ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​ខ្មែរ​កាត់​ចិន​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន


ប្រជាជន​ខ្មែរ​ ខ្មែរ​កាត់ចិន និង​ខ្មែរ​កាត់​វៀតណាម​រាប់ពាន់នាក់​បាន​ទៅ​ធ្វើការបន់ស្រន់​សុំសេចក្តី​សុខ​នៅ​វិហារ​ព្រះចៅ​លើ​រមណីយដ្ឋាន​វត្តភ្នំ អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម កាលពី​ព្រឹកថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
ប្រជាជន​ខ្មែរ​ ខ្មែរ​កាត់ចិន និង​ខ្មែរ​កាត់​វៀតណាម​រាប់ពាន់នាក់​បាន​ទៅ​ធ្វើការបន់ស្រន់​សុំសេចក្តី​សុខ​នៅ​វិហារ​ព្រះចៅ​លើ​រមណីយដ្ឋាន​វត្តភ្នំ អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម កាលពី​ព្រឹកថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

ជារៀងរាល់​ឆ្នាំ ​ប្រជាជន​ខ្មែរ​ដែល​ជាប់​សែស្រឡាយ​ចិន​​​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន ​ដោយ​មាន​ការ​រៀប​ចំ​សម្អាត ​និង​តុបតែង​​ផ្ទះ​សម្បែង​ សែន​ព្រេន​​តាម​ជំនឿ​និង​ទំនៀម​ទម្លាប់​​របស់​ខ្លួន ​ទោះ​បី​ជា​ពិធី​បុណ្យ​នេះ​មិនមែន​ជា​ពិធី​បុណ្យ​ជាតិ​ក៏​​ដោយ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​អ្នក​ស្រី​ជា គឹមសាន ​វ័យ​៣៨​ឆ្នាំ​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​កាត់​ចិនមាន​ការ​មមា​ញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទិញ​ទំនិញ​នា​នា​ ​រួមទាំង​គ្រឿង​តុបតែង​លម្អ​សម្រាប់ទទួល​ឆ្នាំថ្មី។

ពល​រដ្ឋ​ខ្មែរ​កាត់​ចិន​ម្នាក់​នេះ​បាន​ប្រាប់​ VOA​ ថា​ ​ជាធម្មតា​សម្រាប់​ពល​រដ្ឋ​ខ្មែរ ​ដូចអ្នកស្រី​ ដែល​មាន​ដូនតា​ជនជាតិ​ចិន​ ​តែងតែ​រៀបចំ​សែន​ព្រេន​ដល់​បុព្វការី​ជន​និងរៀបចំ​ចូល​ឆ្នាំ​ចិន​ជា​រៀងរាល់​ឆ្នាំ។​ ជា​ម្ចាស់​ហាង​សាច់អាំង​ផងនោះ ​អ្នកស្រី​បញ្ជាក់​ថា ​ការ​តុបតែង​ហាង ​ឬ​គេហដ្ឋានគឺ​ជារឿង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​ជំនួញ​របស់​ខ្លួន​មាន​ការ​រីកចម្រើនផង​ដែរ។​

កំពុង​ទិញ​ដើម​ផ្កា​អង្គារសីល​និង​ដើមផ្កា​ស្បៃ​រឿង​១៤​ដើម​សម្រាប់​ដាក់​នៅ​ក្នុង​ហាង​ ​អ្នក​ស្រីជា គឹមសានបាន​និយាយ​ប្រាប់ ​VOA​ ថា៖​

«ហើយ​អា​នេះ​ខ្ញុំ​ទិញ​ដាក់ហាង​ ​ព្រោះអី ​តាមអបិយ​ជំនឿ ​ផ្កា​ហ្នឹង​គេហៅ​ថា ​ផ្កា​លើក​រាសី។ ​អ៊ីចឹង​ ​មួយ​ឆ្នាំ​យើងត្រូវ​តែ​ទិញ​ដាក់។​ ការ​ដែល​យើង​ធ្វើទៅ​វា​ចេះ​តែ​បាន។​ ​យើង​ចង់និយាយ​ថា ​យើង​ខំ​រក​ ​យើង​ចេះ​តែ​បាន​ទៅ។ អ៊ីចឹង​បាន​ជា​យើង​ធ្វើ​តាម​ទំនៀម​ទម្លាប់​អ៊ីចឹង​ទៅ​ណា៎»។​

