ការទទួលរាក់ទាក់កក់ក្តៅដល់លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo ក្នុងទីក្រុងប្រាក កាលពីសប្តាហ៍ទីពីរនៃខែសីហា ឆ្លុះបញ្ចាំងការទទួលស្វាគមន៍វិនិយោគនៅក្នុងសាធារណរដ្ឋឆែក និងសេចក្តីថ្លៃថ្នូរបែបប្រជាធិបតេយ្យដែលមានដូចគ្នាដែរ។ គេយល់ឃើញថា គុណវិបត្តិក្នុងវិស័យទាំងពីរនេះបាននាំឱ្យមានការចុះថយនៃការទាក់ទងគ្នាធ្លាប់មានភាពល្អប្រសើររវាងរដ្ឋាភិបាលក្រុងប្រាក និងរដ្ឋាភិបាលក្រុងប៉េកាំង។
កាលពីពីរបីឆ្នាំមុននេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប្រាក និងរដ្ឋាភិបាលក្រុងប៉េកាំងមានជោគជ័យច្រើនដែលបានត្រូវកំណត់ដោយទស្សនកិច្ចញឹកញយដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរនេះនៅក្នុងរដ្ឋធានីនៃប្រទេសនីមួយៗ។ នៅពេលលោកប្រធានាធិបតីចិន Xi Jinping ទៅដល់ក្រុងប្រាក កាលពីខែមីនាឆ្នាំ២០១៦ លោកបានទទួលការគោរពដោយការបាញ់កាំភ្លើងធំ២១ណាត់និងការទទួលស្វាគមន៍អ៊ឹកធឹកផងដែរ។
នៅពេលរដ្ឋាភិបាលប្រទេសទាំងពីរនេះមានការទាក់ទងគ្នាដល់កម្រិតខ្ពស់ លោក Ye Jianming ប្រធាននៃកិច្ចប្រតិបត្តិការបណ្តាក់ទុនរបស់ចិនក្នុងក្រុងប្រាក មានការិយាល័យមួយនៅក្នុងបរិវេណការិយាល័យប្រធានាធិបតីមានកំផែងព័ទ្ធជុំវិញ។ ក៏ប៉ុន្តែការទាក់ទងគ្នារវាងរដ្ឋាភិបាលទាំងពីរនេះមានភាពជូរចត់នៅពេលលោក Ye ចាកចេញពីប្រទេសនេះនៅពេលមានរឿងអាស្រូវអន្តរជាតិកម្រិតខ្ពស់ដោយក្រុមហ៊ុន ឆែកនិយាយអះអាងថា លោកបានជំពាក់ប្រាក់ច្រើនដល់ក្រុមហ៊ុនទាំងនេះ។
កាលពីសប្តាហ៍ទីពីរនៃខែសីហា នៅពេលលោកនិយាយនៅជិតលោក Pompeo លោកនាយករដ្ឋមន្ត្រីឆែក Andrej Babis បានត្អូញត្អែរថា ពួកចិន«មិនបានបណ្តាក់ទុនក្នុងសាធារណរដ្ឋឆែក តាមវិធីដែលខ្ញុំយល់ថា ពួកគេគួរធ្វើនោះទេ»។
លោកបាននិយាយថា ជាការផ្ទុយពីអ្វីដែលពួកចិនបានធ្វើ «មានអ្នកបណ្តាក់ទុនស.រ.អា.២ពាន់៥រយនាក់នៅទីនេះក្នុងសាធារណរដ្ឋឆែក ដែលបានបង្កើតការងារសម្រាប់មនុស្ស៥ម៉ឺន៥ពាន់នាក់»។
លោក Hynek Kmonicek ឯកអគ្គរដ្ឋទូតឆែកប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបាន និយាយបន្ថែមអំពីការតប់ប្រមល់របស់សាធារណេរដ្ឋឆែកជាមួយប្រទេសចិននៅក្នុងការឆ្លើយតបនឹងសំណួររបស់វីអូអេ។
លោក Hynek Kmonicek បានសរសេរថា៖ «ការបណ្តាក់ទុនចិននៅក្នុងសាធារណរដ្ឋឆែកនៅពេលនេះមិនមានច្រើនទេ តែមានការនិយាយច្រើនអំពីវិនិយោគនេះ។ ការពិនិត្យពិច័្ចយវិនិយោគក្នុងពេលអានាគតជាប្រធានបទមួយហើយយើងនឹងធ្វើការជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តស.រ.អា.របស់យើង»។
លោក Hynek Kmonicek បាននិយាយថា សាធារណរដ្ឋឆែក និងស.រ.អា.ឱ្យតម្លៃខ្ពស់ដល់«គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ដែលលោកបានហៅថាជា«សសរស្តម្ភមួយ»នៃគោលនយោបាយការបរទេសរបស់ប្រទេសលោក។
លោកឯកអគ្គរដ្ឋទូត ឆែក រូបនេះបានថ្លែងថា កេរដំណែលលោក Vaclav Havel ដែលជាអ្នកប្រឆាំងដឹកនាំចលនាប្រឆាំងនឹងពួកកុម្មុយនីស្ត និងបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតទីមួយតាមរយៈការបោះឆ្នោតមានប្រជាប្រិយភាពរបស់ប្រទេសនៅតែ«មានសារៈសំខាន់ណាស់»ទាក់ទិននឹង«មុខមាត់ផ្ទាល់»របស់សាធារណរដ្ឋឆែក។
មនោសញ្ចេតនានេះបានត្រូវគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមគ្នារបស់លោក Pompeo ជាមួយលោក Babis ដែលបានសម្តែងការទង្គុកចិត្តអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសបេឡារុស នៅជិតខាងសាធារណរដ្ឋឆែក។ នៅក្នុងប្រទេសបេឡារុស ក្រុមបាតុករបានធ្វើការតវ៉ាតាមផ្លូវច្រើនថ្ងៃមកហើយអំពីអ្វីដែលពួកគេឃើញថា ជាការបោះឆ្នោតគៃបន្លំដើម្បីធ្វើឱ្យប្រធានាធិបតី Alexander Lukashenko បានកាន់តំណែងតទៅទៀត។
នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា៖«ខ្ញុំមិនគិតថា មានហេតុការណ៍ដូចនេះកើតមាននៅក្នុងទ្វីបអឺរ៉ុបនៅជិតប្រទេសយើងទេ»។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យចាត់វិធានការជាក់ស្តែងដើម្បីជួយធ្វើឱ្យប្រាកដប្រជាថា«ប្រជាពលរដ្ឋបេឡារុសមានសិទ្ធិក្នុងការមានសេរីភាពដូចយើងដែរ»។
ផ្ទុយទៅវិញ ប្រទេសចិនហាក់ដូចជាគាំទ្របុរសដែលជួនកាលបានត្រូវពណ៌នាថា ជាអ្នកកាន់អំណាចផ្តាច់ការចុងក្រោយបង្អស់ក្នុងទ្វីបអឺរ៉ុប។ អ្វីដែលហាក់ដូចជារូបនៃការតវ៉ាតាមទូរទស្សន៍គ្រប់គ្រងដោយរដ្ឋគឺ China Central Television នៃប្រទេសចិនក្នុងសប្តាហ៍ទីបីនៃខែសីហាបានត្រូវពណ៌នាថា ជាការគាំទ្រខ្លាំងក្លាដល់លោកLukashenko។
ឧប្បត្តិហេតុនេះបណ្តាលឱ្យមានការខឹងសម្បារតាមបណ្តាញសង្គមភាសាចិន។ អ្នកធ្វើអត្ថាធិប្បាយមានប្រជាប្រិយភាពម្នាក់បានបង្ហោះវីដេអូនោះរបស់ទូរទស្សន៍ CCTVតាម Twitter ដោយពណ៌នាប្រតិកម្មរបស់អ្នកស្រីថា«និយាយមិនចេញ»។
កាសែត Global Times គ្រប់គ្រងដោយគណបក្សកុម្មុយនីស្តចិនសម្តែងការសោកស្តាយថា ពួកអឺរ៉ុបបានធ្វើឱ្យប្រទេសចិនជាប្រទេសមួយត្រូវគេបោះបង់ ទោះណាជាប្រទេសចិនបានធ្វើល្អចំពោះទ្វីបនោះក៏ដោយ។ អ្នកសរសេរអត្ថបទក្នុងសារព័ត៌មាននេះបានសុំឲ្យប្រទេសនានាក្នុងទ្វីបអឺរ៉ុបប្រកែកមិនធ្វើជាអ្វីដែលកាសែតនេះថា«ជាកូនអុកនិងទាសករខាងយុទ្ធសាស្ត្រ»របស់ប្រទេសអាមេរិក។
នៅពេលត្រូវសួរឱ្យធ្វើអត្ថាធិប្បាយអំពីការនិយាយថា ស.រ.អា.កំពុងប្រើពួកឆែកដើម្បីជំរុញគោលដៅរបស់ខ្លួនផ្ទាល់នោះលោក Kmonicek បាននិយាយថា៖«សេចក្តីថ្លែងការណ៍តែមួយគត់បែបនេះមានតែមកពីប្រធាននៃគណបក្សកុម្មុយនីស្តឆែកប៉ុណ្ណោះ»។
ប្រជាពលរដ្ឋអតីតប្រទេសឆេកូស្លូវ៉ាគីបានបណ្តេញពួកកុម្មុយនីស្តចេញពីអំណាចកាលពី ៣០ឆ្នាំមុននេះនៅពេលសហភាពសូវៀតបានដួលរលំ។ គណបក្សកុម្មុយនីស្តដែលនៅមានក្នុងប្រទេសឆែក គ្មានអាសនៈនៅក្នុងព្រឹទ្ធសភាទេ ហើយសមាជិកពួកគេនៅក្នុងរដ្ឋសភាជាន់ទាបក៏បានចុះថយដែរកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