លោក Joe Biden ដែលជាអ្នកដែលគេសន្មត់ថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់ក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស កុំឲ្យប្រើអំពើហិង្សា ស្របពេលដែលភាពចលាចលកំពុងតែរាលដាលឡើងនៅតាមទីក្រុងនានានៅក្នុងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍។
លោក Biden បានចេញសេចក្ដីប្រកាសដូចនេះ នៅពេលដែលក្រុមអ្នកតវ៉ានៅតាមទីក្រុងធំៗមួយចំនួននៅសហរដ្ឋអាមេរិកបានបញ្ចេញកំហឹងចំពោះការស្លាប់របស់លោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលបានស្លាប់ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសតាមអ៊ីម៉ែលដូច្នេះថា៖ «ការតវ៉ាចំពោះភាពឃោរឃៅដូចនេះគឺត្រឹមត្រូវ និងចាំបាច់។ ប៉ុន្តែការដុតបំផ្លាញសហគមន៍ និងការបំផ្លាញដែលមិនចាំបាច់នានាគឺមិនត្រឹមត្រូវនោះទេ»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកកំពុងរងការឈឺចាប់ ប៉ុន្តែយើងមិនត្រូវទុកឲ្យការឈឺចាប់នេះបំផ្លាញយើងនោះទេ»។
ការលើកឡើងរបស់លោក Biden នេះគឺស្របទៅតាមការលើកឡើងកាលពីថ្ងៃសៅរ៍របស់លោក John Lewis ដែលជាសកម្មជនសិទ្ធិពលរដ្ឋស្បែកខ្មៅដ៏ល្បីឈ្មោះម្នាក់ និងជាសមាជិករដ្ឋសភាប្រចាំរដ្ឋ Georgia៕