រស់នៅ​នោះ ​ពួកគេត្រូវ​បង់​ថ្លៃ​សេវា​រាប់​រយ​ដុល្លារ​អាមេរិក​ដល់​មន្ត្រី​ដឹក​ជញ្ជូន​របស់​ក្រសួង​មហាផ្ទៃ។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តី​ពី​«ការ​ដឹក​ជញ្ជូន​អ្នកទោស​មក​កាន់​សាលា​ឧទ្ធរណ៍​នៅ​កម្ពុជា»​ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូសម្រាប់​ឆ្នាំ​២០១៣​នេះ។​ របាយ​ការណ៍​នេះ​នឹង​ត្រូវ​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែ​ឧសភា។​

របាយ​ការណ៍​កម្រាស់​១៤​ទំព័រ​ជា​ភាសា​អង់គ្លេស​បាន​រៀបរាប់​ថា​ ក្រោយពី​អ្នកទោស​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាត់ទោស​នៅ​សាលា​ឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ​រួច​ហើយ​នោះ​ ពួក​គេ​នឹង​ត្រូវ​ផ្លាស់​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ក្រុង​ភ្នំពេញ​ ឬ​ក៏​ត្រូវ​ផ្លាស់​ទៅ​មន្ទីរ​ឃុំឃាំង​នៅ​គុកត្រពាំង​ថ្លុង ​ខេត្តកំពង់​ចាម​វិញ។​

ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទោស​មាន​បំណង​វិលត្រឡប់​ទៅ​ទទួល​ទោស​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​ពួក​គេ​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន​ចន្លោះ​ពី​២០០​ទៅ​៣០០​ដុល្លារ។ ​ផ្ទុយ​ទៅ​វិញ​អ្នក​ទោស​ភាគ​ច្រើន​មិន​មាន​លទ្ធភាព​បង់​ប្រាក់​នេះ​ទេ។​

អ្នកស្រី​ណាលី ​ភីឡូក ​នាយិកា​អង្គការ​លីកាដូ ​ថ្លែង​ថា​ ការ​បង់ថ្លៃដឹក​ជញ្ជូន​ក្នុង​រូប​ភាព​ណា​មួយ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ។​
«នេះ​គឺ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​នាំ​ជន​ជាប់​ចោទ​មក​កាន់​សវនាការ​និង​នាំ​ខ្លួន​ត្រឡប់​ទៅ​វិញ​ដោយ​ឥត​គិត​ថ្លៃ។​ រាល់​ការ​បង់​ប្រាក់​ទាំង​ឡាយ​គឺ​ជា​អំពើ​ខុស​ច្បាប់។ ​ប្រសិន​បើ​អ្នក​ទោស​មិន​បាន​ចូលរួម​ក្នុង​សវនការ​ នោះ​សាលក្រម​មិន​សូវ​យុត្តិធម៌​សម្រាប់​ពួក​គេ​ទេ ​ដោយ​សារ​ពួក​គេ​មិន​មាន​លទ្ធភាព​ការពារ​ខ្លួន​នៅ​សវនាការ​បាន»។​

របាយ​ការណ៍​ដដែល​បាន​រក​ឃើញ​ថា​ ការ​ដែល​មិន​បញ្ជូន​អ្នក​ទោសទៅ​មន្ទីរ​ឃុំឃាំង​នៅ​ខេត្ត​ពួក​គេ​វិញ​ធ្វើ​ឱ្យ​ពួក​គេ​មិន​មាន​លទ្ធភាព​ជួប​គ្រួសារ។​ ជាង​នេះ​ទៅ​ទៀត​ ក្រុម​គ្រួសារ​របស់​ពួក​គេត្រូវ​ចំណាយ​ថវិកា​ច្រើន​ដើម្បីធ្វើ​ដំណើរ​មក​ភ្នំពេញ។ ​អ្នក​ទោស​ដែល​អង្គការ​លីកាដូ​បាន​សម្ភាស​ភាគ​ច្រើន​ឆ្លើយ​ថា​ តាំង​ពីគេ​ត្រូវ​បាន​បញ្ជូន​មក​ភ្នំពេញ ​គ្រួសារ​គេ​បាន​មក​សួរ​សុខ​ទុក្ខពួកគេ​បាន​ត្រឹម​តែ​ម្តង​ ឬ​មិន​បាន​មក​ទាល់​តែ​សោះ​ ដោយសារ​បញ្ហា​ជីវភាព។​

ដោយ​សារ​មូលហេតុ​នេះ ​អ្នក​ទោស​ដែល​បម្រុង​ដាក់​បណ្តឹង​ឧទ្ធរណ៍ភាគ​ច្រើន​ដែល​អង្គកា​រ​លីកាដូ​បាន​សម្ភាស​ បាន​សម្រេច​ចិត្ត​បោះ​បង់​បំណង​ពួក​គេ​វិញ។​បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​នៅ​ឆ្នាំ​២០១៣​ឲ្យ​ដឹង​ថា​ ​អ្នក​ជាប់​បណ្តឹង​ឧទ្ធរណ៍​មានត្រឹម​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកទោសប្រហែល​ជិត​មួយ​ពាន់​នាក់ ​ដែលត្រូវ​បាន​បញ្ជូន​មក​កាត់​ក្តី​នៅ​សាលា​ឧទ្ធរណ៍។​

