តើបេក្ខជនទាំងពីសម្លឹងមើលពិភពលោកក្នុងផ្លូវណា ហើយតើពួកគេប្រកាន់គោលជំហរបែបណាក្នុងការដោះស្រាយបញ្ហាគោលនយោបាយការបរទេស រាប់ចាប់ពីដោះស្រាយបញ្ហាសម្ព័ន្ធមិត្តអន្តរជាតិ ទៅដល់ការបង្ក្រាបក្រុមភេរវជនរដ្ឋអ៊ីស្លាម។
អង្គការអូតង់ដែលជាសម្ព័ន្ធមិត្តយោធាប្រទេសលោកខាងលិចអស់រយៈពេល ៦៧ឆ្នាំ ត្រូវគេលើកយកមកជជែកដេញដោលនៅក្នុងយុទ្ធនាការឃោសនាជ្រើសរើសប្រធានាធិបតីអាមេរិកដ៏ជូរចត់ក្នុងអាណត្តិថ្មីនេះ។
លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «យើងត្រូវតែធ្វើការយ៉ាងជិតដិតជាមួយសម្ព័ន្ធមិត្តរបស់យើង ហើយនេះគឺជាអ្វីដែលលោក Donald Trump តែងតែចាត់ទុកថាជារឿងឥតប្រយោជន៍»។
ចំណែក លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានថ្លែងថា៖ «យើងបានធ្វើការជាមួយពួកគេអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងទទួលបានមកវិញនូវបញ្ហាដ៏ស្មុគស្មាញបំផុតមិនធ្លាប់មាន»។
ភាពខុសគ្នាលើការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិកចំពោះអង្គការអូតង់គូសបញ្ជាក់ពីទស្សនៈរបស់បេក្ខជនទាំងពីរអំពីពិភពលោក នេះបើតាមសម្ដីរបស់លោក Jeremy Mayer សាស្រ្តាចារ្យជំនួយផ្នែកគោលនយោបាយ និងរដ្ឋាភិបាលនៃសាកលវិទ្យាល័យ George Mason។
«ខ្ញុំគិតថា លោក Trump គឺជាអ្នកជាតិនិយមម្នាក់ លោកមានប្រជាប្រិយ ខណៈពេលដែល លោកស្រី Clinton គឺជាអ្នកអន្តរជាតិនិយម លោកស្រីចូលចិត្តធ្វើអ្វីជាពហុភាគី»។
លោក Trump ចង់បានយោធាដែលខ្លាំងជាងនេះ ហើយលោកសន្យាពីគោលនយោបាយការបរទេសដែលផ្ដោតលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ សម្រាប់លោកស្រី Clinton លោកស្រីសន្យាប្រើប្រាស់អំណាចឲ្យអស់លទ្ធភាព ចាប់ពីផ្នែកការទូត ទៅការអភិវឌ្ឍ ដើម្បីជំរុញគោលនយោបាយការទូតរបស់សហរដ្ឋអាមេរិក។ ទស្សនវិស័យផ្ទុយគ្នាបាននាំឱ្យមានគោលនយោបាយខុសគ្នាស្រឡះចំពោះប្រទេសគូសត្រូវ ដូចជារុស្ស៊ីជាដើម។
លោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖ «ខ្ញុំមិនស្គាល់ លោក Putin ទេ។ ខ្ញុំគិតថា នេះជារឿងល្អ បើយើងត្រូវគ្នាជាមួយប្រទេសរុស្សី ពីព្រោះយើងអាចប្រយុទ្ធជាមួយក្រុមភេរវជនរដ្ឋអ៊ីស្លាមជាមួយគ្នា»។
លោកស្រី Clinton មានជំហរផ្ទុយពីនេះ។ លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «ខ្ញុំប្រឈមមុខជាមួយប្រទេសរុស្សី។ ខ្ញុំប្រយុទ្ធជាមួយ លោក Putin និងអ្នកផ្សេងទៀត ហើយខ្ញុំនឹងធ្វើបែបនេះក្នុងនាមជាប្រធានាធិបតី»។
បេក្ខជនប្រធានាធិបតីទាំងពីរមិនយល់ស្របទាំងស្រុងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់។ លោក Trump បានហៅការណ៍នេះថាជា «កិច្ចព្រមព្រៀងមិនល្អ» សម្រាប់អាមេរិក។ ឯអ្នកស្រី Clinton និយាយថា ការណ៍នេះបានបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។
ចំពោះការបង្ក្រាបក្រុមភេរវជនរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលជាបញ្ហាគោលនយោបាយការបរទេសដែលប្រជាជនអាមេរិកខ្វល់ខ្វាយបំផុតគឺ ភាពខុសគ្នាយ៉ាងច្បាស់ក្រឡែតនៃគោលនយោបាយការបរទេសរបស់បេក្ខជនប្រធានាធិបតីទាំងពីរ៖
«លោក Donald Trump បានថ្លែងថា៖ «ខ្ញុំមិនចូលចិត្ត លោក Bashar al Assad ទាល់តែសោះ ប៉ុន្តែ លោក Assad សម្លាប់ភេរជនរដ្ឋអ៊ីស្លាម។ រុស្ស៊ីសម្លាប់ភេរវជនរដ្ឋអ៊ីស្លាម។ ហើយអ៊ីរ៉ង់សម្លាប់ភេរវជនរដ្ឋអ៊ីស្លាម ហើយពួកគេ បានពួតដៃគ្នា ក៏ព្រោះតែគោលនយោបាយការបរទេសមានភាពទន់ខ្សោយ»។
ប៉ុន្តែ លោកស្រី Clinton បានថ្លែងនៅក្នុងវេទិកាជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីលើកទីពីរថា៖ «រុស្ស៊ីមិនបានចាប់អារម្មណ៍ទៅលើក្រុមភេរវជនរដ្ឋអ៊ីស្លាមទេ។ ពួកគេចាប់អារម្មណ៍ទៅលើការរក្សាអំណាច ឲ្យលោក Assad។ ដូច្នេះនៅពេលដែលខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំបានគាំទ្រកាលនោះ ហើយនៅតែគាំទ្រមកទល់សព្វថ្ងៃ ឲ្យមានតំបន់ហាមមិនឲ្យយន្តហោះឆ្លងកាត់ និងតំបន់សុវត្ថិភាព»។
ប៉ុន្តែនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីអតីតកាល អ្នកបោះឆ្នោតខ្វល់ខ្វាយច្រើនពីបញ្ហាផ្សេងទៀតដូចជា ការងារ និងសេដ្ឋកិច្ច ជាជាងនយោបាយការបរទេស៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា