អង្គការសិទ្ធិមនុស្សស៊ីមបាវ៉េ ថ្កោលទោសអំពើហិង្សាក្រោយការបោះឆ្នោតសកម្មជនសិទ្ធិមនុស្សស៊ីមបាវ៉េកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសសកម្មភាពរបស់ពួកយោធានៅក្នុងអំពើហឹង្សាក្រោយការបោះឆ្នោតដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៦នាក់ដែរស្លាប់ហើយ១៤នាក់ទៀតរងរបួសនៅក្នុងរដ្ឋធានីហារ៉ារ៉េ នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតជាតិបានសន្យាថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលគេរង់ចាំយ៉ាងខ្លាំងនោះ នឹងចេញផ្សាយនៅពេលឆាប់ៗនេះ។
លោក Emmanuel Magadeប្រធានគណៈកម្មការរៀបចំការបោះឆ្នោតស៊ីមបាវ៉េនៅពេលគេសួរថាតើហេតុអ្វីបានជាលទ្ធផលនៃការបោះឆ្នោតមិនបានប្រកាស លោក និយាយថា «មិនមានល្បិចកលជាដាច់ខាត»។ មន្រ្តីបាននិយាយថា តាមផ្លូវច្បាប់ ពួកគេមានពេលវេលារហូតដល់ថ្ងៃទី៤ ខែសីហាដើម្បីបញ្ចេញលទ្ធផលនៃការបោះ ឆ្នោត ហើយបានសន្យាថា ពួកគេនឹងចេញផ្សាយលទ្ធផលបោះឆ្នោតនោះនៅពេលឆាប់ៗនេះ។
លោក Nelson Chamisa មេដឹកនាំគណបក្សប្រឆាំងបានប្រកាន់ជំហរយ៉ាងរឹងមាំប៉ុន្មានម៉ោងមុនសេចក្តីប្រកាសបានមកដល់។ លោក Chamisa នៅតែនិយាយថា លោកបានឈ្នះការបោះឆ្នោតនោះ។
មេដឹកនាំគណបក្សប្រឆាំងនោះនិយាយថា «គេ មិនអាចលួចបន្លំការបោះឆ្នោតឬបំភ្លៃការបោះឆ្នោតនេះទេ»។
នៅពេលគេសួរថា តើលោកនឹងធ្វើយ៉ាងដូចម្តេច បើលទ្ធផលនៃការបោះឆ្នោតនោះ មិនបានចេញទៅតាមការពេញចិត្តរបស់លោកនោះ។ លោកបាននិយាយថា «យើងនឹងធ្វើកិច្ចការយ៉ាងច្រើនទៅតាមផ្លូវច្បាប់និងរដ្ឋធម្មនុញ្ញ»។ នៅពេលសួរថា តើលោក មានទាក់ទងជាមួយប្រធានាធិបតី Emmerson Mnangagwa ដែឬទេ ដូចដែលប្រធានាធិបតីបានប្រាប់នៅលើសារតាមប្រព័ន្ធTwitterនោះ លោក Chamisa បានបដិសេធអំពីបញ្ហានេះ៕