អ្នកវាយតម្លៃអាហារូបត្ថម្ភរបស់អង្គការយូនីសេហ្វ (UNICEF)បានរកឃើញថា អត្រាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិតរបស់កុមារបានកើនឡើងយ៉ាងខ្លាំងចំពោះកុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សាក្នុងប្រទេសភូមាឬ មីយ៉ាន់ម៉ាទៅកាន់ទីក្រុង Cox's Bazar នៅប្រទេសបង់ក្លាដែស។
ការស្ទង់មតិដែលបានធ្វើឡើងនាពេលថ្មីៗនេះនៅជំរំ Kutupalongក្នុងទីក្រុង Cox's Bazarបានបង្ហាញថា ៧,៥%នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាកុមារបានរងគ្រោះពីការខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។ អង្គការ UNICEF បានឲ្យដឹងថា តួលេខនេះគឺយ៉ាងហោចណាស់មានចំនួន២ដងច្រើនជាងអ្វីដែលបានឃើញនៅក្នុងចំណោមកុមាររត់ភៀសខ្លួនទាំងអស់តាំងពីខែឧសភាឆ្នាំនេះ។ មកដល់ពេលនេះ វាមានរយៈពេល៤ខែហើយគឺចាប់តាំងពីមុនពេលមានការចាប់ផ្តើមរត់ភៀសខ្លួនយ៉ាងច្រើនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីភាគខាងជើងរដ្ឋ Rakhine ប្រទេសភូមាឬ មីយ៉ាន់ម៉ា។
អ្នកនាំពាក្យរបស់អង្គការ UNICEF គឺលោក Christophe Boulierac បានមានប្រសាសន៍ថា វាពិតជាគួរឲ្យព្រួយបារម្ភណាស់ នៅពេលដែលកុមារអាចស្លាប់បាត់បង់ជីវិតដោយសារកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ដែលស្ថានភាពនេះជាអ្វីដែលអាចបង្ការ និងព្យាបាលបាន។
លោក Boulierac បានថ្លែងថា៖ «អាត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅរដ្ឋ Rakhine ដែលនៅភាគខាងជើងនេះគឺមានចំនួនលើសពីចំនួនប្រកាសអាសន្នទៅទៀត។ ស្ថានភាពរបស់កុមារទាំងនេះមានសភាពរឹតតែយ៉ាប់យ៉ឺនឡើងដោយសារតែពួកគេបានធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ព្រំប្រទល់ប្រទេស ហើយនិងដោយសារតែស្ថានភាពរស់នៅក្នុងជំរំមិនល្អ»។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង៦សែននាក់បានរត់ភៀសខ្លួនចេញពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ាតាំងពីថ្ងៃទី២៥ខែសីហាកន្លងទៅនេះ។ ជនភៀសខ្លួនប្រមាណជា២ម៉ឺន៥ពាន់នាក់កំពុងរស់នៅក្នុងជំរំ Kutupalong ដែលជាជំរំត្រូវបានគេធ្វើការវាយតម្លៃអំពីកង្វះអាហារូបត្ថម្ភនេះ។ អង្គការ UNICEF បានឲ្យដឹងថា ជនភៀសខ្លួនកំពុងខ្វះខាតអាហារ និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះ និង ស្ថានភាពកង្វះអានាម័យ អាចធ្វើឲ្យមានជម្ងឺរាគរូស ជម្ងឺប៉ះពាល់ផ្លូវដង្ហើម និង ជម្ងឺផ្សេងៗទៀតបានកើនឡើង។
លោក Boulierac បានមានប្រសាសន៍ថា កុមារដែលប៉ះពាល់ដោយកង្វះអាហារូបត្ថម្ភជាង២ពាន់នាក់បានទទួលការព្យាបាលពីអង្គការ UNICEF និង ដៃគូនៅមជ្ឈមណ្ឌលចំនួន១៥កន្លែង។ លោកបានប្រាប់ វីអូអេថា មជ្ឈមណ្ឌលព្យាបាលជាច្រើនទៀតនឹងត្រូវរៀបចំឡើង ក៏ប៉ុន្តែការរៀបចំឡើងនេះមិនអាចលឿនគ្រប់គ្រាន់ដើម្បីជួយដល់ក្មេងៗជាង១ម៉ឺន៧ពាន់នាក់ដែលកំពុងតែត្រូវការអាហារបំប៉នពិសេសនោះទេ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង