រដ្ឋអាជ្ញាសហព័ន្ធគ្រោងនឹងស្វះស្វែងរកការចោទប្រកាន់ពីមហាគណៈវិនិច្ឆ័យលើកូនប្រុសលោកប្រធានាធិបតី Joe Biden គឺលោក Hunter Biden មុនដំណាច់ខែនេះ។ នេះបើយោងតាមឯកសារក្នុងសំណុំរឿងក្តី ដាក់ជូនតុលាការកាលពីថ្ងៃពុធ ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP។
ការដាក់ឯកសារនេះ ធ្វើឡើងក្នុងសំណុំរឿងកាន់កាប់កាំភ្លើង ដែលលោក Hunter Biden ត្រូវបានចោទប្រកាន់ថាមានកាំភ្លើងក្នុងអំឡុងពេលលោកប្រើប្រាស់គ្រឿងញៀន ទោះបីជាក្រុមរដ្ឋអាជ្ញាមិនបាននិយាយចំថា តើពួកគេនឹងស្វែងរកបទចោទណាមួយឱ្យពិតប្រាកដក៏ដោយ។ លោក Hunter កំពុងត្រូវបានស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាសហព័ន្ធចំពោះការធ្វើជំនួញរបស់លោក។
ក្រុមរដ្ឋអាជ្ញា ក្រោមការដឹកនាំរបស់រដ្ឋអាជ្ញាអមសាលាដំបូងថ្នាក់ជាតិប្រចាំរដ្ឋ Delaware លោក David Weiss ដែលទើបត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេស ឱ្យកាន់សំណុំរឿងក្តីនេះ បាននិយាយថា ពួកគេរំពឹងថា នឹងមានការចោទប្រកាន់មួយនៅមុនថ្ងៃទី ២៩ ខែកញ្ញានេះ។
តែក្រុមមេធាវីរបស់លោក Hunter Biden បានលើកទឡ្ហីករណ៍ថា រដ្ឋអាជ្ញាត្រូវបានហាមមិនឱ្យចោទប្រកាន់បន្ថែម ដោយសារតែមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរក្នុងសំណុំរឿងក្តីទាក់ទងនឹងកាំភ្លើងនេះ។ ការព្រមព្រៀងគ្នានេះ មានលក្ខខណ្ឌមួយឱ្យរួចផុតពីការចោទប្រកាន់សហព័ន្ធចំពោះលទ្ធភាពនៃបទឧក្រិដ្ឋផ្សេងទៀត។
មេធាវីការពារក្តីគឺលោក Abbe Lowell និយាយថា លោក Hunter Biden បានគោរពលក្ខខណ្ឌនៃការព្រមព្រៀងគ្នានោះ រួមទាំងការចុះមកពិនិត្យជាទៀងទាត់ពីការិយាល័យព្យួរទោសសាកល្បងផងដែរ៕