ព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋកម្ពុជារាប់រយនាក់រួមទាំងប៉ូលិសចរាចរនិងកងកម្លាំងសន្តិសុខជាច្រើនក្នុងឯកសណ្ឋានបានប្រមូលផ្តុំនៅមុខគេហដ្ឋានរបស់ លោក សុខ គង់អ្នកជំនួញដ៏មានឥទ្ធិពល ដែលស្និទនឹងរដ្ឋាភិបាល ដើម្បីទទួលអាំងប៉ាវ ឬកញ្ចប់លុយ សំរាប់ពិធីបុណ្យចូលឆ្នាំចិនវៀតណាម ដែលខិតចូលមកដល់។
តាមការឱ្យដឹងរបស់ពលរដ្ឋដែលរង់ចំាទទួលកញ្ចប់លុយ ឱ្យដឹងថាការចែកលុយដើម្បីអបអរចូលឆ្នាំចិន វៀតណាមនេះ បានធ្វើឡើងជាច្រើនឆ្នាំមកហើយនៅខាងមុខគេហដ្ឋានរបស់លោក សុខ គង់ ដែលមានទីតាំងលើមហាវិថីព្រះនរោត្តមខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ប្រជាជនខ្មែររាប់រយនាក់រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវ បានមកធ្វើការរង់ចាំទទួលប្រាក់អំណោយដែលបណ្តាលឲ្យ ចរាចរនៅតាមដងវិថីព្រះនរោត្តមបានមានការកកស្ទះផងដែរ។
ប្រជាពលរដ្ឋខ្មែរដែលភាគច្រើនមានជីវភាពក្រីក្របានធ្វើដំណើរមកទទួលប្រាក់អំណោយ ក្នុងកញ្ចប់ក្រហមដោយសេចក្តីត្រេកអរ ហើយម្នាក់ៗទទួលបានពីរម៉ឺនរៀល។ អ្នកដែលទើបតែទទួលកញ្ចប់លុយពណ៌ក្រហមជាច្រើននាក់បានប្រាប់ VOA ថាថវិកាដែលពួកគេបានទទួលគឺតិចពីរាល់ឆ្នាំ ដែលប្រជាជនខ្មែរម្នាក់ៗទទួលបានដល់ទៅ៤ម៉ឺនរៀល ឬ ១០ម៉ឺនរៀលឯណោះ។
ប្រជាជនខ្មែរកាត់ចិន វៀតណាមនៅក្នុងប្រទេសកម្ពុជាមួយចំនួនធំកំពុងរៀបចំអបអរពិធីបុណ្យចូលឆ្នាំចិន វៀតណាមជារៀងរាល់ឆ្នាំ ដោយធ្វើការសែនព្រែនរំឮកវិញ្ញាណក្ខន្ធដូនតាចិនរបស់ខ្លួនតាមទំនៀមទម្លាប់ និងមានការចែកអាំងប៉ាវ ឬកញ្ចប់លុយ រួមទាំងរបាំតោ ឬ ម៉ុងសាយដើម្បីមានសិរីសួស្តីក្នុងឆ្នាំថ្មី។ នៅក្នុងឆ្នាំ២០១៩នេះ ពិធីបុណ្យចូលឆ្នាំចិន វៀតណាមនឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ៕