នៅ​សប្តាហ៍​នេះ​ ពលរដ្ឋខ្មែរ​ដែល​កាត់ចិន​ ​និង​ជនជាតិ​ភាគ​តិច​វៀតណាម​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជាបាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ផង​ខ្លួន​ដែល​មានរយៈ​ពេល​បី​ថ្ងៃ​ ចាប់​ថ្ងៃ​អង្គារ​នេះ​ ដោយ​មានរៀបចំ​តុប​តែង​គេហដ្ឋាន ​និងការ​សែន​ព្រេន​ឱ្យ​ដូនតា​ដែល​ចែក​ឋាន។​ មួយថ្ងៃ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន គេ​សង្កេត​ឃើញ​ការ​សែនព្រេន​នានា​នៅ​តាម​ផ្ទះ​ ​ហាង​អាជីវកម្ម​ផ្សេង និង​ការជួប​ជុំ​សាច់​ញាតិ​របស់​ខ្លួន​ ​និង​មាន​ការ​ដុត​លុយ​ក្រដាស​ ​រថយន្ត​ក្រដាស​ ឬ​ដុំមាស​ក្រដាស​ជា​ដើម​ដែលពួក​គេ​ជឿ​ថា ​ ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថៃ នរៈសត្យា​ ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​និយាយ​ថា ​លោក​បាន​សង្កេត​ឃើញ​ថា​ ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​តាំង​ពី​មុន​សម័យ​ប៉ុល ពត​មក​ម្ល៉េះ។​ ​ហើយ​រហូត​មក​ទល់ពេល​នេះ​ ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​កាន់តែ​ច្រើន​ជាង​មុន។​

លោក​បាន​និយាយ​ថា៖​

«ចលនា​នៃ​ការ​ចងសាច់​ ចង​ឈាម​គ្នា​វា​មាន​សន្ទុះ​ជា​ល្បាយ​ស្ទើរ​តែ​ស្មើ​សាច់​ទៅ​ហើយ​ អ៊ីចឹង​បាន​ជា​ខ្ញុំ​សង្កេត​ឃើញ​ថា​ របៀប​នៃ​ការ​ទៅ​តាម​គ្នា​នោះ​ ការ​ជឿ​តាម​គ្នា​នោះ​ ការ​អបអរ​សាទរ​ ការ​ឃើញ​តែ​គេ​សែន​ ការ​ឃើញ​តែ​គេ​អី​ទៅ ​ក៏​វា​សប្បាយ​ម៉្យាង​ដែរ​ ក៏​ឃើញ​តែ​គេ​រក​ស៊ី​មាន​បាន»។​

របាយ​ការណ៍​ស្ថិតិ​សេដ្ឋកិច្ច​ ​សង្គម​កិច្ច​កម្ពុជា​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិនៃ​ក្រសួង​ផែនការ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចុងឆ្នាំ២០១៨ឱ្យ​ដឹង​ថា ជនជាតិ​ចិន​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​០,២​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប។​

ស្រប​ពេល​ដែល​ពលរដ្ឋខ្មែរ​កាត់​ចិន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ខ្លួន​ ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ នៅ​ថ្ងៃ​អង្ការ​នេះ​បាន​បង្ហោះសារ​ជូនពរ​និង​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន រួម​ជាមួយ​នឹង​រូបថត​លោក​ពាក់​អាវ​ក្រហម​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។​

