រថយន្តយោធាមួយគ្រឿង ដែលមានទំហំធំអាចដឹកគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីប (ballistic) ត្រូវបានគេប្រទះឃើញនៅក្នុងទីតាំងនៃការហ្វឹកហាត់ដើរក្បួនក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការឲ្យដឹងរបស់អង្គការស្រាវជ្រាវរបស់អាមេរិកមួយ ដែលនេះជាភស្តុតាងថ្មីចុងក្រោយ ដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចប្រើប្រាស់វាសម្រាប់ដាក់បង្ហាញពីបច្ចេកវិទ្យាគ្រាប់មីស៊ីលរបស់ខ្លួន នៅក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍នយោបាយខាងមុខ។
គេហទំព័រព័ត៌មានដែលផ្តោតលើប្រទេសកូរ៉េខាងជើងមួយ ដែលមានឈ្មោះថា 38 North បានឲ្យដឹងថា រូបភាពពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារបង្ហាញថា រថយន្តយោធាដែលដឹកគ្រាប់មីស៊ីលនោះ ត្រូវបានគេប្រទះឃើញនៅលើទីតាំងហ្វឹកហាត់ក្បួនព្យុហយាត្រា Mirim នៅជាយក្រុងព្យុងយ៉ាង ដែលនៅទីនោះប្រទេសកូរ៉េខាងជើងកំពុងហាត់សមព្យុហយាត្រាយោធាដ៏ធំរបស់ខ្លួន។
រូបភាពពីផ្កាយរណបនេះបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងត្រៀមរៀបចំកម្មវិធីព្យុហយាត្រាដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលកំពុងគ្រប់គ្រងអំណាចក្នុងប្រទេសកូរ៉េខាងជើងនាពេលបច្ចុប្បន្ន នេះ។
ការបង្ហាញពីសាច់ដុំខាងយោធារបស់កូរ៉េខាងជើងនៅតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមរិក អាចត្រូវគេមើលឃើញថាជាសកម្មភាពបង្ករឿង។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កន្លងមកថាលោកមិនជំទាស់នឹងមីស៊ីលចម្ងាយជិតរបស់កូរ៉េខាងជើងទេ ប៉ុន្តែនឹងប្រឆាំងនឹងមីស៊ីលចម្ងាយឆ្ងាយ៕