មនុស្ស២នាក់បានត្រូវគេបាញ់សម្លាប់នៅក្នុងរដ្ឋធានីនៃប្រទេសស៊ីមបាវ៉េកាលពីថ្ងៃពុធនៅពេលដែលទាហាននិងប៉ូលិសបានបាញ់ទៅលើពួកបាតុករដែលទាមទារឲ្យបញ្ចេញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។
ពលរដ្ឋស៊ីមបាវ៉េ កំពុងរងចាំដោយអន្ទះសារចំពោះការរាប់សន្លឹកឆ្នោតកាលពីថ្ងៃចន្ទ ដែលនេះជាលើកទីមួយនៃការបោះឆ្នោតក្នុងរយៈពេល៣៨ឆ្នាំដោយមិនមានវត្តមានមេដឹកនាំយូរអង្វែងគឺលោក Robert Mugabe នៅលើសន្លឹកឆ្នោត។ លោក Nelson Chamisa មេដឹកនាំគណបក្សប្រឆាំងថា ខ្លួនកំពុងអះអាងទទួលបានជ័យជម្នះលើលោក Emmerson Mnangagwa ប្រធានាធិបតីនៃពេលបច្ចុប្បន្ននេះ។
បាតុករបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធនៅខាងក្រៅការិយាល័យរបស់គណៈកម្មាការរៀបចំការបោះឆ្នោត។ អំពើហឹង្សាក៏រាលដាលកាន់តែធំឡើង។ រថយន្តបាញ់ទឹករបស់ប៉ូលិសលើកដំបូងបានទៅដល់ការិយាល័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតហើយបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករ។ ពួកបាតុករបានចោលដុំថ្ម ហើយនឹងចាប់ផ្តើមបាញ់រះនៅតាមផ្លូវ។
បន្ទាប់មក កងទ័ពបានបង្ហាញខ្លួននៅក្នុងរថយន្តពាសដែកនៅលើមហាវិធីដ៏សំខាន់មួយនៅក្នុងរដ្ឋធានីហារ៉ារ៉េ ហើយឧទ្ធម្ភាគចក្របានហោះពីលើក្បាល។ VOA បានឃើញរថពាសដែកចំនួន៥គ្រឿងបំពាក់ទៅដោយអាវុធទំនើបៗដែលកំពុងបើកនៅលើដងផ្លូវដែលពោរពេញទៅដោយដុំថ្មធំៗរាយប៉ាយពាសពេញ។ គេបានឮស្នូរកាំភ្លើងពីចម្ងាយ។
VOA បានឃើញទាហាន៣នាក់ប្រើប្រាស់ដំបងវាយដំបុរសក្មេងម្នាក់ អ្នកឃើញហេតុការណ៍ផ្សេងទៀតបានរាយការណ៍ថា ពួកគេបានឃើញបុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ហើយស្ត្រីម្នាក់បានដួលផ្កាប់មុខដោយមានស្នាមគ្រាប់កាំភ្លើងបាញ់ចំពីក្រោយ៕