របាយ​ការណ៍​នេះ​ក៏​បាន​រក​ឃើញ​ថា​ នៅ​មន្ទីរ​ឃុំឃាំង​នៅ​ភ្នំពេញ ​ពួកគេ​ដែល​ផ្ទេរ​មក​នោះ ​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដូច​នៅ​មន្ទីរ​ឃុំឃាំង​ខេត្ត​នោះ​ទេ។​
ការណ៍​ដែល​មិន​បាន​ជួប​គ្រួសារ​ និង​មិន​ទទួល​បាន​ជំនាញ​វិជ្ជា​ជីវៈអាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ថ្មី​ បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ។​ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​អង្គការ​លីកាដូ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងលោក​គុយ ប៊ុនសន ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​ដើម្បី​សុំការ​បំភ្លឺ​ តែមិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ប៉ុន្តែ​មន្ត្រី​ម្នាក់​ នៅ​ឯ​នាយកដ្ឋាន​ប្រព្រឹត្តិកម្ម​ពន្ធធនាគារ​ ហើយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​ថ្លែង​ការពារថា ការ​ចេញ​ថ្លៃដឹក​ជញ្ជូន​នេះ​គឺ​ដើម្បី​ជួយ​ចំណាយ​លើ​ថ្លៃ​សាំងឡាន​តែ​ប៉ុណ្ណោះ។​
«នេះ​មិន​មែន​ជា​គោល​ការណ៍​តម្រូវ​ឱ្យ​បង់​ទេ។​ ប៉ុន្តែ​ពន្ធនាគារ​នៅ​ព្រៃ​ស​ហ្នឹង​ចង្អៀត។​ ដូច្នេះ​កាល​ណា​ដឹក​ឡើង​មក​ ហើយ​ដឹក​ទៅ​ខេត្ត​វិញ​ហ្នឹង​គឺ​យើង​អត់​មាន​ប្រេង​ដឹក​ទៅ​វិញ​ទេ​ ព្រោះ​មាន​មួយ​ចំនួន​នៅ​សៀមរាប ​ព្រះវិហារ​ និង​ខេត្ត​ឆ្ងាយៗ។ ​ដូច្នេះ​ពេល​ខ្លះ​ គាត់​ចង់​ទៅ​វិញ ​គាត់​សំណូម​ពរ​ឱ្យ​ខាង​ឡាន​ហ្នឹង​ដឹក​ទៅ​វិញ​ ហើយ​ជួយ​ចាក់​ប្រេង​ឱ្យ។​ ប៉ុន្តែ​បើ​តាម​គោល​ការណ៍​តម្រូវ​គឺ​អត់​មាន​ទេ»។​
មន្ត្រី​រូប​នេះ​ពន្យល់​បន្ថែម​ថា ​នេះ​ដោយសារ​មន្ទីរ​ឃុំឃាំង​នៅ​ភ្នំពេញ​ រួម​ទាំងនៅ​តាម​ខេត្ត​ផង ​សុទ្ធ​តែ​ផ្ទុក​លើស​ចំណុះ​ខ្លាំង ​ទើប​អាជ្ញាធរ​សម្រេច​ផ្ទេរ​ពួក​គេ​មួយ​ចំនួន​ទៅ​មន្ទីរ​ឃុំឃាំង​ត្រពាំង​ថ្លុង ​នៅ​ខេត្ត​កំពង់​ចាម​ ដែល​មិន​សូវ​លើស​ចំណុះ​ខ្លាំង។​

កាល​ពី​ឆ្នាំ​២០១០ ​ អង្គការ​លីកា​ដូ​បាន​ចេញ​របាយ​ការណ៍​មួយ​រួច​មក​ហើយ​ ដែល​បាន​បង្ហាញ​ថា ​អ្នក​ទោស​ដែល​នៅ​តាម​ខេត្ត​រាប់​រយ​នាក់​ ហើយ​ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ ​ត្រូវ​បាន​កាត់​ក្តី​កំបាំង​មុខ​ ដោយ​អាជ្ញាធរ​បាន​ថ្លែង​ថា ដោយសារ​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន ​និង​ខ្វះ​បុគ្គលិក។ ​អង្គការ​នេះ​រិះ​គន់​ថា​ ការ​ធ្វើដូច្នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍។​

បន្ទាប់​ពី​បាន​ចេញ​របាយ​ការណ៍​នៅ​ឆ្នាំ​២០១២​ អាជ្ញាធរ​ទទួល​ស្គាល់​ពី ​«កង្វះ​ខាត​ផ្នែក​សេវា» ​នេះ។ ​ត្រឹម​ឆ្នាំ​២០១២​ អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បានផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​ជាប់​ឃុំ​ចំនួន​៦១៩​នាក់​ ដែល​ភាគ​ច្រើន​មក​ពី​ខេត្ត​ មក​ចូលរួម​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍។​
ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១០​មក​ អង្គការ​លីកាដូ​កត់​សម្គាល់​ថា ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មាន​ភាព​រីក​ចម្រើន​តិច​តួច​ណាស់។​ អង្គការ​លីកាដូ​បាន​ផ្តល់​អនុសាសន៍​ថា ​តុលាការគួរ​បង្កើត​ឱ្យ​មាន​ការ​បើក​សវនាការឧទ្ធរណ៍​ជា​ក្រុម ​បង្កើត​សាលា​ឧទ្ធរណ៍​តាម​តំបន់​ និង​អនុញ្ញាត​ឱ្យ​មាន​ការ​សួរ​ចម្លើយ​តាម​ប្រព័ន្ធ​វីដេអូ​ (Video Conference)៕​
XS
SM
MD
LG