គម្រោងអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាមដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ មានគោលបំណងសម្រេចបាននូវការគ្មានបំភាយកាបូនត្រឹមឆ្នាំ២០៥០ ទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃទី១៦ ខែឧសភា ប៉ុន្តែប្រឈមនឹងឧបសគ្គក្នុងការអនុម័តនិងឧបសគ្គផ្នែកមូលនិធិ។
គម្រោង PDP8 ឬ Power Development Plan 8ដែលត្រូវបានពន្យារពេលជាង២ឆ្នាំ មានគោលដៅចាប់ផ្តើមនៅឆ្នាំ២០៣០ និងចង់សម្រេចបានត្រឹមឆ្នាំ២០៥០។ គម្រោង PDP8 ត្រូវការថវិកា១៣៤,៧ ពាន់លានដុល្លារសម្រាប់រោងចក្រថាមពលថ្មីនិងបង្គោលថាមពលដើម្បីអាចចាប់ផ្តើមធ្វើទៅបាននៅឆ្នាំ២០៣០។ ដើម្បីលុបបំបាត់ធ្យូងថ្មទាំងស្រុងត្រឹមឆ្នាំ២០៥០ រដ្ឋាភិបាលត្រូវការថវិកាប្រមាណ ៦៥៨ ពាន់លានដុល្លារ។
ការអនុម័ត ថវិកា និងការប្តេជ្ញារបស់រដ្ឋាភិបាលទាំងមូលដើម្បីលុបបំបាត់ធ្យូងថ្មប្រឈមនឹងការលំបាក។
លោក Ha Hoang Hop អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋាននៅទីក្រុងហាណូយបានថ្លែងថា៖«គម្រោងនេះជាបញ្ហាប្រឈមធំមួយ។ គម្រោងនេះអាចអនុម័តទៅបានលុះត្រាតែត្រូវកែទម្រង់វិស័យថាមពលវៀតណាមទាំងមូលឡើងវិញតែម្តង»។
ក្រោមគម្រោងនេះ វៀតណាមនឹងត្រូវការបង្កើនសមត្ថភាពបង្កើតថាមពលជាង២ដងត្រឹមឆ្នាំ២០៣០។ ធ្យូងថ្មនៅតែជាប្រភពថាមពលចម្បងក្នុងទសវត្សរ៍២០២០។ ឧស្ម័នធម្មជាតិរាវអាចជាប្រភពថាមពលចម្បងនៅឆ្នាំ២០៣០ ក្រៅពីនេះមានដូចជាថាមពលទឹក ខ្យល់ ព្រះអាទិត្យនិងជីវម៉ាស។
វៀតណាមជាប្រទេសជោគជ័យមុនគេមួយផ្នែកថាមពលកកើតឡើងវិញ ដែលបានបំពាក់ថាមពលប្រើដោយខ្យល់និងព្រះអាទិត្យច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០១៩ ប៉ុន្តែមានបង្គោលថាមពលជាតិទំនើបតិចតួចប៉ុណ្ណោះ។ ជាលទ្ធផល ថាមពលភាគច្រើនត្រូវបានខ្ជះខ្ជាយ ខណៈក្រុមហ៊ុនអគ្គិសនីគ្រប់គ្រងដោយរដ្ឋ EVN ដាក់កម្រិតលើសមិទ្ធផលដើម្បីរារាំងការផ្ទុកលើសតម្រូវការ។ បន្ថែមពីលើនេះ ការស៊ើបអង្កេតមួយទៅលើក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានលាតត្រដាងថាក្រុមមន្ត្រីបានអនុញ្ញាតឱ្យមានគម្រោងថាមពលសូឡាច្រើនជាងអ្វីដែលគួរត្រូវបានអនុញ្ញាត។