លោក​បាន​សរសេរ​ថា៖​

«មិន​ថា ​តែ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ទេគឺរាល់​នូវ​ពិធី​បុណ្យ​ទំនៀម​ទម្លាប់​ប្រពៃណី​ និង​ពិធី​សាសនា​សំខាន់ៗ​នានា​របស់​បងប្អូន​ជនជាតិ​ភាគតិចគឺ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ប្រណិបត្តិ​ទៅតាម​ជំនឿ ​និង​ការ​ជ្រើសរើស​របស់​ខ្លួន​ដោយ​គ្មាន​ការរើស​អើង​ ហើយ​ក៏​ទទួល​បាន​នូវ​ការ​គាំ​ទ្រ ​និង​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិបាល​ផង​ដែរ»។​

ខណៈ​មានការ​សែន​ព្រេន​តាម​ទម្លាប់របស់​ជនជាតិ​ខ្មែរ​កាត់ចិន​ ​យ៉ាង​ណា​ក៏ដោយ​ ​ក៏​នៅ​មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​មិន​បាន​ធ្វើ​ការ​សែន​អ្វី​នោះ​ទេ​ ​ដោយ​បាន​អះអាង​ថា​ ខ្លួន​ជា​ជនជាតិ​ខ្មែរ​សុទ្ធ ​ហើយ​ពួក​គេ​ប្រកប​របរ​និង​ធ្វើការ​ដូចធម្មតា។​

លោក​ចាន់ធី ​អាយុ​៥២​ឆ្នាំ​ជា​អ្នក​រត់ម៉ូតូ​ឌុប​នៅ​ផ្សារ​សាមគ្គី​ បាននិយាយ​ថា​ ​លោក​មិន​បាន​សែន​អ្វី​នោះ​ទេ ​ដោយសារ​តែ​លោក​មិនមែន​ជា​ជនជាតិ​ចិន​ហើយ​និ​ង​មាន​សាសនា​ផ្សេង​គ្នា។​

ខណៈ​ដែល​លោក​កំពុង​ចាំ​អតិថិជននៅ​ជិត​តូប​លក់​សម្ភារៈ​តុប​តែង​ចិន​មួយ​ លោក​បាន​និយាយ​ថា៖​

«គេ​កូន​កាត់​ចិន។​ គេ​កាត់​អស់​ហើយ។​ ​រឿង​ខ្ញុំ ​រឿង​ផ្សេង។ ​ខ្ញុំ​ខ្មែរ​សុទ្ធ។ ​រឿង​គេ​ចិន ​គិត​រឿង​គេ​ ​តាម​របស់​គេ​ទៅ»។​

ចំណែកអ្នក​ស្រីពៅ សាង​ ​អាយុ៤៨​ឆ្នាំ ​មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ ​និង​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​យ៉ាង​មុតមាំ​ បាន​មកធ្វើ​ការ​អុជធូប​បន់ស្រន់​នៅ​លើ​ព្រះ​វិហារ​ឯ​រមណីយ​ដ្ឋាន​វត្តភ្នំ ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ ដែល​ជា​ថ្ងែ​សែន​ព្រេនរបស់​ជនជាតិ​ចិន។

បន្ទាប់​ពី​បាន​សែន​ពងទា​និង​សាច់ជ្រូក​ឲ្យ​ទៅ​រូប​សំណាក​ខ្លា​នៅ​ខាង​មុខ​ព្រះ​វិហារ​ព្រះ​ចៅ​ ​ អ្នក​ស្រីពៅ សាងបាន​និយាយ​ប្រាប់​ VOA​ ថា​ ថ្ងៃ​នេះ​ដោយ​សារជា​ថ្ងៃ​ពេញ​បរមី ​ទើប​អ្នក​ស្រី​មក​បន់ស្រន់​រំដោះ​គ្រោះ ​ហើយ​អ្នក​ស្រី​មិន​បាន​សែន​អ្វី​ធំដុំ ​ដូច​កូន​ចៅ​ខ្មែរ​កាត់​ចិន​មួយ​ចំនួន​ធំ​នោះ​ទេ។​

