សម្តេចប៉ាប Francis បានធ្វើជាព្រះរាជអធិបតីក្នុងពិធីបុណ្យព្រះសពរបស់អតីតសម្តេចប៉ាប Benedict នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្តែងការគោរពប្រៀបធៀបអ្នកកាន់តំណែងមុនរបស់ព្រះអង្គ ទៅនឹងព្រះយេស៊ូវ នៅចំពោះមុខអ្នកកាន់ទុក្ខរាប់ម៉ឺននាក់នៅទីលាន St. Peter's Basilica។
ខណៈជួងបានបន្លឺសំឡេង អ្នកកាន់ក្ដារមឈូសចំនួន ១២ នាក់បានយកមឈូសឈើដែលដាក់ព្រះសពរបស់សម្តេចប៉ាប Benedict ចេញពីវិហារ St. Peter's Basilica ហើយយកទៅដាក់តម្កល់នៅទីធ្លានៅមុខព្រះវិហារធំជាងគេក្នុងពិភពគ្រិស្ទសាសនា។
ការអបអរសាទរបានផ្ទុះឡើងនៅពាសពេញទីធ្លាដ៏ធំល្វឹងល្វើយដែលគ្របដណ្ដប់ដោយអ័ព្ទ ជាសញ្ញានៃការគោរពចំពោះសម្តេចប៉ាប Benedict ដែលជាវីរបុរសចំពោះអ្នកកាន់សាសនាគ្រិស្ទនិកាយរ៉ូម៉ាំងកាតូលិកអភិរក្សនិយម ដែលព្រះអង្គបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការលាលែងពីតំណែងជិតមួយទសវត្សរ៍មុន។
បព្វជិតមកពីជុំវិញពិភពលោក ប្រមុខរដ្ឋមួយចំនួនតូច និងអ្នកស្មោះស្ម័គ្ររាប់ពាន់នាក់បានចូលរួមក្នុងពិធីនេះ ខណៈដែលព្រះអាទិត្យបានទម្លុះអ័ព្ទបន្តិចម្តងៗ។
បុគ្គលិកសន្តិសុខអ៊ីតាលីជាង១០០០ នាក់ត្រូវបានហៅឱ្យជួយការពារព្រឹត្តិការណ៍នេះ ហើយលំហអាកាសនៅជុំវិញបុរីវ៉ាទីកង់ដ៏តូចត្រូវបានបិទមួយថ្ងៃ។ ប្រទេសអ៊ីតាលីបានបញ្ជាឲ្យបង្ហូតទង់ជាតិនៅពាក់កណ្តាលដងនៅទូទាំងប្រទេស៕