នៅថ្ងៃពុធនេះ ក្រុមបាតុករលម្អៀងទៅខាងរដ្ឋាភិបាលបានធ្វើការជួបជុំគ្នានៅទូទាំងប្រទេសអ៊ីរ៉ង់ នៅក្រោយមានការធ្វើបាតុកម្មច្រើនថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលនិងបញ្ហាសេដ្ឋកិច្ច។
ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ង់បានបង្ហាញវីដេអូនៃហ្វូងមនុស្សគ្រវីទង់ជាតិអ៊ីរ៉ង់និងស្រែកបន្ទរពាក្យស្លោកគាំទ្រមេដឹកនាំកំពូល Ayatollah Ali Khamenei។
លោក khamenei បានបន្ទោសរដ្ឋាភិបាលឯទៀតៗថាបានជំរុញឱ្យមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងបានបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់។
កាលពីថ្ងៃអង្គារ Ayatollah Ali Khamenei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍រដ្ឋនិងត្រូវផ្សាយតាមគេហទំព័រផ្លូវការរបស់លោកថា «កាលពីប៉ុន្មានថ្ងៃមុននេះ ពួកសត្រូវនៃប្រទេសអ៊ីរ៉ង់ បានប្រើប្រាស់ឧបករណ៍ផ្សេងៗដោយមានរួមបញ្ចូលប្រាក់កាស អាវុធ នយោបាយនិងអង្គការស៊ើបការសម្ងាត់ដើម្បីបង្កើតចលាចលក្នុងសាធារណរដ្ឋឥស្លាម»។ លោក Khamenei បានថ្លែងថាលោកនឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះនៅពេលវេលាល្អមកដល់។
លោក Ali Shamkhani អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ស.រ.អា. ប្រទេសអង់គ្លេសនិងប្រទេសអារ៉ាប៊ីសាអូឌីត ថានៅពីក្រោយការធ្វើបាតុកម្មទាំងនេះ។
ប្រធានាធិបតីស.រ.អា. Donald Trumo បានប្រើ Twitter ដើម្បីសម្តែងការគាំទ្រដល់ពួកជនដែលបានតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់៕