ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការថា លោកនឹងឈរឈ្មោះបោះឆ្នោតធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ និងបានស្នើសុំដល់អ្នកបោះឆ្នោតអាមេរិកាំង ទុកពេលឱ្យលោកបង្ហើយការងាររបស់លោក ដែលបានចាប់ផ្តើមកាលពីលោកស្បថចូលកាន់តំណែងក្នុងពេលកន្លងទៅ និងស្នើសុំឱ្យទុកមួយឡែកសិននូវក្តីបារម្ភដែលថា លោកជាប្រធានាធិបតីដ៏ចាស់បំផុតរបស់អាមេរិក ដើម្បីដឹកនាំប្រទេសរយៈពេល៤ឆ្នាំបន្ថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Biden ដែលនឹងមានអាយុ៨៦ឆ្នាំនៅចុងអាណត្តិទី២នោះ ហើយកំពុងធ្វើឱ្យសម្រេចបានលទ្ធផលក្នុងអណត្តិទីមួយជាប្រធានាធិបតី ក៏ដូចជាបទពិសោធន៍អស់រយៈពេលជាង៥០ឆ្នាំក្នុងនាមជាអ្នកនយោបាយក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ កំពុងនាំឲ្យមានការបារម្ភខ្លាំងដល់អ្នកបោះឆ្នោតដោយសារវ័យកាន់តែចាស់របស់លោក។ លោកកំពុងស្ថិតលើដំណើរផ្លូវដ៏ល្អមួយសម្រាប់ក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក ពីព្រោះគេនៅពុំទាន់ឃើញមានគូប្រកួតណាមួយដែលស័ក្តិសមជាងលោកនៅក្នុងគណបក្សរបស់លោកនៅឡើយទេ រហូតមកដល់ពេលនេះ។ ប៉ុន្តែលោកនៅតែស្ថិតក្នុងការតស៊ូខ្លាំងនៅឡើយ ដើម្បីរក្សាកៅអីប្រធានាធិបតី ក្នុងការដឹកនាំប្រទេសអាមេរិកមួយ ដែលកំពុងមានបែកបាក់គ្នាយ៉ាងខ្លាំង។
ការប្រកាសជាផ្លូវការដើម្បីឈរឈ្មោះជាថ្មីធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកក្នុងអាណត្តិក្រោយនេះ ត្រូវបានធ្វើឡើងនៅក្នុងវីដេអូខ្លីមួយដែលមានរយៈពេល៣នាទី ដែលត្រូវបានផ្សព្វផ្សាយនៅចំពេលខួប៤ឆ្នាំ នៅពេលដែលលោក Biden បានប្រកាសឈរឈ្មោះដណ្តើមគ្រប់គ្រងសេតវិមាន
កាលពីឆ្នាំ២០១៩ដោយកាលនោះលោកបានសន្យាថា នឹងផ្សះផ្សាប្រទេសជាតិ បើទោះបីជាមានភាពវឹកវរកើតឡើងដោយសារការដឹកនាំរបស់លោក Donald Trump ក្តី ដែលជាគោលដៅមួយ ដែលនៅមិនទាន់សម្រេចបាននៅឡើយ។
លោក Biden និយាយថា៖ «ខ្ញុំធ្លាប់និយាយថា យើងកំពុងស្ថិតក្នុងការប្រយុទ្ធដើម្បីដួងព្រលឹងប្រទេសអាមេរិក ហើយពេលនេះយើងកំពុងតែស្ថិតក្នុងការតស៊ូនៅឡើយ។ សំណួរនៅត្រង់ថាតើក្នុងបណ្តាឆ្នាំទៅមុខនេះ យើងមានសេរីភាពកាន់តែច្រើនឬតិច មានសិទ្ធិកាន់តែច្រើនឬតិចនោះ៕
វ៉ាស៊ីនតោន —