ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