ប្រធានគណៈកម្មាធិការតុលាការនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Jerry Nadler បាននិយាយថា គណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវឃើញរបាយការណ៍ទាំងស្រុងរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller ដោយសារតែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr មានលក្ខណៈលម្អៀង។
លោក Nadler បានបញ្ជាក់នៅក្នុងកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «លោក William Barr គឺជាភ្នាក់ងារនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។ លោកគឺជាអ្នកដែលលោក Trump បានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដូច្នេះលោកប្រហែលជាការពារផលប្រយោជន៍របស់លោក Trump បានយ៉ាងល្អជាមិនខាន»។
លោក Nadler បានបន្ថែមដូច្នេះថា លោក Barr គឺជា «អ្នកការពារលម្អៀងនៃរដ្ឋបាលរបស់លោក Trump»។
ការលើកឡើងរបស់លោក Nadler នេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីមានការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានាដែលថា ក្រុមរបស់លោក Mueller មិនសប្បាយចិត្តជាមួយនឹងសេចក្ដីសង្ខេបរបស់លោក Barr អំពីរបាយការណ៍នៃការស៊ើបអង្កេតរបស់លោក Mueller លើករណីថា តើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មានបានឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីដើម្បីជួយឲ្យលោក Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០១៦ ដែរឬទេ។
បើយោងតាមសេចក្ដីសង្ខេបរបស់លោក Barr លោក Mueller មិនបានរកឃើញភស្តុតាងណាមួយ ដែលថាលោក Trump ឬក៏យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានឃុបឃិតជាមួយនឹងរុស្ស៊ីនោះទេ។
លោក Nadler និងសមាជិកខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការតុលាការនៃរដ្ឋសភាបានស្នើលោក Barr ឲ្យផ្សព្វផ្សាយរបាយការណ៍ទាំងស្រុង និងភស្តុតាងទាំងឡាយណាដែលលោក Mueller បានប្រើនៅក្នុងការស៊ើបអង្កេតនេះ៕