ភ្នំពេញ — កាលពីពាក់កណ្តាលខែមករា មន្ត្រីនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចមួយរូបគឺលោក ផាន់សិទ្ធី បានប្រាប់សន្និសីទកាសែតមួយថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នឹងយាងត្រឡប់មកធ្វើជាព្រះប្រធានដឹកនាំគណបក្សរាជានិយមនេះសាជាថ្មីម្តងទៀត ដើម្បីកៀរគរសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣។
ផែនការយាងត្រឡប់មកវិញនេះកើតមានឡើង បន្ទាប់ពីព្រះអង្គបានជាសះស្បើយឡើងវិញ ក្រោយពីបានយាងទៅព្យាបាលរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីបីឆ្នាំមុន និងគង់នៅក្នុងប្រទេសបារាំង។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគប៉ាន់ស្មានថា គណបក្សហ្វ៊ុនស៊ីនប៉ិចទំនងជាមិនអាចធ្វើឲ្យរង្គើឆាកនយោបាយកម្ពុជាជាថ្មីទៀតទេ ហើយគណបក្សដែលត្រដរដង្ហើមដើម្បីរស់មួយនេះ ក៏មិនអាចដើរតួជាបក្សប្រឆាំង ដែលហ៊ានតទល់ជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដែរ។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles បានថ្លែងក្នុងសារអ៊ីមែលមួយថា ព្រះអង្គម្ចាស់ ដែលម្តងដើរ ចេញពីនយោបាយនិងម្តងត្រឡប់មកវិញអង្គនេះ លែងមានឥទ្ធិពលនៅកម្ពុជា ក្រោមហេតុផលថាទ្រង់មានប្រវត្តិនៃការមិនគោរពការសន្យាជាច្រើនរបស់ទ្រង់ កន្លងមកនោះ។
លោកអធិប្បាយថា៖ «ខ្ញុំគិតថា ឆាកនយោបាយបានចាកចេញពីទ្រង់ហើយ។ និយាយដោយស្មោះត្រង់ភាព ដែលគួរឲ្យជឿទុកចិត្តបានរបស់អ្នកនយោបាយមួយរូប គឺមានមិនច្រើនទេ ប៉ុន្តែនៅក្នុងករណីនេះ ខ្ញុំគិតថា មានប្រវត្តិយូរលង់មួយនៃការផ្តល់សន្យាជាច្រើន ដែលមិនបានអនុត្តន៍តាមនោះទេ»។
លោក អៀ សុផល កត់សម្គាល់ថា ការយាងត្រឡប់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មកចូលរួមជីវភាពនយោបាយទំនងដូចជា ឆាកល្ខោនសម្តែងឲ្យតែល្អមើល។
លោកបន្ថែមថា៖ «វាដូចជារឿងល្ខោន ចប់មួយវគ្គចូលមួយវគ្គទៀត។ ខ្ញុំចាំមិនបានច្រើនទេនូវឈុតឆាកចុងក្រោយ គឺដូចជាអំពីដីរបស់គណបក្សដែលត្រូវបានលក់នោះ? ខ្ញុំមើលទៅ គាត់បានចាកចេញឥឡូវគាត់ត្រឡប់មកវិញហើយ»។
កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច និងក្រុមមន្ត្រីក្រោមការដឹកនាំរបស់ព្រះអង្គ ៤០ រូបផ្សេងទៀត បានទៅអង្គុយកៅអីសភាជំនួសឲ្យក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក្រោយតុលាការកំពូលរំលាយគណបក្សនេះ ហើយមេដឹកនាំរបស់គណបក្សគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនលើបទចោទប្រកាន់ពីការក្បត់ជាតិ។
នៅពេលចូលដល់សភាទាំងព្រះអង្គម្ចាស់ និងមន្ត្រីមួយចំនួនរបស់ព្រះអង្គបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនទាន់ស្លាប់នៅឡើយ ហើយជាឱកាសមួយសម្រាប់គណបក្សរាជានិយមមួយនេះ ចូលរួមដោះស្រាយបញ្ហាប្រទេសជាតិធំៗ ដូចជាវិបត្តិដីធ្លីជាដើម។
ប៉ុន្តែ ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨ ក្រុមមន្ត្រីដែលជាតំណាងរាស្ត្ររបស់គណបក្សហ៊្វុនស៊ីនប៉ិច គ្មានសំឡេងក្នុងសភាទៀតទេ ហើយជម្លោះនយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សសង្គ្រោះជាតិ នៅស្ថិតជាការបារម្ភរបស់ក្រុមប្រទេសនៅលោកខាងលិច និងរដ្ឋប្រជាធិបតេយ្យមួយចំនួនទៀត។
គ្រោះអាក្រក់មួយ ក៏បានកើតឡើងចំពោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាងរបស់ទ្រង់កាលពីពេលមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ គឺប្រហែលជាកន្លះឆ្នាំក្រោយគណបក្សទ្រង់ទទួលបានកៅអីសភាស្ទើរតែទាំងអស់របស់គណបក្សសង្គ្រោះជាតិ។
កាលពីខែមិថុនា ឆ្នាំ ២០១៨ ព្រះអង្គម្ចាស់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកម្ខាង អ៊ុក ផល្លា ស្លាប់ និងធ្វើឲ្យព្រះអង្គរងរបួសធ្ងន់។
លោកបណ្ឌិត អៀ សុផល ដែលតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា គណបក្សហ៊្វុនស៊ីនប៉ិចរបស់ទ្រង់ រណឫទ្ធិ គ្មានទម្ងន់នយោបាយ ដើម្បីបានក្លាយជាគណបក្សប្រឆាំងក្នុងសភា ដូចអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្កការភ័យខ្លាចដល់គណបក្សប្រជាជនកម្ពុជា។
លោកអធិប្បាយបន្ថែមថា៖ «ខ្ញុំមិនជឿថា គណបក្សនយោបាយរបស់ព្រះអង្គម្ចាស់ជាគណបក្សប្រឆាំងពិតប្រាកដទេ។ និយាយសាមញ្ញស្រួលស្ដាប់ វាគ្រាន់តែជាការពង្រីកឲ្យធំឡើងរបស់គណបក្សអំណាច។ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាគ្រាន់តែបានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានន័យថា គឺគណបក្សសង្គ្រោះជាតិដែលបង្កការភ័យខ្លាចដល់គណបក្សប្រជាជនកម្ពុជាខ្លាំងជាទីបំផុត។ បក្សសង្គ្រោះជាតិគ្រានោះ បង្កវិបត្តិដល់ការរស់រានមានជីវិតរបស់បក្សប្រជាជន»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទីមួយ ក្រោយការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៩៣។
នៅឆ្នាំ ១៩៩៧ ព្រះអង្គម្ចាស់ត្រូវទម្លាក់ចេញពីតំណែងជាសហនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារបង្ហូរឈាមមួយ ដោយកងទ័ពដែលមានភក្ដីភាពជាមួយហ្វ៊ុនស៊ិនប៉ិចបានប្រយុទ្ធចាញ់ កងទ័ពដែលស្មោះស្ម័គ្រជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទីពីរ។
ចាប់តាំងពីព្រះអង្គបានវិលត្រឡប់មកកាន់នយោបាយវិញនាគ្រានោះ ព្រះអង្គបានសន្យាធ្វើការជាមួយលោក ហ៊ុន សែន អតីតគូប្រជែងនិងជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចដ៏យូរអង្វែង។
ព្រះរាជបុត្រាអង្គនេះរបស់ព្រះបរមរតនៈកោដិ នរោត្តម សីហនុ បានត្រឡប់មកកាន់ឆាកនយោបាយលើកចុងក្រោយនៅឆ្នាំ ២០១៥ ដើម្បីដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា យល់ឃើញថា ម្ចាស់ឆ្នោតលែងមានទំនុកចិត្តលើគណបក្សរាជានិយមមួយនេះ គិតចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ និងឆ្នាំ ២០០៨ និងនៅឆ្នាំ ២០១៧ ដែលគណបក្សនេះមិនមានការអល់អែកទទួលយកអាសនៈសភា ដែលគណបក្សសង្គ្រោះជាតិទទួលបានក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣។
«ខ្ញុំគិតថាលោកមកវិញ ក៏ពុំទទួលបានការគាំទ្រដែរ។ តម្លៃនយោបាយរបស់អ្នកនយោបាយគណបក្សនេះ វាបានរសាត់ចេញពីក្រអៅបេះដូងប្រជាពលរដ្ឋទៅហើយបាទ»។
យ៉ាងណាក៏ដោយ ក្តីសង្ឃឹមនៅមានសម្រាប់គណបក្សហ៊្វុនស៊ីនប៉ិច ដើម្បីទទួលបានសំឡេងគាំទ្រពីប្រទេសប្រជាពលរដ្ឋខ្មែរ បើទោះជាគណបក្សហ៊្វុនស៊ិនប៉ិចមិនបានឈ្នះអាសនៈណាមួយក្តី ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ នោះ។ នេះបើតាមការអះអាងរបស់របស់លោក ផាន់ សិទ្ធី អ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ីនប៉ិច។
លោក ផាន់ សិទ្ធី មានប្រសាសន៍ថា ស្ថានភាពនយោបាយបច្ចុប្បន្នអាចនឹងហុចឱកាសឲ្យគណបក្សហ៊្វុនស៊ីនប៉ិច បង្កើនសំឡេងគាំទ្រក្នុងការបោះឆ្នោតនាពេលខាងមុខ ខណៈដែលគណបក្សប្រជែងរបស់គណបក្សកាន់អំណាច គឺគណបក្សសង្គ្រោះជាតិដែលធ្លាប់កើនសំឡេងខ្លាំងកាលពីឆ្នាំ ២០១៣និង ២០១៧ នោះ កំពុងប្រឈមមុខនឹងការប្រេះឆាផ្ទៃក្នុង។
«ព្រឹត្តការណ៍នយោបាយបច្ចុប្បន្ននេះ ខ្ញុំនៅតែគិតថា គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចអាចនឹងរកសំឡេងឆ្នោតបាននៅក្នុង ក្នុងអាណត្តិនេះ ព្រោះថាស្ថានការណ៍ហ្នឹងដូចថា វាអំណោយផលឲ្យគណបក្សយើងដែរ»។
លោកអះអាងថា ប្រជាពលរដ្ឋនៅនឹកនាដល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឡើយ ដែលការណ៍នេះផ្តល់ក្តីសង្ឃឹមថា គណបក្សហ៊្វុនស៊ីនប៉ិចអាចនឹងទទួលបានសន្លឹកឆ្នោតលើសពី «ជិតបួនសែនសំឡេង» ដែលគណបក្សទទួលបានក្នុងពេលបោះឆ្នោតអាណត្តិមុន។
«ពួកយើងដែលនៅបច្ចុប្បន្ននេះយើងកំពុងតែខិតខំចុះមូលដ្ឋានខ្លះ ដើម្បីរំឭកកុំឲ្យបងប្អូនប្រជាពលរដ្ឋលោកអស់សង្ឃឹមច្រើនពេក ហើយការណ៍ដែលការសាកល្បងចុះរបស់យើង យើងឃើញថា និន្នាការរបស់ប្រជាពលរដ្ឋលោកនៅតែនឹករឭកទៅដល់ព្រះអង្គ ក្រុមព្រះនឹករឭកដល់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចហ្នឹង»។
