ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​រដ្ឋ​អាជ្ញា​បង្កើន​បទ​ចោទ​លើ​មន្ត្រី​ប៉ូលិស​ម្នាក់​និង​ចោទ​ប្រកាន់​​មន្ត្រី​៣នាក់​ទៀតទាក់ទិនការ​ស្លាប់​របស់​ George Floyd


រូបឯកសារ៖ លោក Keith Ellison អគ្គ​រដ្ឋ​អាជ្ញា​ប្រចាំ​រដ្ឋ​មីនីសូតា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd នៅទីក្រុង St. Paul រដ្ឋមីនីសូតា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Keith Ellison អគ្គ​រដ្ឋ​អាជ្ញា​ប្រចាំ​រដ្ឋ​មីនីសូតា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd នៅទីក្រុង St. Paul រដ្ឋមីនីសូតា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

លោក Keith Ellison អគ្គ​រដ្ឋ​អាជ្ញា​ប្រចាំ​រដ្ឋ​មីនីសូតា (Minnesota) នឹង​បង្កើន​បទ​ចោទប្រកាន់​លើ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ គឺ​លោក Derek Chauvin ក្រោយ​ពី​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី២ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក​ម្នាក់ គឺ​លោក George Floyd។

បន្ថែម​លើ​នេះ អគ្គ​រដ្ឋ​អាជ្ញា​ប្រកាសពីការចោទ​ប្រកាន់​លើ​មន្ត្រី​ប៉ូលិស​បី​នាក់​ផ្សេង​ទៀត​ ដែលបាន​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​លោក Floyd ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​អហិង្សា និង​ហិង្សា នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។ នេះ​បើ​យោង​តាម​កាសែត Star Tribune ដែល​ជា​កាសែត​ដ៏​ធំ​ជាគេ​បង្អស់​ប្រចាំ​រដ្ឋមីនីសូតា។

លោក George Floyd អាយុ​៤៦ឆ្នាំ បាន​ស្លាប់​បន្ទាប់​ពី​លោក Derek Chauvin អតីត​មន្ត្រី​ប៉ូលិស​ស្បែក​ស​ បាន​សង្កត់​ជង្គង់​របស់​លោក លើ​ក​របស់​លោក Floyd ក្នុង​រយៈពេល​ជាង ៨នាទី កាលពី​ថ្ងៃ​ទី២៥​កន្លងទៅ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​សារ​ជា​ថ្មី​ម្តង​ទៀត​ លើ​អំពើ​សាហាវ​ឃោរឃៅ​របស់​ប៉ូលិស​លើ​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ​ដែល​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​មួយ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​នេះ​កើត​ឡើងរយៈពេល​ ៥ ខែ​ មុន​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី ឈាន​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក Derek Chauvin អាយុ​៤៤ឆ្នាំ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ និង​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​ទី៣ និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​ទី​២ កាលពី​សប្តាហ៍​មុន។ បទ​ឃាតកម្ម​កម្រិត​ទី២ ដែល​ជាការបង្កើន​បទ​ចោទ​ប្រកាន់ពីបទឃាតកម្មកម្រិតទី៣ អាច​ឲ្យ​អតីត​មន្ត្រី​ប៉ូលិស​រូប​នេះ​ ជាប់​ពន្ធនាគារ​រយៈពេល​យ៉ាង​ហោច​ណាស់ ៤០ ឆ្នាំ គឺ​ ១៥ ឆ្នាំ​ លើស​ពី​ទម្ងន់​ទោស​សម្រាប់​បទ​ឃាតកម្ម​កម្រិតទី​៣។ ​

មន្ត្រី​ប៉ូលិស​បីនាក់​ផ្សេង​ទៀត​រួម​មាន​លោក Thomas Lane លោក J. Alexander Kueng និង​លោក Tou Thao ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក Floyd ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ជួយ និង​រួម​គំនិត​ក្នុង​អំពើ​ឃាតកម្ម។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កាសែត Star Tribune បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន។​

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​ការិយាល័យ​របស់​លោក​អគ្គ​រដ្ឋអាជ្ញា Ellison នៅ​ឡើយ​ទេ។ មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​បីនាក់ ​ដែលត្រូវបាន​ចោទ​ប្រកាន់​ មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ​

ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងទៅ​នេះ ក្រុម​បាតុករ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ប៉ូលិស​ទាំង​បី​នាក់​នេះ ខណៈ​ពួកគេ​បន្ត​ការ​ដើរ​ក្បួន​បង្ហាញ​ក្តី​ខឹង​សម្បារ​របស់​ពួកគេ ​ដែល​ក្នុង​ករណី​ខ្លះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ និង​ការ​គាស់​លួច​ជា​ច្រើន​នៅ​តាម​ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG