ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ទាក់ទងនឹងបញ្ហាសុខភាព និងចំណូលរបស់ពួកគេ ខណៈអ្នកឆ្លងវីរុសកូរ៉ូណាកូវីដ១៩ត្រូវបានរកឃើញចំនួន១២ករណីថ្មីទៀត គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ ក្នុងចំណោមអ្នកទាំងនោះមាន១១នាក់ ទើបត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅប្រទេសម៉ាឡេស៊ី។ ពួកគេស្ថិតក្នុងខេត្តចំនួន៥ និងរាជធានីភ្នំពេញ។ ចំនួនសរុបនៃការឆ្លងមេរោគនេះបានឡើងទៅដល់ ២៤ករណី នៅទូទាំងប្រទេសគឺកើនឡើងទ្វេដង។
អ្នកស្រី ម៉ៅ លីនដា អាយុ៤០ឆ្នាំ និងជាអ្នកលក់ខោអាវជជុស នៅផ្ទះក្នុងទីក្រុងភ្នំពេញ បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អ្នកស្រីនឹងបិទហាងរបស់អ្នកស្រីមួយរយៈនៅពីរបីថ្ងៃខាងមុខ ដោយបារម្ភខ្លាចមានការចម្លងរោគនេះ។ អ្នកស្រីបន្តថា អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលករណីវីរុសកូវីដ១៩នេះ បានកើតនៅភ្នំពេញកាន់តែច្រើន។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្មែរហ្នឹង ចុះតៗគ្នាមកទៀតនោះ មិនដឹងថា ខ្មែរហ្នឹងទៅជួបបរទេសណា។ យើងម៉េចដឹង?មិនត្រូវអ៊ីចឹង»។
អ្នកស្រីបានឲ្យដឹងទៀតថា អ្នកស្រីបានបាត់បង់ភ្ញៀវមួយចំនួន នៅពេលដែលក្រុមហ៊ុន និងអង្គការមួយចំនួនដែលមានទីតាំងនៅម្តុំផ្ទះរបស់អ្នកស្រី បានឈប់សម្រាកក្នុងសប្តាហ៍នេះ។
អ្នកស្រីបញ្ជាក់ថា៖«អត់ដឹងធ្វើម៉េច មិនងាប់!ចុះបើគេឈប់អស់ហើយ យើងលក់ឲ្យណាគេ?ទេអត់មានចូលផង!ហាងខ្ញុំ ស្ងាត់ឈឹងហ្នឹង!»
ពលរដ្ឋម្នាក់ទៀតគឺលោក ម៉ាន់ នីន អាយុ៣៥ឆ្នាំ អ្នករត់រ៉ឺម៉កកង់បីនៅខាងមុខផ្សារធំថ្មី មានប្រសាសន៍ថា បើសិនជាករណីនេះបន្តកើនឡើងកាន់តែច្រើន លោកនឹងផ្អាកការដឹកភ្ញៀវមួយរយៈសិន ដែលនឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់លោក ហើយភរិយារបស់លោកដែលជាកម្មកររោងចក្រក៏នឹងឈប់ដែរ។
លោកបានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖«ប៉ះពាល់ច្រើន បើយើងត្រូវការរកលុយ។ យើងជំពាក់លុយធនាគារអ៊ីចឹង។ ប្រពន្ធ[ធ្វើការនៅរោងចក្រកាត់ដេរ] ក៏ឈប់។ ហើយបើសិនណា វារាលដាលច្រើនទៅៗ យើងម៉េចហ៊ានរត់?ខ្លាច។ យើងនៅផ្អាកទាំងអស់គ្នា។ នៅផ្ទះហ្មង»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍ថា លោកបារម្ភពីក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួនដូចជាអ្នកលក់ដូរអ្នកបើកបរតាក់ស៊ី ឬអ្នករត់រ៉ឺម៉កកង់បីជាដើម។
លោកមានប្រសាសន៍ថា៖«ប្រជាពលរដ្ឋក្រីក្រដែលរកស៊ីមួយថ្ងៃសម្រាប់តែមួយថ្ងៃអ្នកលក់ដូរតាមដងផ្លូវអីជាដើមហ្នឹង រួមទាំងអ្នកលក់ដូរនៅតាមផ្សារ។យើងចង់ឲ្យមានការរកមធ្យោបាយអីមួយដើម្បីជួយកាត់បន្ថយពីហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ១៩នេះ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វ៉ាន់ឌីន និងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ នៅថ្ងៃអង្គារនេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ«រក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាច ជឿទុកចិត្តលើវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះរបស់រាជរដ្ឋាភិបាល»។ ក្រសួងក៏បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នេះ។
ខណៈករណីឆ្លងកើនឡើងដល់ទ្វេដងនេះរដ្ឋាភិបាលក៏បានសម្រេចឲ្យផ្អាកដំណើរការកន្លែងដែលអាចមានការជួបជុំមនុស្សច្រើន ក្នុងនោះរួមមានបិទខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា នេះរហូតដល់ជំងឺឆ្លងវីរុសកូវីដ១៩បានធូរស្បើយ។
រដ្ឋាភិបាលក៏បានសម្រេចបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស។ ចំណែកក្រសួងអប់រំក៏បានហាមប្រាមស្ថាប័នដែលនៅក្រោមឱវាទខ្លួន មិនឲ្យមានការជួបជុំណាដែលមានមនុស្សលើសពី៥០នាក់។ ចំណែកកាលពីថ្ងៃច័ន្ទ ក្រសួងបានបញ្ជាឲ្យផ្អាកការបង្រៀនគ្រប់កម្រិត ទាំងស្ថាប័នរដ្ឋនិងឯកជននៅទូទាំងប្រទេស៕