តុលាការខេត្តព្រះវិហារ នៅថ្ងៃពុធ បានសម្រេចទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអ្នកភូមិជនជាតិដើមភាគតិចកួយ ៨ នាក់ទៀតក្នុងឃុំប្រមេ ដោយធ្វើឲ្យពលរដ្ឋសរុប ១៦ នាក់បានរួចផុតពីបណ្តឹងរបស់ក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តនោះ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក។
សារព័ត៌មានវីអូឌីបានរាយការណ៍នៅថ្ងៃទី៨ ខែកក្កដា ដោយដកស្រង់សម្តី តំណាងអ្នកភូមិជនជាតិដើមភាគតិចកួយទាំងនោះ ដែលនិយាយថា ការសម្រេចរបស់តុលាការខេត្តនោះធ្វើឡើង ក្រោយពីអ្នកភូមិទាំង ៨ នាក់ត្រូវបានកោះហៅកាលពីខែមុន ឲ្យចូលខ្លួនក្នុងសវនាការជំនុំជម្រះពីបទ «ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» តាមបណ្តឹងរបស់ក្រុមហ៊ុនឡានហ្វេង និងក្រុមហ៊ុនរ៉ូយហ្វេង។
ការសម្រេចទម្លាក់ចោលបទចោទប្រឆាំងនឹងអ្នកភូមិក្នុងទំនាស់ដីធ្លីនេះកើតឡើងតែមួយសប្តាហ៍ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួង ៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 លោក ហ៊ុន សែន ក៏បានបញ្ជានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធដកហូតដីពីលោក សង ថន នៅក្នុងករណីទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងករណីទំនាស់ដីធ្លីក្នុងឃុំប្រមេ ខេត្តព្រះវិហារ ដែលអូសបន្លាយតាំងពីឆ្នាំ២០១៥ មក តុលាការខេត្តនេះបានចោទប្រកាន់មនុស្ស ១៦ នាក់រួមទាំងអ្នកភូមិជនជាតិដើមភាគតិចកួយទាំង ៨ នាក់នោះផង ក្រោយពីអ្នកភូមិបាននាំគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិនទាំងពីរ មិនឲ្យឈូសឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិចនៅក្នុងឃុំនោះ។
នៅដើមឆ្នាំ២០២០ នេះ តុលាការខេត្តព្រះវិហារ បានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងមនុស្ស ៨ នាក់រួចហើយក្នុងសំណុំរឿងនេះ ក្រោយពីបានបញ្ចប់នីតិវិធីស៊ើបអង្កេត៕