រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឱ្យមន្រ្តីកងកម្លាំងនគរបាលជាតិ ដែលមានក្បាលពោះធំៗ ហាមចេញអនុវត្តការងារនៅខាងក្រៅ ដើម្បីធានាបានភាពមាំទាំផ្នែកសុខភាព និងបញ្ចៀសការរិះគន់ទាំងឡាយ។
ក្នុងសារសំឡេងដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យស្នងការរាជធានី ខេត្ត ក្រុងទាំងអស់ ពិនិត្យមើល និងកែលម្អឡើងវិញចំពោះមន្រ្តីកងកម្លាំងនគរបាលជាតិដែលមានក្បាលពោះធំ។
លោកថ្លែងថា៖ «ស្នើសុំធ្វើម៉េចចំពោះនគរបាលដែលគាត់មានមាឌធំ ដុះក្បាលពោះ ដុះស្អីៗទាំងអស់នេះ មិនមែនមិនឱ្យគាត់ធ្វើការទេ ប៉ុន្តែឱ្យគាត់ធ្វើការនៅក្នុងប៊ុយរ៉ូ [ការិយាល័យ] ហាមដាច់ខាតកុំឱ្យគាត់ចេញទៅអនុវត្តកិច្ចការងារ ជាពិសេសទៅលើការប៉ះពាល់ជាមួយមហាជន ជាពិសេសខាងក្រៅនេះ។ អ៊ីចឹងហើយសុំឱ្យអនុវត្តកិច្ចការនេះឱ្យបានម៉ឺងម៉ាត់»។
លោក ស សុខា បន្ថែមថា ប្រសិនបើមន្រ្តីកងកម្លាំងនគរបាលជាតិដែលមានក្បាលពោះធំចង់បម្រើកិច្ចការដូចធម្មតាវិញ គឺតម្រូវឱ្យសម្រកទម្ងន់។
លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការណែនាំរបស់លោក ស សុខា ធ្វើឡើងទៅតាមគោលការណ៍កាយសម្បទា គោលការណ៍សុខភាព និងសាធារណមតិ។ លោកថា កន្លងមកពេលកងកម្លាំងដែលមានក្បាលពោះធំជ្រុលចេញប្រតិបត្តិការខាងក្រៅ ដូចជាសម្រួលចរាចរណ៍ និងបង្ក្រាបបទល្មើស មហាជនតែងនិយាយរិះគន់ ពាក់ព័ន្ធនឹងក្បាលពោះធំ។
លោកថ្លែងថា៖ «នេះគឺជាការយកចិត្តទុកចំពោះសុខភាពរបស់គាត់ ចំពោះប្រសិទ្ធភាពនៃការបំពេញការងាររបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យបានល្អប្រសើរទាំងសម្រាប់ការងារបំពេញជូនជាតិ ប្រជាជន ទាំង កាយសម្បទាមាំមួនចំពោះសុខភាពល្អរបស់គាត់ និងទាំងកុំឱ្យមានការលេងសើច បង្អាប់អីពីប្រជាពលរដ្ឋពេលគាត់ចេញធ្វើការ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា ការចេញសាររបស់លោក ស សុខា ជាថ្មីទាក់ទងនឹងមន្រ្តីកងកម្លាំងនគរបាលជាតិដែលមានក្បាលពោះធំៗ អាចជួយទប់ស្កាត់បញ្ហានានារបស់មន្រ្តីនគរបាល ក្នុងការចេញទៅអនុវត្តកិច្ចការងារនៅខាងក្រៅ ដោយសារតែបញ្ហាសុខភាព។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បញ្ហានេះវាពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់គាត់ទេ។ បើសិនថា គាត់មានសុខភាពល្អ គាត់មានភាពឆ្លាតវៃ គាត់ពូកែគឺគាត់មិនជាបញ្ហាទេ។ ប៉ុន្តែបើគាត់ធាត់ ធាត់ខ្លាំង លើសទម្ងន់ខ្លាំង ដែលថា គាត់មានជំងឺ ហើយចេញទៅបង្រ្កាបបទល្មើស ចុះបើគាត់មិនអាចរត់តាមទាន់ជនល្មើស ត្រូវការអ្នកដែលមានកម្លាំងមាំមួន»។
បើតាមប្រកាសស្តីពីលក្ខខណ្ឌជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិឆ្នាំ២០១៦ ការប្រឡងជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ និងការិយាល័យជំនាញនៃស្នងការនគរបាលរាជធានី-ខេត្ត ត្រូវមានសុខភាពល្អ កាយសម្បទាមាំមួន គ្មានជំងឺឆ្លង មានកម្ពស់១,៦៧ម៉ែត្រ សមាមាត្រទៅនឹងទម្ងន់ពី៥៧-៦៧គីឡូក្រាមចំពោះបុរស និងមានកម្ពស់១,៥៧ម៉ែត្រឡើង មានទម្ងន់៤៧-៥៧គីឡូក្រាម ចំពោះនារី៕
វេទិកាបញ្ចេញមតិ