«ខ្ញុំ​និយាយ​ទៅ​ខ្ញុំ​ខ្មែរ​ ខ្ញុំ​អត់​មាន​សែន​អី​ទេ។​ គ្រាន់តែ​ថា ​ថ្ងៃនេះ​ ​ថ្ងៃ​សីល​ខ្ញុំ​ធ្វើ​តាម​វិធី​ថ្ងៃ​សីល​ ចា៎! ​របៀប​ខ្មែរ​ណា៎។ ​ព្រឹក​ឡើង​ទៅ​វត្ត​ សុំសីល ​ហើយ​ល្ងាច​ឡើងមក​ថ្វាយ​បង្គុំ ​មក​សុំខមា​ទោស​ឲ្យ​អស់​កម្ម​ ​អស់​ពារ​ពី​ថ្ងៃ​ហ្នឹង​ទៅ»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោកថៃ នរៈសត្យា​ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​និយាយ​ថា ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ប៉ះពាល់​ដល់​ប្រពៃណី​ ​និង​វប្បធម៌​របស់​កម្ពុជា​ឡើយ​ ​ទោះ​បី​ជាប្រជាជន​ខ្មែរនៅ​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិននេះ​ច្រើន​ជាង​មុន​ក៏​ដោយ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​រូប​នេះ​បាន​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ថា៖

«ជា​ការ​សន្និដ្ឋាន​ក្នុង​សុទិដ្ឋិនិយម​ គ្រាន់​តែ​ការ​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ហ្នឹង​ ​ខ្ញុំ​គិត​ថា​ ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ បាត់បង់ ​ឬ​ល្អក់​កករដល់​វប្បធម៌ ​ឬ​ប្រពៃណី​កម្ពុជា​ទេ»។​

ខណៈដែល​ប្រជាជន​ខ្មែរ​ ទាំង​ខ្មែរ​កាត់​ចិន​ និង​វៀតណាម​ ​ដែល​កំពុងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​រកបាន​កម្រៃ​បន្ថែមច្រើន​ជាង​ថ្ងៃ​ធម្មតា​ដោយ​សារ​ការ​លក់សម្ភារៈ​សម្រាប់​តុបតែង​បែប​ចិន ​ដូចជា​ដើម​ផ្កា​អង្គារ​សីល​ ផ្កា​ស្បៃរឿង​ ឬ​ដើម​ក្រូច​ជាដើម។​

អ្នក​ស្រីធី​ ​អាយុ​៥៤ឆ្នាំ ជា​បុគ្គលិក​ក្រសួង​អប់រំ កំពុង​អង្គុយ​លក់​ផ្កា​អង្គារ​សីលដើម្បី​រក​កម្រៃ​បន្ថែម​ក្នុង​ពេលបុណ្យចូល​ឆ្នាំ​ចិន ​នៅ​ជិត​វត្តសំពៅ​មាស​រៀង​រាល់​ល្ងាច​ បន្ទាប់​ពី​អ្នក​ស្រី​ចប់​ពី​ការងារ​ ​ចាប់​តាំង​ពី​ថ្ងៃអង្គារ​សប្តាហ៍​មុន​ម្ល៉េះ។​

អ្នក​ស្រី​បាន​ប្រាប់​ VOA​ ​ថា​ ​អ្នក​ស្រី​អាច​រក​កម្រៃ​បាន​សមរម្យ​ មិន​ច្រើន​នោះ​ទេ​ ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ។

«អត់​ចំណេញ​ច្រើន​ទេ ​បាន​ម៉ារួច​ ម៉ារាល់​ បាន​ពីរ​រយ​អី​ដែរ​ បាន​ម៉ារួច​ចូល​ឆ្នាំ​ហ្នឹង​ ​អត់​បាន​ច្រើន​ទេ​កូន»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រាជធានី​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ថ្ងៃ​ធម្មតា​ នៅ​ដើម​សប្តាហ៍​នេះ​ ​ទោះ​បី​ជា​ស្ថាប័ន​រដ្ឋ​ គ្រឹះស្ថាន​សិក្សា​ទាំងអស់​ ​និង​ក្រសួង​នានា​បាន​ប្រកាស​បើក​ដំណើរ​ការ​ធម្មតា​នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ក៏​ដោយ៕

XS
SM
MD
LG