រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នឹងលុបចោលដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កាក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចនៅពេលខាងមុខរបស់លោកទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានការអមដំណើរប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំទៅចូលរួមជំនួបកំពូលរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ចំនួន២០ប្រទេសរបស់ពិភពលោកហើយថា G-20 នៅក្នុងប្រទេសជប៉ុន។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកូឡុំបូនៃប្រទេសស្រីលង្កា បានលើកហេតុផលពីគម្រោងជាន់គ្នាដែលលោកមិនអាចធ្វើដំណើរទៅកាន់ប្រទេសនោះ ដែលកើតមានឡើងជិត ២ខែ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏ប្រល័យនៅថ្ងៃបុណ្យប៉ាកនៅថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សជាង ២៥០នាក់នៅឯសណ្ឋាគារ និងវិហារគ្រិស្តសាសនា។
ស្ថានទូតអាមេរិកប្រាប់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោករដ្ឋមន្រ្តីការបរទេស Pompeo មានការសោកស្តាយដែលថា លោកមិនអាចទៅបំពេញទស្សនកិច្ចរដ្ឋធានីកូឡុំបូនៅពេលនេះ។ លោកសង្ឃឹមនឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កានៅពេលក្រោយដើម្បីសង្កត់ពីភាពជាដៃគូយ៉ាងខ្លាំងរបស់យើងជាមួយស្រីលង្កាដែលបានតាំងចិត្តដើម្បីលទ្ធិប្រជាធិបតេយ្យ ការរីកលូតលាស់សេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»។
អ្នកការទូតកំពូលសហរដ្ឋអាមេរិកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី ២៤ដល់ថ្ងៃទី ៣០ខែមិថុនានេះ ដើម្បីពង្រីកភាពជាដៃគូរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បញ្ហាពាណិជ្ជកម្មនិងកូរ៉េខាងជើងស្ថិតនៅរបៀបវារៈលើគេបង្អស់។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់រដ្ឋធានី New Dehli កើតមានឡើងបន្ទាប់ពីការសម្រេចរបស់ប្រធានាធិបតីត្រាំដើម្បីបញ្ចប់ភាពអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសឥណ្ឌានៅពេលដែលជម្លោះយ៉ាងខ្លាំងពីបញ្ហាការការពារទំនិញក្នុងស្រុក៕