ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង


ប៉ូលិស​ហុងកុង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅកាន់​បាតុករ​នៅ​ក្នុង​ទីក្រុង​​Sai Wan ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ទិ​២៨ កក្កដា ឆ្នាំ២០១៩។
ប៉ូលិស​ហុងកុង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅកាន់​បាតុករ​នៅ​ក្នុង​ទីក្រុង​​Sai Wan ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ទិ​២៨ កក្កដា ឆ្នាំ២០១៩។

បាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​ពាន់នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​កណ្តាល​ទីក្រុង​ហុងកុង​នៅ​ថ្ងៃអាទិត្យ​ដោយ​ទាមទារ​ឱ្យ​មេដឹកនាំ​ក្រុង​ហុងកុង​ចុះចេញ​ពីតំណែង​និង​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​លើបាតុករ។​

ការតវ៉ា​បាន​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នៅ​សួន​ Chater ​ដែល​នៅ​សង្កាត់​ហិរញ្ញវត្ថុក្នុង​ទីក្រុង។​

ប៉ូលិស​បាន​បដិសេធ​សំណើ​សុំ​ដើរបាតុកម្មចម្ងាយ​ពីរគីឡូម៉ែត្រ​ឆ្ពោះទៅ​សួនរំលឹក​ដល់​លោក​ស៊ុន យ៉ាតសេន ប៉ុន្តែ​យ៉ាងហោច​ណាស់​មាន​បាតុករ​ខ្លះ​បាន​ជំរុលទៅមុខ​ដែល​អាច​នឹង​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​បាតុករ​និង​ប៉ូលិស។​

ការប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស​កាលពីថ្ងៃ​សៅរ៍​បាន​នាំ​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន​មនុស្ស​១១នាក់​និង​មាន​មនុស្ស​យ៉ាងហោចណាស់​ជាង​២០​នាក់​បាន​រងរបួស​នៅ​សង្កាត់មួយដែលក្បែរ​ព្រំដែន​ដីគោក។

ទីក្រុង​ហុងកុង​ជួប​នឹង​វិបត្តិ​នយោបាយ​ដ៏អាក្រក់​បំផុត​ចាប់តាំងពី​ប្រគល់​ឱ្យ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៩៧។ កាលពេលមុន​មាន​បាតុករ​ជាច្រើន​លាននាក់​បាន​ធ្វើ​បាតុកម្ម​ចំនួន​ពីរដងប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​បត្យាប័ន ​រហូតដល់​សេចក្តី​ព្រាងច្បាប់​នោះ​ត្រូវបាន​អភិបាល​ក្រុង​ហុងកុង​ប្រកាស​ព្យួរចោល​ដោយ​គ្មានពេល​កំណត់។ សេចក្តីព្រាង​ច្បាប់​នោះ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បញ្ជូនជន​សង្ស័យ​ពីបទ​ឧក្រិដ្ឋ​កម្ម​ទៅ​ទទួល​ការកាត់​ទោស​នៅ​ប្រទេស​ចិន។ មានពលរដ្ឋ​ជាច្រើន​បាន​ជះកំហឹង​ដាក់​ប៉ូលិស។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែកនិង​គ្រាប់កំាភ្លើង​ជ័រ​ប្រឆាំ​ង​នឹង​បាតុករ​ដែល​មាន​តែ​ឆ័ត្រ​និង​ដបប្លាស្ទិក​ដើម្បី​ប្រឆាំង​នឹង​ប៉ូលិស​ប៉ុណ្ណោះ។ ការប៉ះទង្គិច​គ្នា​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស៕

XS
SM
MD
LG