លោកប្រធានាធិបតីអាមេរិក Barack Obama នឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះក្នុងទីក្រុង Dallas រដ្ឋតិចសាស់ នៅទីគោរពវិញ្ញាណក្ខន្ធមួយ ចំពោះប៉ូលិសទាំង៥នាក់ដែលត្រូវបានសម្លាប់កាលពីសប្តាហ៍មុនដោយការលួចឆ្មក់បាញ់ ក្នុងអំឡុង ពេលធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីមួយ។ សុន្ទរកថានេះនឹងក្លាយជាសុន្ទរកថាលើកទី១១ក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក ដែលលោកតែងតែថ្លែងក្រោយពេលមានការបាញ់ប្រហាររង្គាល។
នៅទីនោះក៏នឹងមានវត្តមានរបស់លោកអនុប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតីលោក George W. Bush ផងដែរ។ លោក Josh Earnest អ្នកនាំពាក្យរបស់សេតវិមានបានប្រកាសថា លោក Obama ចង់ព្យាយាមលួងលោមមនុស្សទូទាំងប្រទេស បន្ទាប់ពីមានការបាញ់ប្រហារនៅទីក្រុង Dallas និងការបាញ់សម្លាប់របស់ប៉ូលិសទៅលើបុរសជនជាតិអាហ្វ្រិកអាមេរិកាំង២នាក់ ដែលបានបង្កឲ្យមានការតវ៉ាជាថ្មីឡើងវិញនៅក្នុងទីក្រុងមួយចំនួន។
លោក Earnest បានមានប្រសាសន៍ថា៖ «លោកប្រធានាធិបតីទទួលស្គាល់ថា មិនមែនមានតែប្រជាជនក្នុងទីក្រុង Dallas ប៉ុណ្ណោះទេដែលកំពុងតែមានទុក្ខសោក ប៉ុន្តែ ប្រជាជននៅទូទាំងប្រទេសដែលមានការព្រួយបារម្ភអំពីអំពើហិង្សា ចំពោះហេតុការណ៍ដែលប្រជាពលរដ្ឋអាមេរិកជាច្រើននាក់បានឃើញកាលពីសប្តាហ៍មុននេះក៏មានការព្រួយបារម្ភដែរ។ ហើយការពិតនោះគឺថា នេះគឺជាអំពើហិង្សាដែលយើងធ្លាប់ជួបរួចមកហើយ មិនមែនទើបតែកើតឡើងកាលពីសប្តាហ៍មុននេះនោះទេ ប៉ុន្តែវាបានកើតឡើងញឹកញាប់ខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»
លោក Earnest បានមានប្រសាសន៍ថា លោក Obama ក៏នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃពុធស្អែកនេះនៅឯសេតវិមាន ជាមួយនឹងក្រុមមន្ត្រីអនុវត្តច្បាប់ ក្រុមសកម្មជន សាស្រ្តាចារ្យ និងមេដឹកនាំសង្គមស៊ីវិល ដើម្បីព្យាយាមជំរុញឲ្យមានកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយទៅលើការដាច់ទំនាក់ទំនងរវាងប៉ូលិសនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាច្រើន៕