ការប្រកាសរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលថានឹងមកដឹកនាំគណបក្សហ៊្វុនស៊ីនប៉ិចវិញម្តងទៀត នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ នេះ ធ្វើឡើងស្របពេលដែលសំណុំរឿងព្រហ្មទណ្ឌរបស់ថ្នាក់ដឹកនាំក្រុមអតីតមន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅចាក់ស្រែះក្នុងតុលាការ។
ឯសវនាការរបស់លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិក៏រអាក់រអួល មិនចម្រើនទៅមុខ។
ស្របពេលជាមួយគ្នានោះ អតីតតំណាងរាស្ត្រគណបក្សជំទាស់ដែលធ្លាប់បានសំឡេងជិតពាក់កណ្តាលនៅសភា បានចេញមកបង្កើតគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន អាចខ្ចីដៃគណបក្សរាជានិយមប្រើម្តងទៀត ឬកសាងភាពជាដៃគូជាមួយគណបក្ស ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ដើម្បីដុះខាត់ប្រជាធិបតេយ្យកម្ពុជាដែលនៅស្រអាប់ខ្លាំងនៅឡើយ ក្នុងកែវភ្នែករបស់មេដឹកនាំប្រទេសនៅបស្ចិមលោក និងប្រទេសជាដៃគូអភិវឌ្ឍផ្សេងទៀត។
«យកអាហ្នឹងឱកាសនៃការបោះឆ្នោត ២០២២ ២០២៣ ហ្នឹង ដើម្បីមានសភាសេរីពហុបក្សនៅក្នុងរដ្ឋសភាអ៊ីចឹង ហើយមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជាពិសេសអ្នកការទូតអីហ្នឹង ប្រទេសផ្តល់ជំនួយប្រទេសអីហ្នឹង គេមើលឃើញថាអ្ហេ៎ ឥឡូវកម្ពុជាមានមានសេរីពហុបក្សនៅក្នុងសភាហើយយើងទៅថា គេឯកបក្សទៅថាគេផ្តាច់ការយ៉ាងម៉េច អាហ្នឹងប្រជាពលរដ្ឋទៅបោះឆ្នោតមានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចជាប់មកវិញហើយ»។
លោក ឯម សុវណ្ណារ៉ា អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និយាយថា បក្សរាជានិយមត្រូវប្រឹងឲ្យបានកៅអីសភាសិន ទើបមានលទ្ធភាពតថ្លៃនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
«គណបក្សប្រជាជនគេចង់បានគណបក្សតូចៗដែលមានសំឡេង ដើម្បីចូលរួមហើយ ក៏ប៉ុន្តែទាល់តែគណបក្សនោះឯងរកឲ្យបានការគាំទ្រសិន ហើយបើយើងមើលលទ្ធភាព ខ្ញុំគិតថា មិនអាចរកការគាំទ្របានទេ ព្រោះយើងមើលទឹកចិត្តប្រជាពលរដ្ឋនូវការសម្តែងនូវការបោះឆ្នោត ២០១៨ នេះ យើងឃើញហើយអត់មានទេបាទ អត់មាននរណាគាំទ្រទេបាទ»។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលធ្លាប់ជាប់ពន្ធនាគារក្នុងសំណុំរឿងនយោបាយនោះ បន្ថែមថា លោកក៏មើលមិនឃើញឱកាសដែលបក្សរបស់ទ្រង់ រណឫទ្ធិ អាចទាញការគាំទ្រពីប្រជាពលរដ្ឋដែលបានសម្រេចផ្ញើការទុកចិត្តលើគណបក្សនយោបាយតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី និងគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោកកឹម សុខា។
