ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ទាក់ទិន​ការ​ស្លាប់​របស់​លោក Floyd នៅ​បន្ត​ធ្វើ​ទូទាំង​សហរដ្ឋ​អាមេរិក


ប៉ូលិស​បំបែក​បាតុកម្ម​នៅ​តាម​ផ្លូវ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Los Angeles ក្នុង​បាតុកម្ម​លើ​ការ​ស្លាប់​របស់​លោក George Floyd។
ប៉ូលិស​បំបែក​បាតុកម្ម​នៅ​តាម​ផ្លូវ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Los Angeles ក្នុង​បាតុកម្ម​លើ​ការ​ស្លាប់​របស់​លោក George Floyd។

ក្រុម​អ្នក​តវ៉ា​បាន​ចេញ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​យប់​ទី ៦ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​បង្ហាញ​កំហឹង​របស់​ពួកគេ​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd និង​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ការ​តវ៉ា​ទាំង​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប៉ូលិស​នៅ​តាម​តំបន់​ជា​ច្រើន​អនុវត្ត​បម្រាម​គោចរ​នៅ​ពេល​យប់។

ទីក្រុង Los Angeles ទីក្រុង Chicago ទីក្រុង Miami ទីក្រុង Detroit និង​ទីក្រុង Philadelphia ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ជិត ៤០ ដែល​បាន​ដាក់​បទ​បញ្ជា​ហាម​ឃាត់​អ្នក​ដើរ​ក្បួន​តវ៉ា​មិន​ឲ្យ​តវ៉ា​បន្ទាប់ពី​មេឃ​ងងឹត។ អភិបាល​រដ្ឋ Texas និង​អភិបាល​រដ្ឋ Virginia បាន​ដាក់​រដ្ឋ​ទៅ​ក្នុង​ភាព​អាសន្ន។

អភិបាល​ក្រុង​ធំៗ​មួយ​ចំនួន​ដូចជា អ្នកស្រី London Breed នៃ​ទីក្រុង San Fancisco ជា​ដើម បាន​និយាយ​ថា បម្រាម​គោចរ​របស់​ពួកគេ​នៅ​ពេល​ឥឡូវ​នេះ​គឺ​គ្មាន​កាល​បរិច្ឆេទ​ផុត​កំណត់​ទេ។

អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​បែក​ផ្សែង ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា​ជាង ១ ពាន់​នាក់​ចេញ​ពី​ទីលាន Lafayette Park នៅ​ទល់​មុខ​នឹង​សេតវិមាន​ប្រធានាធិបតី។ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ពី​សាកលវិទ្យាល័យ Howard និង​បាន​ផ្ដោត​កំហឹង​របស់​ពួកគេ​លើ​ប៉ូលិស ដោយ​បាន​ស្រែក​បន្ទោរ​ថា «គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព គ្មាន​ប៉ូលិស​ប្រកាន់​ពូជសាសន៍»។

ការ​តវ៉ា​ដែល​បាន​រីករាលដាល​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នេះ ដំបូង​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota ដែល​ជា​កន្លែង​ដែល​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ អាយុ ៤៦ ឆ្នាំ បាន​ស្លាប់ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន បន្ទាប់ពី​ត្រូវ​បាន​ប៉ូលិស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​ផ្ទប់​ទៅ​នឹង​ថ្នល់​អស់​ជាង ៨ នាទី។

មន្ត្រី​ប៉ូលិស​ដែល​ប្រើ​ជង្គង់​សង្កត់​ពី​លើ​ក​របស់​លោក Floyd នោះ ឈ្មោះ Derek Chauvin។ ៤ ថ្ងៃ​ក្រោយ​មក មន្ត្រី​ប៉ូលិស​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី៣ និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​ទី២៕

XS
SM
MD
LG