ចិនបានចេញការក្រើនរំឭកដ៏សោះកក្រោះមួយនៅថ្ងៃពុធនេះថា កងទ័ពរបស់ខ្លួនអាចត្រូវដាក់ពង្រាយនៅក្នុងទីក្រុងប៉េកាំង ប្រសិនបើពួកអាជ្ញាធរទីក្រុងនោះស្នើសុំការជួយឧបត្ថម្ភដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីការតវ៉ាប្រឆាំងដោយហិង្សាអស់រាប់សប្តាហ៍មក។
ទីក្រុងហុងកុងបានធ្លាក់ចូលក្នុងវិបត្តិដ៏អាក្រក់នៅពេលថ្មីៗនេះបន្ទាប់ពីបាតុកររាប់លាននាក់បានចេញមកតាមផ្លូវនានា ហើយមានការប្រឈមមុខដោយហិង្សាម្តងកាលរវាងប៉ូលិសនិងក្រុមបាតុករទទឹងរឹងរូសមួយចំនួនតូច។
បាតុកម្មបានកើតមានឡើងដោយសារសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលនឹងអនុញ្ញាតិឲ្យធ្វើបត្យាប័នអ្នកមានទោសទៅកាន់ប្រទេសចិនដីគោក ក៏ប៉ុន្តែបានវិវត្តន៍ទៅជាការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់តាមបែប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។
រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកបាតុកម្មនេះជា «អំពើហិង្សាខុសច្បាប់» ក៏ប៉ុន្តែបានទុកឲ្យរដ្ឋាភិបាលរបស់ទីក្រុងពាក់កណ្តាលស្វ័យភាពនោះដោះស្រាយស្ថានភាពដោយខ្លួនឯង។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារប្រទេសចិន បាននិយាយនៅឯសន្និសីទកាសែតនៅក្នុងទីក្រុងប៉េកាំងថា ក្រសួងការពារប្រទេសចិនបានតាមដានយ៉ាងដិតដល់ដល់ស្ថានភាពនៅក្នុងទីក្រុងហុងកុង។
នៅពេលសួរថាតើក្រសួងការពារប្រទេសនឹងដោះស្រាយស្ថានភាពនៅក្នុងទីក្រុងនោះយ៉ាងដូចម្តេច លោក Wu បាននិយាយថា មានការចែងយ៉ាងច្បាស់នៅក្នុងមាត្រាទី១៤របស់ច្បាប់ទីក្រុងហុងកុង ក៏ប៉ុន្តែមិនបាននិយាយលម្អិតទេ។
តាមមាត្រានោះ អាជ្ញាធរក្រុងហុងកុងអាចសើ្នសុំរដ្ឋាភិបាលកណ្តាលនូវជំនួយឧបត្ថម្ភឲ្យដាក់ពង្រាយកងទ័ពដើម្បីរក្សាសន្តាប់ធ្នាប់សាធារណៈនិងជួយផ្តល់ជំនួយសង្គ្រោះ «នៅពេលចាំបាច់»។
នេះជាលើកទីមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយជាសាធារណៈដល់លទ្ធភាពនៃការដាក់ពង្រាយកងទ័ពរំដោះប្រជាជនឬ PLA ដើម្បីដោះស្រាយភាពចលាចលនៅក្នុងទីក្រុងហុងកុង៕