ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សោកនាដកម្ម​ក្នុង​ទីក្រុង Dallas ធ្វើ​ឲ្យ​លោកObama កាត់ខ្លី​នូវ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​របស់​លោក​


លោកប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ថ្លែងសុន្ទរកថាទៅលើការបាញ់ប៉ូលិសនៅទីក្រុង Dallas ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនានាមកពីសហភាពអឺរ៉ុប។
លោកប្រធានាធិបតី បារ៉ាក់​ អូបាម៉ា ថ្លែងសុន្ទរកថាទៅលើការបាញ់ប៉ូលិសនៅទីក្រុង Dallas ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនានាមកពីសហភាពអឺរ៉ុប។

ការសម្លាប់​ប៉ូលិស​៥​នាក់​ក្នុង​ទីក្រុង Dallas ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក Barack Obama កាត់បន្ថយ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​របស់​លោក​ចំនួន​១​ថ្ងៃ។ ​

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់ លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​កងកម្លាំង​ជិត​១​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ ដើម្បី​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ក្រុមមន្ត្រី​ហៅ​ថា ជា​កងកម្លាំង​មិន​សូវ​ច្រើន ដែល​មាន​គោលបំណង​នឹង​បង្រ្កាប​ភាពគឃ្លើន​របស់​រុស្សី។

សមាជិក​អង្គការ​អូតង់​ក៏​បាន​ឯកភាព​នឹង​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​បាល់កង់ ដូច​ជា ប្រទេស​អេស្តូនី ប្រទេស​ឡេតូនី និង​ប្រទេស​លីទុយអានី ដើម្បី​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​កងកម្លាំង​អង្គការ​អូតង់​និយាយ​ថា គឺ​ជា​ការដាក់​ពង្រាយ​ក្រុម​សម្ព័ន្ធមិត្ត​ដ៏​ធំ​បំផុត ចាប់​តាំង​ពីសង្គ្រាម​ត្រជាក់​បាន​បញ្ចប់រួច​មក។

ការសម្រេច​ក្នុង​ការបង្កើន​កងកម្លាំង​ប្រតិកម្ម​រហ័ស​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ដាក់​សំពាធ​ពី​សំណាក់​មេដឹកនាំ​នៅ​ក្នុង​តំបន់​បាល់កង់ ដែល​ក្រុមអ្នកវិភាគ​និយាយ​ថា ប្រឈម​យ៉ាង​ខ្លាំង​ទៅ​នឹង​ភាពគឃ្លើន​របស់​រុស្សី។ អ្នកវិភាគ​ខាង​ការពារ​ប្រទេស​បាន​និយាយ​ថា ការសិក្សា​របស់​ពួកគេ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា កងកម្លាំង​រុស្សី​អាច​ដណ្តើម​យក​រដ្ឋធានី​នៃ​ប្រទេស​ណាមួយ​ក៏​បាន​ក្នុង​តំបន់​បាល់កង់​ក្នុង​រយៈពេល​៦០​ម៉ោង។ ​

មន្ត្រី​អាមេរិក​និយាយ​ថា បទពិសោធន៍​របស់​ប្រទេស​អ៊ុយក្រែន​បណ្តាល​ឲ្យ​អង្គការអូតង់​ងាក​ការផ្តោត​របស់​ខ្លួន​ពី​ការទុកចិត្ត​ទៅ​ជា​ការរុញរា​ទៅវិញ​ចំពោះ​រុស្សី។
លោក Obama នៅ​ថ្ងៃ​សៅរ៍​នេះ​និយាយ​ផ្តោតច្រើន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​រុស្សី​មិន​បង្ហាញ​សញ្ញាណ​អ្វី​ថា​នឹង​បញ្ចប់ការឈ្លានពាន​របស់​ខ្លួន បន្ទាប់​ពី​បាន​ឈ្លានពាន​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​នោះ​ទេ។ ​

មុន​ពេល​ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ លោក Obama នឹង​ជួប​ជាមួយ​នឹង​ក្រុមមេដឹកនាំ​កំពូល​របស់​អង្គការ​អូតង់ ដូចជា​មេដឹកនាំ​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko ផង​ដែរ៕

XS
SM
MD
LG