ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា លោកគាំទ្រការតវ៉ាដោយសន្តិវិធី ក៏ប៉ុន្តែបានព្រមានថាលោកនឹងមិនអនុញ្ញាតឲ្យមានស្ថានភាពអនាធិបតេយ្យច្របូកច្របល់ មិនគោរពច្បាប់បន្ថែមទៀតទេ។
ការតវ៉ាច្រើនឡើងបានផ្ទុះនៅក្រុង Minneapolis រដ្ឋមីនីសូតាកាលពីថ្ងៃសុក្រប្រឆាំងការស្លាប់លោក George Floyd។
លោក Floyd ជាបុរសស្បែកខ្មៅបានស្លាប់នៅថ្ងៃទី២៥ខែឧសភា បន្ទាប់ពីប៉ូលិសស្បែកសម្នាក់បានយកជង្គង់សង្កត់កគាត់ផ្ទប់នឹងដីជិត៨នាទី។
លោក Floyd គ្មានអាវុធ ដៃជាប់ខ្នោះ និងដែលខ្លាចស្លាប់បានអង្វរប៉ូលិសថា៖ «ខ្ញុំដកដង្ហើមមិនបានទេ»។
មន្រ្តីប៉ូលិសឈ្មោះ Derek Chauvin ដែលឥឡូវត្រូវឃាត់ខ្លួនបានរងការចោទប្រកាន់ពីបទឃាតកម្មកម្រិត៣ និងបទមនុស្សឃាតដោយអចេតនាកម្រិត២ដោយសារលោក Floyd បានស្លាប់។
លោកប្រធានាធិបតីដូណាល់ ត្រាំបានសុំឲ្យពន្លឿនការស៊ើបអង្កេតការស្លាប់លោក Floyd។
«យើងមានបាតុករអហិង្សា និងគាំទ្រសិទ្ធិបាតុករដោយសន្តិវិធី។ យើងមិនអាចបណ្តោយឲ្យស្ថានភាពដូចនៅក្រុង Minneapolis ទៅជាអនាធិបតេយ្យគ្មានច្បាប់ទម្លាប់និងចលាចលទៀតនោះទេ»។
សារតាមធ្វីតកាលពីថ្ងៃសុក្រដែលអ្នករិះគន់យល់ថា លើកតម្កើង «ហិង្សា» នោះ លោកត្រាំប្តេជ្ញាថា នឹងបញ្ជូនកងទ័ពទៅចាត់វិធានការ បើចាំបាច់។
លោកក៏និយាយឃ្លាថា «ពេលចោរកម្មចាប់ផ្តើម ការផ្ទុះអាវុធចាប់ផ្តើម»។ មេប៉ូលិសក្រុង Miami បានប្រើឃ្លានេះកាលពីទសវត្សរ៍១៩៦០ ដែលត្រូវចោទថា ជាល្បិចប្រកាន់ពូជសាសន៍។
ពួកអ្នករិះគន់ចោទថា លោកត្រាំពន្យុះហិង្សា។
លោក Keith Mayes នៃសាកលវិទ្យាល័យ Minnesota ថ្លែងថា៖ «លោកត្រាំកំពុងបញ្ឆេះការបែងចែកជាតិសាសន៍។ យើងកំពុងប្រឈមស្ថានភាពតានតឹងកាន់តែច្រើន តាំងពីលោកបានចូលកាន់តំណែងនៅឆ្នាំ២០១៦។ ក៏ប៉ុន្តែយើងប្រឈមស្ថានភាពដ៏គ្រោះថ្នាក់ដូចនេះរាប់រយឆ្នាំមកហើយ។ ដូច្នេះលោកជាអ្នកបញ្ឆេះ»។
អភិបាលរដ្ឋមីនីសូតា លោក Tim Walz ទទួលស្គាល់ថា សហគមន៍ស្បែកខ្មៅ មានការទង្គិះចិត្ត និងការឈឺចាប់ច្រើនទសវត្សរ៍មកហើយ តែលោកអំពាវនាវឲ្យបញ្ឈប់ការលួចប្លន់ និងអំពើហិង្សា។
លោកថ្លែងថា៖ «យើងមិនអាចមានអំពើនេះក្នុងសង្គមទេ ហើយខ្ញុំមិនឲ្យអំពើនេះលុបលាង ឬបង្វែរចំណាប់អារម្មណ៍ចេញពីស្នាមទុរយសដែលត្រូវដោះស្រាយគឺការរើសអើងពូជសាសន៍ជាមូលដ្ឋានដោយស្ថាប័ន ដែលបណ្តោយឲ្យបុរសម្នាក់ត្រូវគេសង្កត់កទាំងកណ្តាលថ្ងៃនោះទេ»។
ការតវ៉ាបានរាលដាលទូទាំងប្រទេស។ បាតុករម្នាក់ត្រូវឡានបុកនៅក្រុង Denver រដ្ឋកូឡូរ៉ាដូ។
មនុស្ស៧នាក់ត្រូវបានគេបាញ់នៅក្រុង Louisville រដ្ឋ Kentucky នៅពេលបាតុករទាមទារយុត្តិធម៌ឲ្យអ្នកស្រី Brenna Taylor ស្រ្តីស្បែកខ្មៅដែលត្រូវបានប៉ូលិសបាញ់សម្លាប់នៅពេលពួកគេចូលផ្ទះអ្នកស្រីកាលពីខែមីនា។
លោក Derrick Johnson នាយកប្រតិបត្តិសមាគមន៍ជាតិអភិវឌ្ឍន៍ជនជាតិភាគតិច ថ្លែងថា៖ «កាលពីដើម យើងធ្លាប់ដាក់ទង់ជាតិនៅមាត់បង្អួចដើម្បីបង្ហាញថា បុរសម្នាក់ត្រូវគេចងកសម្លាប់។ ឥឡូវយើងឈានដល់ស្ថានភាពដូចគ្នាដែលយើងត្រូវដាក់ទង់ជាតិម្តងទៀតនៅលើបណ្តាញសង្គមថា យើងទ្រាំលែងបានហើយ»។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបាននិយាយពីផ្ទះរបស់លោកនៅរដ្ឋ Deleware ថា ការបើកមុខរបួសចាស់នៃការប្រកាន់ពូជសាសន៍នាំឲ្យលោក Floyd ស្លាប់។
លោក Joe Biden ថ្លែងថា៖ «យើងមិនអាចធ្វើមិនដឹងបានទេ។ យើងមិនអាចនៅស្ងៀមតទៅទៀតទេ។ យើងមិនអាចស្តាប់ពាក្យ «ខ្ញុំមិនអាចដកដង្ហើមបាន» ហើយនៅស្ងៀមទៀតទេ»។
ពួកបាតុករ និងប៉ូលិសនៅតំបន់ដែលគេបិទនៅសហរដ្ឋអាមេរិកលើកអំពីកង្វល់ថា ការប្រមូលផ្តុំមនុស្សច្រើននឹងធ្វើឲ្យការឆ្លងមេរោគកូរ៉ូណាកើនឡើងយ៉ាងខ្លាំង៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន