ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ប្រធានគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច នៅថ្ងៃសុក្រនេះ ប្រកាសថា ព្រះអង្គនឹងបង្កើតរដ្ឋាភិបាលចម្រុះមួយ ប្រសិនបើគណបក្សព្រះអង្គឈ្នះការបោះឆ្នោតនៅពេលខាងមុខ។
ការប្រកាសរបស់ព្រះអង្គធ្វើឡើង បន្ទាប់ពីពិធីសំណេះសំណាលជាមួយអ្នកគាំទ្រគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចប្រមាណ៤០០រយនាក់ នៅឯសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសុក្រនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ មានព្រះបន្ទូលថា គោលនយោបាយកម្ចាត់អំពើពុករលួយ និងដោះបំណុលរបស់ប្រជាពលរដ្ឋ ក៏ដូចជាទំនោរយុវជនខ្មែរ ដែលងាកមកគាំទ្រគណបក្សរបស់ព្រះអង្គ នឹងរួមចំណែកដល់ការយកជ័យជម្នះក្នុងការបោះឆ្នាតជាតិនៅឆ្នាំ២០១៨។ ព្រះអង្គម្ចាស់ សម្តែងទឹកព្រះទ័យប្រកបដោយសុទិដ្ឋិនិយមថា ព្រះអង្គនឹងបង្កើតរដ្ឋាភិបាលចម្រុះ ជាជាងការបង្កើតក្រុមប្រឆាំងនៅក្នុងសភាជាតិ។
«ខ្ញុំសូមជំរាប ថាបើយើងហើយចង់ដោះស្រាយបញ្ហាជាតិ វាទាល់តែធ្វើតាមឪពុកខ្ញុំ សម្តេចតា សម្តេចលោកមាន ព្រះរាជយោបល់ថា បើខ្មែរយើងចង់ដោះស្រាយបញ្ហាជាតិ ទាល់តែខ្មែរយើងរួមគ្នា ដូចកាលខ្ញុំធ្វើពីឆ្នាំ១៩៩៣ អញ្ចឹង។ វាគ្មានអ្នកឈ្នះ វាគ្មានអ្នកចាញ់ វាមានតែអ្នកឈ្នះ យល់ទេ? ដូច្នេះ បើសិនជាយើង ខ្មែរយើងចេះរួបរួមគ្នាម្តងមើល បង្ហាញឲ្យបរទេសគេឃើញ ណ៎ាបីនាក់គណបក្សបី លេងឯងទាំងបីហ្នឹង បង្កើតជារាជរដ្ឋាភិបាលចម្រុះ បានយើងមានលទ្ធភាពនឹងដោះស្រាយបញ្ហាជាតិបាន។ ដូច្នេះកុំសង្ឃឹមថាខ្ញុំ ធ្វើជាគណបក្សហ៊្វុនស៊ីនប៉ិច បក្សប្រឆាំងជំនួស ខ្ញុំមិនធ្វើជាដាច់ខាត»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះជន្ម៧១វស្សា ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងជាគូប្រជែងកម្លាំងយោធារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២នាពេលនោះ។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រដោយសំឡេងច្រើនលើសលប់នៅក្នុងការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះបានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ថ្លែងថា ជីវិតនយោបាយរបស់ព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិ ពិបាកនឹងស្តារឡើងវិញ ហើយថា ការបង្កើតរដ្ឋាភិបាលចម្រុះនោះ ក៏មិនអាចទៅរួចដែរ ពីព្រោះអ្នកបោះឆ្នោតមិនបានសំឡឹងទៅលើគណបក្សតូចៗនោះទេ ដោយពួកគេបានផ្តោតការតាមដានលើគណបក្សធំៗពីរតែប៉ុណ្ណោះ ដែលកំពុងមានអាសនៈនៅក្នុងសភាជាតិ។
«ដោយសារទី១ យើងមានពីរបក្សធំៗ ហើយអញ្ចឹងជាទូទៅ អ្នកបោះឆ្នោត គាត់គិតថា បោះឆ្នោតឲ្យគណបក្សតូចៗ គឺជាការបោះសន្លឹកឆ្នោតចោល អាហ្នឹងគឺជាការគិតរបស់គាត់មួយ ហើយទីពីរសម្តេចក្រុមព្រះ គាត់ធ្វើនយោបាយយូរហើយ។ ការធ្វើនយោបាយរបស់គាត់ធ្លាក់ចុះរហូត ហើយគាត់មិនមែនតែអត់ឈ្មោះទេ គឺខូចឈ្មោះ។ អញ្ចឹង គឺពិបាកស្តារមែនទែន។ ទីបីសម្តេចក្រុមព្រះ ត្រូវបានការការផ្តល់ទុកចិត្តពីប្រជាពលរដ្ឋម្តងរួចទៅហើយ ដើម្បីកាន់រដ្ឋាភិបាល ហើយគាត់ធ្វើបរាជ័យ ហើយរឿងផ្សេងៗទៀត ខ្ញុំមើលទៅ គាត់ពិបាកក្នុងការគាត់ស្តារមែនទែន ហើយសម្តេចក្រុមព្រះខ្ញុំមើលទៅស្តារមិនរួចទេ»។
លោកបានទស្សទាយទុកជាមុនថា គណបក្សមួយក្នុងចំណោមគណបក្សធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងឈ្នះការបោះឆ្នោតនៅបីឆ្នាំខាងមុខនេះ។
លោក សុខ ឦសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា ថ្លែងថា ប្រជាជនខ្មែរនឹងកំណត់វាសនានៃការចាប់កំណើតរបស់រដ្ឋាភិបាលថ្មីក្នុងពេលអនាគត ដោយលោកមិនអាចប៉ាន់ស្មានទុកជាមុនបានទេថា នឹងមានការបង្កើតរដ្ឋាភិបាលចម្រុះ ឬក៏គណបក្សគ្រប់គ្រងប្រទេសនឹងបន្តកាន់អំណាចតទៅមុខទៀត។ លោកបញ្ជាក់ផងដែរថា បើមានការបង្កើតរដ្ឋាភិបាលចម្រុះ នោះនឹងមានការបាត់សំឡេងក្រុមអ្នកប្រឆាំងដែលជាធាតុសំខាន់មួយរបស់លទ្ធិប្រជាធិបតេយ្យ។
«អាហ្នឹងយើងត្រូវមើលអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ បើកាលណាមានរដ្ឋាភិបាលចម្រុះក្នុងហ្នឹង វាអត់មាន វាអត់មានគណបក្សប្រឆាំងទេ គេថាលែងមានប្រជាធិបតេយ្យទៀតហើយ។ អាហ្នឹងអ្នកមានមតិខុសគ្នា។ អ្នកគេចង់ប្រឆាំងហ្នឹងគេថា បើអត់មានគណបក្សប្រឆាំង វាអត់មានប្រជាធិបតេយ្យ ហើយបើថាមានបក្សប្រឆាំងបានមានប្រជាធិបតេយ្យ។ ដូច្នេះអាហ្នឹង អាហ្នឹងយើងពិបាកអាកាត់ណាស់។ ទុកឲ្យប្រជាជនអ្នកអាកាត់ទៅចុះ»។
VOA ពុំអាចទាក់ទងអ្នកនាំពាក្យទាំងពីររូប គឺលោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឬទ្ធិ នៃគណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃសុក្រនេះ៕