សមាជិកសភាអ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃអាទិត្យនៅក្នុងក្រុង Izeh ភាគនិរតីប្រទេសអ៊ីរ៉ង់ ស្របពេលដែលការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងដំបូងកាលពីសប្ដាហ៍មុន នៅតែបន្តធ្វើឡើងនៅទូទាំងប្រទេស។
ទីភ្នាក់ងារព័ត៌មាន ILNA បានដកស្រង់សម្ដីរបស់សមាជិកសភាអ៊ីរ៉ង់លោក Hedayatollah Khademi ដែលបាននិយាយថា លោកមិនទាន់ដឹងនៅឡើយទេថានរណាជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ។
ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ដំបូងចាប់ផ្ដើមឡើងដោយការតវ៉ាទ្រង់ទ្រាយតូចកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងទីក្រុង Mashhad ដែលជាទីក្រុងធំបំផុតទីពីរនៅក្នុងប្រទេសអ៊ីរ៉ង់ និងជាមូលដ្ឋានចម្បងបំផុតរបស់ក្រុមអ្នកដែលប្រឆាំងនឹងលោកប្រធានាធិបតី Hassan Rouhani ដែលជាប្រធានាធិបតីប្រកាន់ទស្សនៈកណ្ដាលនិយម មុនពេលដែលការតវ៉ានេះបានរីកសាយភាយទៅកាន់ផ្នែកផ្សេងៗទៀតនៅក្នុងប្រទេស។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការណ៍ដែលរដ្ឋាភិបាលអ៊ីរ៉ង់បានរារាំងប្រជាពលរដ្ឋអ៊ីរ៉ង់មិនឲ្យធ្វើការទាក់ទងគ្នាតាមរយៈកម្មវិធីទំនាក់ទំនងសង្គមលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីជាការបង្អាក់ដល់ការតវ៉ាទាំងនេះ។
រដ្ឋាភិបាលអ៊ីរ៉ង់បានរារាំងប្រជាពលរដ្ឋមិនឲ្យមានលទ្ធភាពប្រើប្រាស់កម្មវិធីផ្ញើសារទំនាក់ទំនង Telegram និងកម្មវិធីចែកចាយរូបភាព Instagram កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាសន្តិភាព។ ប្រជាពលរដ្ឋអ៊ីរ៉ង់បានប្រើប្រាស់កម្មវិធីអ៊ីនធឺណិតទាំងនេះដើម្បីទាក់ទងគ្នាអំពីការធ្វើបាតុកម្មតាមដងផ្លូវទាំងនេះ ដែលនេះជាការប្រឆាំងតវ៉ារបស់ប្រជាពលរដ្ឋក៏ធំបំផុតជាមួយនឹងមេដឹកនាំអ៊ីរ៉ង់ តាំងពីការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០០៩ មក៕