បើមើលទៅភាពជរារបស់ព្រះម្ចាស់ នរោត្តម រណឫទ្ធិ គណបក្សរាជានិយមមួយនេះរឹតតែពិបាកក្នុងការឃោសនាប្រមូលសន្លឹកឆ្នោតពីអ្នកបោះឆ្នោតវ័យក្មេង ដែលមានចំនួនច្រើនលើសលប់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក មាជ សុវណ្ណារ៉ា។
«យុវជនឥឡូវខុសពីយុវជនមុន គាត់តាមដានហ្វេសប៊ុក យុវជនមានចំណេះដឹងអ៊ីចឹងគឺថា គាត់រកមើលអ្នកដឹកនាំណា ដែលក្លាហានដែលមានចំណេះ កាយសម្បទារល្អប្រសើរអ្ហាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យគាត់ពិបាកក្នុងការទទួលបាននូវប្រជាប្រិយភាពដណ្តើមឈ្នះគណបក្សកាន់អំណាច ឬក៏គណបក្សមានប្រជាធិបតេយ្យ ដូចជាគណបក្សសង្រោ្គះជាតិអីជាដើម»។
ដោយឡែកលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ យល់ថាបេក្ខភាពសម្តេចក្រុមព្រះសម្រាប់ការបោះឆ្នោតទំនងជាលែងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ឆ្នោត ដោយសារតែតាមអ្វីដែលគេចោទគណបក្សព្រះអង្គថា បានរួមគំនិតប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ ការណ៍នេះបានប៉ះពាល់កិត្តិនាមព្រះអង្គជាខ្លាំង។
«ដូច្នេះ ខ្ញុំយល់ថា មិនមានការគាំទ្រចំពោះលោកប៉ុន្មានទេ ទោះបីលោកត្រឡប់មកធ្វើនយោបាយវិញ ក៏ធ្វើទៅ ប៉ុន្តែយល់ថារាស្ត្រប្រហែលជាដឹងហើយ បុគ្គលណាដែលអាចនឹងមកប្រកួតប្រជែងបាន អាចដឹកនាំនិន្នាការគណបក្សប្រឆាំងហ្នឹងបាន។ ហើយម្យ៉ាងកាយពលព្រះអង្គ ក៏ជរាទ្រុឌទ្រោមណាស់ហើយ តាំងពីគ្រោះថ្នាក់ចរាចរណ៍អីផងទៅក៏ហាក់ដូចជាមិនមានកាយពលសម្រាប់មកប្រកួតប្រជែងក្នុងនយោបាយទៀតទេបាទ»។
លោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិចនៅមានសុទិដ្ឋិនិយមថា គណបក្សរបស់លោកនឹងចូលរួមជាមួយគណបក្សណាក៏ដោយក្នុងរដ្ឋសភា ដើម្បីកសាងជាតិបើទោះត្រូវរងការរិះគន់ពីការធ្លាក់ចុះប្រជាប្រិយភាពធ្ងន់ធ្ងរគិតចាប់ពីឆ្នាំ ២០០៨ មកនោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងមកដល់កម្ពុជា ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតនៅមុនការបោះឆ្នោតឃុំសង្កាត់ ដែលគ្រោងនឹងធ្វើនៅឆ្នាំ២ ០២២។ លោកមានប្រសាសន៍ថា ព្រះអង្គម្ចាស់មានព្រះសុខភាពល្អគ្រប់គ្រាន់ ដើម្បីចុះយុទ្ធនាការរកសំឡេងឆ្នោតពីពលរដ្ឋនៅមូលដ្ឋាន។
លោកបណ្ឌិត អៀ សុផល បានបញ្ជាក់ប្រាប់វីអូអេថា គណបក្សរបស់សម្តេចក្រុមព្រះ ដែលលែងមានទីលាននយោបាយទៅហើយនៅកម្ពុជានោះ ប្រហែលជាអាចនឹងទទួលបានការផ្គត់ផ្គង់លុយកាក់ពីគណបក្សកាន់អំណាច ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។
លោក ផាន់ សិទ្ធី ទាត់ចោលការចោទប្រកាន់នេះភ្លាមៗថា ក្រុមការងារគណបក្សជានិច្ចកាលប្រើធនធានផ្ទាល់ខ្លួន ក្នុងការធ្វើសកម្មភាពនយោបាយនិងយុទ្ធនាការស្វែងរកសំឡេងឆ្នោត៕