ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ពិភាក្សា​លើ​ការ​បន្ត​កាត់​ក្តី​មេដឹកនាំ​ខ្មែរក្រហម


ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម និង នួន ជា ​អតីត​​មេ​មនោគមវិជ្ជា​ខ្មែរក្រហម​នៅ​ក្នុង​សាលសវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៣។
ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម និង នួន ជា ​អតីត​​មេ​មនោគមវិជ្ជា​ខ្មែរក្រហម​នៅ​ក្នុង​សាលសវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៣។
ព្រះរាជ​អាជ្ញា​និង​ចៅក្រម​នៅ​តុលាការ​ខ្មែរ​ក្រហម​បាន​បង្ហាញ​ការ​មិន​ចុះ​សម្រុង​គ្នា​ជុំ​វិញ​ការ​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​បើក​សវនាការ​លើ​សំណុំរឿង​០០២​វគ្គ​ទី​២​ដែល​នឹង​ត្រូវ​កាត់​បន្ត​ទៀត​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប​ដែល​នៅ​មាន​ជីវិត។ ការ​ខ្វែង​មតិ​គ្នា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ខ្លួន​នៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​នីកូឡាស គុមជាន ​(Nicholas Koumjian) ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​អាមេរិកាំង​ដែល​ត្រូវ​បាន​តែងតាំង​ជា​ផ្លូវការ​ដោយ​អង្គការ​សហ​ប្រជាជាតិបាន​ជំរុញ​ការ​បើក​សវនាការ​លើ​សំណុំរឿង​០០២វគ្គ​ទី​២​ឱ្យ​ឆាប់ៗ ​ក្រោម​ហេតុ​ផល​នៃ​ភាព​ចាស់​ជរា​របស់​ជនជាប់​ចោទ ​និង​សារៈសំខាន់​នៃ​សំណុំរឿង​នេះ។

«ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​៣០​ទៅ​៤០​ឆ្នាំ​រួច​មក​ហើយ​នោះ ​គឺ​ថា​ជនជាប់​ចោទ​គាត់​មាន​វ័យ​ចំណាស់ ​ហេតុ​ដូច្នេះ​ហើយ​យើង​គួរ​តែ​រៀបចំ​សវនាការ​ជំនុំ​ជម្រះ​ឱ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​ម្យ៉ាង​ទៀត​ការ​ដំណើរ​ក្តី​កាន់​តែ​លឿន​នឹង​ជួយ​កាត់​បន្ថយ​ចំណាយ។ ខ្ញុំ​គិត​ថា​វា​ចំណាយ​ពេល​មួយ​រយៈ​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​នេះ​និង​បកប្រែ​ឯកសារ​ជា​ដើម​ ដូច្នេះ​ការងារ​នេះ​វា​តម្រូវ​ឱ្យ​យើង​មាន​ការ​ប្រឹងប្រែង​ខ្លាំង​ណាស់»។

ការ​ពិភាក្សា​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គជំនុំ​ជម្រះ​ជាន់​ទាប​នេះ​បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា។ សំណុំរឿង​០០២​វគ្គ​ទី​២ គឺ​ជា​ការ​ជំនុំ​ជម្រះ​ដំណាក់កាល​ទី​ពីរ​ប្រឆាំង​នឹង​ នួន ជា និង ខៀវ សំផន។ ចំពោះ​វិសាលភាព​នៃ​សំណុំរឿង​នេះ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ​ប៉ុន្តែអង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរ​ក្រហម ​បាន​បង្គាប់​នា​ពេល​ថ្មីៗ​នេះ​ថា​បទ​ចោទ​ដែល​ត្រូវ​យក​មក​ដាក់​បញ្ចូល​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២​នេះ ​ត្រូវ​ដាក់​បញ្ចូល​យ៉ាង​ហោច​ណាស់​នូវ​ បទ​ប្រល័យ​ពូជសាសន៍ ​ការដ្ឋាន​មួយ​កន្លែង ​សហករណ៍​មួយ​កន្លែង ​និង​បទ​ចោទ​ទាក់ទឹន​នឹង​មន្ទីរ​សន្តិសុខ​ ស ២១​ នៅ​ក្រុង​ភ្នំពេញ។

