កសិករអាមេរិកាំងដូចជាលោក Wendell Shauman បានគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។ លោក Wendell Shaumanបានថ្លែង ថា៖ «នៅពេលដែលពាណិជ្ជកម្ម មានដំណើរការ ពិភពលោកឈ្នះ»។
ក៏ប៉ុន្តែ ចំណាត់ការមួយនៃចំណាត់ការដំបូងរបស់លោកប្រធានាធិបតីត្រាំបន្ទាប់ពីចូលកាន់តំណែងគឺដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដែលធ្វើទៅតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក។ លោក Wendell Shauman បានថ្លែងទៀតថា៖ «នៅពេលណាលោក អ្នក ដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម វាមិនមែនជាអ្វីដែលខ្ញុំចង់ឃើញរដ្ឋាភិបាលធ្វើមុនគេនោះទេ»។
លទ្ធផលនៃការដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះគឺ៖ បាត់បង់ទីផ្សារថ្មី ហើយនិងបង្កើនតម្លៃផលិតផលកសិកម្មសហរដ្ឋអាមេរិកដូចជាពោត និងសណ្តែកសៀង។លោកស្រី Tamara Nelsen នៃការិយាល័យកសិកររដ្ឋ Illinois បាននិយាយថា៖ «យើងចង់ទទួលបានការចេញចូលទៅកាន់ទីផ្សារសាច់គោ និងសាច់ជ្រូករបស់ជប៉ុនតាមរយៈកិច្ចព្រមព្រៀងនេះ ហើយខ្ញុំគិតថា យើងពិនិត្យមើលពោតមានតម្លៃពី១០ទៅ៣៥សេនក្នុងមួយតៅនោះជាផលប៉ះពាល់នៃកិច្ចព្រមព្រៀង TPP នៅពេលអនុវត្តវា»។
ខណៈដែលការណ៍នេះមានន័យថា ជាការប៉ះពាល់ដោយផ្ទាល់ទៅដល់ប្រាក់ចំណូលរបស់លោក Wendell Shauman លោកមិនមានការអាក់អន់ចិត្តទេ។
លោកជាកសិករ។ លោកមានសញ្ញាបត្របណ្ឌិត។ លោកធ្វើដំណើរជាច្រើន។ លោកយល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយនិងពីរបៀបនៃការងារពាណិជ្ជកម្មអន្តរជាតិ។ ហើយលោកបានបោះឆ្នោតឲ្យលោកត្រាំ។
លោក Shauman និយាយថា ការគាំទ្ររបស់លោកចំពោះលោកត្រាំមានច្រើនជាងប្រាក់កម្រៃ។ លោក Shauman និយាយថា៖ «យើងជាមនុស្សអភិរក្សនិយម។ យើងគិតថា រដ្ឋាភិបាលធំពេក។ យើងមានបទបញ្ញត្តិច្រើនពេក។ យើងអាចឃើញបទបញ្ញត្តិច្រើនទៀតចេញពីលោកស្រី Hillary។ យើងអាចឃើញតុលាការកំពូលសេរីនិយមដែលកំពុងផ្តល់ការអំពល់ដល់យើងរួចហើយ»។
នៅមិនឆ្ងាយពីកសិដ្ឋានរបស់លោក Shauman ប៉ុន្មានគឺកន្លែងរោងចក្រ Maytag ផលិតគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ លោក George Carney បានធ្វើការនៅទីនេះអស់រយៈពេលជាង២ទសវត្សរ៍ រហូតទាល់តែរោងចក្រនេះរើទៅប្រទេសម៉ិចស៊ិកហើយលោកក៏អស់ការងារធ្វើ។ លោក Carney បានស្តីបន្ទោសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងដែលគេស្គាល់ថា NAFTA។ ចាប់តាំងពីនោះមក លោកបានខំតស៊ូដើម្បីស្វែងរកការងារជាប់លាប់មួយ ហើយលោកបានជំទាស់ប្រឆាំងកិច្ចព្រមព្រៀង TPP នោះយ៉ាងខ្លាំង។ លោក George Carney អតីតបុគ្គលិករោងចក្រ Maytag និយាយថា៖ «នេះគ្រាន់តែជាបទពិសោធន៍អាក្រក់មួយនៃកិច្ចព្រមព្រៀង NAFTA ដែលបានបន្សល់ទុករសជាតិមិនល្អមួយនៅក្នុងមាត់របស់យើង ដូច្នេះ ខ្ញុំប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ពីព្រោះវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។
ក៏ប៉ុន្តែ ការជំទាស់ប្រឆាំងរបស់លោកត្រាំដល់កិច្ចព្រមព្រៀង TPP មិនល្មមគ្រប់គ្រាន់ដើម្បីទទួលបានសន្លឹកឆ្នោតរបស់លោក Carney នៅខែវិច្ឆិកាទេ។ លោក George Caney និយាយថា៖ «លោកជាមនុស្សនិយាយមិនដឹងខ្យល់។ ក៏ប៉ុន្តែ ខ្ញុំគិតថា លោកកំពុងធ្វើការងាររបស់លោកត្រូវ។ ខ្ញុំចូលចិត្តអ្វីដែលលោកកំពុងធ្វើ»។
ដោយហេតុនេះហើយបានជាលោក Carney ដែលមិនដែលបោះឆ្នោតឲ្យប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋកំពុងគិតពីការបោះឆ្នោតលើកក្រោយ។
លោក George Carney បានថ្លែងថា៖ «ខ្ញុំអាចបោះឆ្នោតឲ្យលោកត្រាំនៅក្នុងការបោះឆ្នោតលើកក្រោយ»។
ថ្វីបើលោក Wendell Shauman ប្រឆាំងលោកប្រធានាធិបតីត្រាំអំពីកិច្ចព្រមព្រៀង TPP ក៏ដោយ លោកក៏និយាយដែរថា លោកប្រហែលបោះឆ្នោតឲ្យលោកត្រាំម្តងទៀត ដោយអាស្រ័យថាតើលោកប្រធានាធិបតីត្រាំដោះស្រាយការផ្លាស់ប្តូរកិច្ចព្រមព្រៀង NAFTA នោះយ៉ាងដូចម្តេច ហើយនិងថាតើលោកបន្តធ្វើខ្លួនរបស់លោកយ៉ាងដូចម្តេចខណៈដែលជាប្រធានាធិបតីនោះ។ លោក Wendell Shauman ថ្លែងថា៖ «ជួនកាល ការណ៍នេះជាការអាម៉ាស់។ ខ្ញុំនិយាយតាមត្រង់ថា ហេតុអ្វីក៏លោកមិនមានភាពចាស់ទុំ។ ក៏ប៉ុន្តែ លោកជាប្រធានាធិបតីហើយយើងនឹងរស់នៅជាមួយលោករយៈពេល៤ឆ្នាំ ហើយយើងនឹងឃើញលទ្ធផលទៅជាយ៉ាងណា»។
ប្រែសម្រួលដោយ ជឹង ប៉ូជីន