លោក Dang Nguyen អ្នកជំនាញផ្នែកច្បាប់ក្នុងវិស័យថាមពលដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញថ្លែងថា៖«ឥឡូវនេះមានថាមពលសូឡាច្រើនពេក»។ គម្រោងសូឡាថ្មីនឹងត្រូវផ្អាកសិនរហូតដល់ឆ្នាំ២០៣០ ប៉ុន្តែទស្សនៈវិស័យនៃគម្រោងថាមពលខ្យល់មានសុទិដ្ឋិនិយមជាងមុន។
លោក Nguyen បានថ្លែងថា៖« ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុញ្ញាត ហើយអនុញ្ញាតទៀត។ មិនច្បាស់ថាក្រសួងនេះអនុញ្ញាតលើសដែនសមត្ថកិច្ចខ្លួនឬក៏អត់»។
ថវិកានិងការកាត់បន្ថយធ្យូងថ្ម
លោកChinh ប្តេជ្ញាកែប្រែវៀតណាមឱ្យទៅជាប្រទេសដែលគ្មានការបំភាយកាបូនត្រឹមឆ្នាំ២០៥០ នៅឯសន្និសីទស្តីពីបញ្ហាប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២១។ លោកអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍នានាជួយដល់វៀតណាមក្នុងពេលផ្លាស់ប្តូរទៅជាប្រទេសបៃតងនេះ។
មូលនិធិអន្តរជាតិមានដូចជាកិច្ចព្រមព្រៀងភាពជាដៃគូថាមពល JETP ដែលមានទឹកប្រាក់១៥,៥ពាន់លានដុល្លាររវាងវៀតណាមនិងប្រទេស G7 បូកបញ្ចូលប្រទេសន័រវែសនិងដាណឺម៉ាក។ ក្រោយចរចាអស់រយៈពេលយូរ កិច្ចព្រមព្រៀងមួយសម្រេចបានកាលពីខែធ្នូ ប៉ុន្តែថវិកាមិនទាន់ទទួលបាននៅឡើយទេ រហូតទាល់តែគម្រោង PDP8 ត្រូវបានអនុម័តសិន។
លោក Zachary Abuza អ្នកជំនាញតំបន់អាស៊ីអាគ្នេយ៍នៅមហាវិទ្យាល័យ National War ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា គម្រោង PDP8នៅមានចំណុចខ្វះខាត គឺមានត្រឹមគ្រប់គ្រាន់សម្រាប់ទទួលបានថវិកាពីគម្រោង JETP ក៏ដូចជា វិនិយោគឯកជនក្នុងគម្រោងថាមពលកកើតឡើងវិញប៉ុណ្ណោះ។
លោកបានថ្លែងថា៖«គម្រោងនេះមិនបានរៀបរាប់ឱ្យលម្អិត។ គឺមិនមានភាពច្បាស់លាស់។ ពួកគេធ្វើឱ្យតែបាន ដើម្បីទទួលថវិកា១៥,៥ពាន់លានពីគម្រោង JETP និងថវិកាប្រមាណ៥ពាន់លានពីវិនិយោគឯកជនកំពុងជាប់គាំង»។
អ្នកជំនាញថាមពលមួយរូបនៅទីក្រុងហូជីមិញដែលសុំមិនបញ្ចេញឈ្មោះដោយសារលោកមិនបានការអនុញ្ញាតឱ្យនិយាយជាសារធារណៈបានថ្លែងថា មិនមានភាពច្បាស់លាស់នោះទេថា ថវិការបស់គម្រោង JETP នឹងត្រូវបានបញ្ចេញមកឬក៏អត់នោះទេ។
លោកបានថ្លែងថា៖«គ្រប់គ្នានិយាយអំពីមូលនិធិ JETP ប៉ុន្តែថាតើថវិកានេះនឹងត្រូវគេបញ្ចេញមកឬក៏អត់នោះ គឺគ្មាននរណាដឹងនោះទេ»។
បន្ថែមពីលើនេះទៀត លោកបារម្ភពីកង្វះខាតថវិកាដល់ឆ្នាំ២០៥០ ដែលប្រើថវិការដ្ឋាភិបាលនិងយន្តការតម្លៃទូទាំងប្រទេសសម្រាប់ថាមពលកកើតឡើងវិញ។