លោក Nicholas Koumjian ​បាន​ស្នើ​ឱ្យ​តុលាការ​បើក​សវនាការ​លើ​សំណុំ​រឿង​០០២​វគ្គ​ទី​២​នៅ​ខែ​ចុង​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ​និង​កំណត់​រយៈពេល​៩៨​ថ្ងៃ​ដើម្បី​បញ្ចប់​សំណុំរឿង​នេះ។

ប៉ុន្តែ​លោកស្រី​ Silvia Cartwright ​ចៅក្រម​អន្តរជាតិ​បាន​ទទូច​ឱ្យ​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​របស់​លោក​ Nicholas Koumjian ​ពិចារណា​លើ​សំណើ​ការ​កំណត់​កាល​បរិច្ឆេទ​របស់​ខ្លួន​ឡើង​វិញ ដោយ​ផ្អែក​លើ​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​ថ្មី​នេះ។

ចំណែក​ឯ​លោកស្រី​ Anta Guisse ​មេធាវី​ការពារ​លោក​ខៀវ សំផន ​បាន​ស្នើ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​បើក​សវនាការ​សំណុំរឿង​០០២​វគ្គ​ទី​២ ​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​ទី​១ ​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៤។

លោក​ឡុង​ បញ្ញាវុធ​ ប្រធាន​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ចាត់​ទុក​ការ​ពន្យាពេល​របស់​សហចៅក្រម​និង​មេធាវី​ថា​ជា​«កង្វះ​ឆន្ទៈ»​មួយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

«កាយ​វិការ​របស់​តុលាការ​ដំបូង​បង្ហាញ​ថា​ទីមួយ​ខ្លួន​អ​សកម្ម ទី​ពីរ​មិន​មាន​សេចក្តី​សម្រេច​ណា​ជាក់​លាក់​ទាក់ទង​នឹង​ផែនការ​របស់​ខ្លួន​ទាក់ទង​ការ​កាត់​សំណុំ​រឿង​០០២​វគ្គ​ទី​២។ នេះ​ជា​ការ​មួយ​ដ៏​សោក​ស្តាយ​ហើយ​អ្វី​ដែល​សាធារណជន​ចង់​បាន​គឺ​ពេល​វេលា ពេល​ណា​ដែល​សំណុំ​រឿង​០០២​វគ្គ​ទី​២​នេះ​អាច​ធ្វើ​ទៅ​កើត»។

កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​តុលាការ​ខ្មែរ​ក្រហម​ជុំ​វិញ​ការ​រៀបចំ​សវនាការ​លើ​សំណុំរឿង​០០២​វគ្គ​ទី​ពីរ​នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​ស្អែក​ទៀត​ដោយ​ផ្តោត​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ​វិសាលភាព​និង​កាល​បរិច្ឆេទ​សវនាការ​សម្រាប់​សំណុំរឿង​ថ្មី​នេះ។

សំណុំ​រឿង​០០២​មាន​ជនជាប់​ចោទ​ចំនួន​បួន​នាក់​ប៉ុន្តែ​ជនជាប់​ចោទ​ដែលនៅ​រស់​រាន​មាន​ជីវិត​មាន​តែ​នួន ​ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ដែល​គេស្គាល់​ថា​ជា​មេមនោគមវិជ្ជា​នៃ​របប​នោះ​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។ ដោយឡែក​អៀង ​សារី​ បាន​ស្លាប់​កាល​ពី​ដើម​ឆ្នាំ​នេះដោយសារ​ជំងឺ​និង​វ័យ​ចាស់​ជរា​និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​លែង​ដឹង​អី្វ។

នួន ​ជា​ នៅ​ពេល​នេះ​មាន​អាយុ​៨៧ឆ្នាំ ​រីឯ​ខៀវ ​សំផន ​មាន​អាយុ​៨២​ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG