រដ្ឋអាជ្ញាបានចោទប្រកាន់ប៉ូលិសបីនាក់ទៀត កាលពីថ្ងៃពុធ នៅក្នុងករណីស្លាប់របស់លោក George Floyd ហើយបានចោទប្រកាន់បទចោទថ្មីមួយទៀតលើលោក Derek Chauvin ដែលជាជនជាប់ចោទចម្បងក្នុងករណីនេះ។
ការសម្រេចចោទនេះបានផ្តល់ជាស្មារតីជ័យជម្នះមួយដល់ក្រុមបាតុករដែលបានចេញតវ៉ាតាមដងផ្លូវប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស និងអយុត្តិធម៌ជាតិសាសន៍នៅតាមទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក។
លោក Derek Chauvin បានរងបទចោទប្រកាន់ធ្ងន់ធ្ងរជាងគេ បន្ទាប់ពីវីដេអូឃ្លីបនៃហេតុការណ៍ឃាត់ខ្លួនលោក Floyd បានបង្ហាញឲ្យឃើញថា លោក Chauvin បានដាក់ជង្គង់សង្កត់លើករបស់លោក Floyd។ បទចោទប្រកាន់ធ្ងន់ធ្ងរនោះ គឺបទឃាតកម្មកម្រិតទីពីរ ដែលជាបទឃាតកម្មដោយចេតនាដោយមិនបានគិតទុកជាមុន ដែលលោក Chauvin ត្រូវការពារខ្លួននៅមុខតុលាការ។
មន្ត្រីប៉ូលិសបីនាក់ទៀត ដែលមានវត្តមានក្នុងករណីកើតហេតុនោះ ត្រូវបានចោទប្រកាន់ពីបទជួយ និងសមគំនិតក្នុងអំពើឃាតកម្មកម្រិតទី២ និងមនុស្សឃាតកម្រិតទី២។ មន្ត្រីប៉ូលិសទាំងបួននាក់នេះ ត្រូវបានបញ្ឈប់ពីការងារកាលពីសប្តាហ៍កន្លងទៅ។ បើសិនជារកឃើញថាមានទោស ពួកគេអាចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដល់ទៅ ៤០ ឆ្នាំ។
ដំបូងឡើយ លោក Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី ៣ និងមនុស្សឃាតកម្រិតទី២។ បទចោទទាំងពីរនេះត្រូវបានចោទលើរូបលោកដដែល។
បទចោទប្រកាន់ថ្មី គឺបទឃាតកម្មកម្រិតទី២ នេះ បានចោទថា លោក Chauvin បានធ្វើឲ្យលោក Floyd ស្លាប់ដោយអចេតនា ខណៈមន្ត្រីប៉ូលិសរូបនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មមួយទៀត គឺអំពើហិង្សាកម្រិតទី៣។ បទឧក្រិដ្ឋនេះអាចប្រឈមនឹងការជាប់ពន្ធនាគារយូរបំផុត ៤០ ឆ្នាំ បើធៀបនឹងទោសជាប់ពន្ធនាគារយូរបំផុត ២៥ ឆ្នាំ សម្រាប់បទឃាតកម្មកម្រិតទី៣។
មន្ត្រីប៉ូលិសបីនាក់ផ្សេងទៀត រួមមានលោក Thomas Lane លោក J. Kueng និងលោក Tou Thao ត្រូវប្រឈមនឹងការដាក់ទោសសម្រាប់បទជួយ និងបទសមគំនិត។ ពួកគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃពុធកន្លងទៅ។ រីឯលោក Chauvin ត្រូវបានឃាត់ខ្លួនកាលពីសប្តាហ៍មុន ហើយកំពុងត្រូវបានឃុំខ្លួនផងដែរ។
សេចក្តីសម្រេចចោទប្រកាន់របស់ក្រុមរដ្ឋអាជ្ញា លើមន្ត្រីប៉ូលិសបីនាក់ទៀត និងបទចោទប្រកាន់ថ្មីមួយទៀតលើលោក Chauvin កើតឡើងបន្ទាប់ពីមានការធ្វើបាតុកម្មក្នុងរយៈពេលជាងមួយសប្តាហ៍ ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់សហរដ្ឋអាមេរិក។
ការធ្វើបាតុកម្មទាំងនោះដែលភាគច្រើនអហិង្សា បានកើតមានឡើងនៅតាមសហគមន៍ជាច្រើន ក៏ប៉ុន្តែនៅក្នុងនោះក៏មានអំពើហិង្សាកើតឡើងតាមកន្លែងផងដែរ ដូចជាការវាយប្រហារលើមន្ត្រីប៉ូលិស ការគាស់លួច និងការដុតបំផ្លាញនៅតាមទីកន្លែងខ្លះ។
នៅទូទាំងសហរដ្ឋអាមេរិក មនុស្សជាង ៩ ពាន់នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបង្កចលាចល។ យ៉ាងហោចណាស់ មនុស្ស ១២ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ខណៈស្ថានការណ៍ឃាត់ខ្លួននៅក្នុងករណីជាច្រើនទៀត កំពុងត្រូវបានកំណត់ជាបន្តបន្ទាប់៕