លោកថ្លែងបន្ថែមថា៖«រដ្ឋាភិបាលមិនមានថវិកានោះទេ ហើយវិស័យឯកជន យន្តការតម្លៃគឺជាបញ្ហាធំបំផុត»។
ការគាំទ្រសរុបក្នុងជួររដ្ឋាភិបាលដើម្បីលុបបំបាត់ធ្យូងថ្មក៏នៅមានភាពស្រពេចស្រពិល។ អ្នកស្រី Nguy Thi Khanh ដែលជាអ្នកដឹកនាំយុទ្ធនាការប្រឆាំងធ្យូងថ្មក្នុងប្រទេសនេះត្រូវជាប់ពន្ធនាគារ ១៦ខែពីបទបំពានលើការបង់ពន្ធកាលពីខែមិថុនាឆ្នាំមុន។ អ្នកស្រី Khanh ត្រូវបានដោះលែងវិញ៥ខែមុនពេលកំណត់គឺកាលពីដើមខែឧសភា ប៉ុន្តែការចាប់អ្នកស្រីដាក់ពន្ធនាគារបង្ហាញឱ្យឃើញពីការបែកបាក់នៅក្នុងជួររដ្ឋាភិបាលពាក់ព័ន្ធនឹងការលុបបំបាត់ធ្យូងថ្ម។
លោក Abuza ថ្លែងថា៖«មានចំណាប់អារម្មណ៍ជាច្រើនពាក់ព័ន្ធនឹងធ្យូងថ្មនិងថាមពលដទៃទៀត។ វាជាប្រព័ន្ធដែលអាប់អួរនិងពុករលួយដែលពួកគេអាចទទួលបានការចោទប្រកាន់»។
លោកBen Swanton សហនាយកនៃក្រុមសិទ្ធិមនុស្ស The 88 Project ឬគម្រោង៨៨ថ្លែងថា ការដោះលែងអ្នកស្រី Khanh បង្ហាញពីសម្ពាធខាងក្រៅដែលអាចជំរុញវៀតណាមឱ្យដោះលែងសកម្មជនបរិស្ថានដែលជាប់ពន្ធនាគារ។
លោក Swanton បានសរសេរក្នុងអ៊ីម៉េលថា៖«កម្រណាស់ដែលអ្នកទោសនយោបាយអាចត្រូវបានគេដោះលែងមុនពេលកំណត់។ ក្នុងករណីអ្នកស្រី Khanh មានសម្ពាធការទូតទៅលើរដ្ឋាភិបាលវៀតណាមឱ្យដោះលែងអ្នកស្រី សម្ពាធដែលកើនឡើងក្រោយរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលលើគម្រោង JETP»។
ទោះជាយ៉ាងនេះក្តី ការសំដៅលើអ្នកបរិស្ថាននៅតែបន្ត ដោយប៉ូលិសនៅទីក្រុងហូជីមិញបានចាប់ខ្លួនសកម្មជនបរិស្ថានដ៏ល្បីល្បាញមួយរូបគឺអ្នកស្រី Hoang Thi Minh Hong ពីបទបំពានពន្ធកាលពីថ្ងៃទី៣០ ខែឧសភា។
លោក Phil Robertson បានថ្លែងក្នុងសំបុត្រមួយទៅកាន់អ្នកកាសែតថា៖«ការប្រើប្រាស់ច្បាប់ពន្ធដារដ៏ស្រពេចស្រពិលរបស់វៀតណាមសំដៅទៅលើសកម្មជនបរិស្ថាននិងសកម្មជនបញ្ហាប្រែប្រួលអាកាសធាតុជាមួយនឹងការធ្វើទុកបុកម្នេញដែលមានហេតុផលនយោបាយគឺជារឿងថ្មី ដែលគួរឱ្យព្រួយបារម្ភខ្លាំង។ អ្នកស្រី Hoang Thi Minh Hong គឺជាជនរងគ្រោះថ្មីទៀត»។
លោកថ្លែងបន្ថែមថា៖«ការគាបសង្កត់ថ្មីៗនេះកើតឡើង ស្របពេលដែលវៀតណាមអះអាងថាខ្លួននឹងកាត់បន្ថយការបំភាយកាបូនដោយប្រើថវិកាបរទេសដ៏ច្រើនសន្ធឹកសន្ធាប់»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា