ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ព្រមាន​ក្រុម​សហជីព​និង​សមាគម​ពី​ផលវិបាក​នៃ​ការ​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម


​​​​​​រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាព​​សមាគម»​ នៅ​ថ្ងៃទី​១​ ខែឧសភា ឆ្នាំ២០១៦ ​នៅ​ទីក្រុង​ភ្នំពេញ។ (ឡេង ឡែន/VOA)
​​​​​​រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាព​​សមាគម»​ នៅ​ថ្ងៃទី​១​ ខែឧសភា ឆ្នាំ២០១៦ ​នៅ​ទីក្រុង​ភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រុម​សហជីព និង​សមាគម​ដែល​ធ្វើ​ការ​លើ​វិស័យ​ការងារ ប្រមាណ​ជា​៤ពាន់​នាក់ នៅ​តែ​ប្រកាន់​ជំហរ​ជួបជុំ​គ្នា​ និង​ដង្ហែ​ក្បួន​ដើម្បី​បញ្ចេញ​មតិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ នា​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ បើ​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់ និង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ការ​ជួបជុំ​ និង​ដង្ហែ​ក្បួន​នោះ​ក៏​ដោយ។

សាលា​រាជធានី​ភ្នំពេញ​ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​សហជីព​ និង​សមាគម ប្រសិន​បើ​មាន​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​ខាង​ក្រៅ​បរិវេណ​ស្តាត​អូឡាំពិក ឬ​មាន​ការ​ហែ​ក្បួន​ណា​មួយ​នៅ​តាម​ទី​សាធារណៈ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ក្រុម​មេដឹកនាំ​សហជីព​ និង​សមាគម​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ចំនួន​៧ រួម​មាន​ផ្នែក​សេវាកម្ម កសិកម្ម​និង​ការងារ​រោងចក្រ​ជាដើម បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សាលា​រាជធានី​ដើម្បី ស្នើ​រៀបចំ​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ខួប​លើក​ទី​១៣១ ក្រោម​ប្រធាន​បទ «មាន​សិទ្ធិ មាន​ជីវភាព​ខ្ពស់ រស់នៅ​សមរម្យ‍» នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​១ពាន់​នាក់។

ក្នុង​សំណើ​នោះ ​សហ​ជីព​និង​សមាគម​ក៏​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ជួបជុំ​គ្នា​ចាប់​ពី​ម៉ោង​៧:០០​ព្រឹក រហូត​ដល់​ម៉ោង ១២:០០​ថ្ងៃ​ត្រង់ ​នៅ​មុខ​ស្តាត​អូឡាំពិក ព្រម​ទាំង​នឹង​មាន​ការ​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការងារ​ដើម្បី​បញ្ចេញ​មតិ និង​ដាក់​ញត្តិ​ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​វិស័យ​របស់​ពួកគេ​ទាំង​នោះ។

តាមរយៈ​លិខិត​របស់​សាលា​រាជធានី​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​តំណាង​សហជីព និង​សមាគម​ទាំង​នោះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុម​សហជីព និង​សមាគម​ទាំង​នោះ​រៀប​ចំ​ពិធី​តែ​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ប៉ុណ្ណោះ។

លិខិត​ដដែល​នោះ​បាន​សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖ «ក្នុង​ករណី​នៅ​តែ​ធ្វើ​ការ​ជួប​ជុំ​នៅ​ក្រៅ​បរិវេណ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ឬ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ នោះ​លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»។

លោក ម៉េត មាសភក្តី អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា សា​លា​រាជធានី​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​នៅ​ទីស្នាក់ការ​របស់​សហជីព​រៀងៗ​ខ្លួន ឬ​ទីតាំង​ឯកជន​ណា​ដែល​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ទីតាំង​ជាមុន។

លោក​បន្ថែម​ថា ការ​ហាមឃាត់​មិន​ឲ្យ​មាន​ជួប​ជុំ​តាម​ទី​សាធារណៈ ឬ​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​នេះ ដើម្បី​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

លោក ម៉េត មាសភក្តី បន្ថែម​ថា ប្រសិនបើ​ពួកគេ​នៅតែ​ជួប​ជុំ ​និង​ដង្ហែ​ក្បួន​តាម​ទី​សាធារណៈ នោះ​សាលា​រាជធានី​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «បើសិន​ជា​គាត់​មិន​គោរព​តាម​វិញ ហើយ​និង​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​ក្នុង​កម្រិត​ណា​នោះ អា​ហ្នឹង​ការ​អនុវត្ត​ច្បាប់ ឬ​ក៏វិធានការ​របស់​យើង​នឹង​អនុវត្ត ​គ្រាន់​តែ​ថា​តើ​របៀប​ណា​នោះ ចាំ​មើល​ជាក់​ស្ដែង​សិន»។

មាត្រា​៣៧ និង​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិ​វិធី និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ចំណែក​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ បាន​ចែង​ថា ​ប្រជាពលរដ្ឋ​អាច​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែក្បួន​ដោយ​មនុស្ស​មួយ​ក្រុម ​ដើម្បី​តវ៉ា​ទាម​ទារ ឬ​សម្ដែង​មតិ​ជា​សាធារណៈ​ណា​មួយ តាម​គ្រប់​រូបភាព និង​មធ្យោបាយ​ដោយ​សន្តិវិធី។​ ប្រសិន​បើ​ការ​ជួបជុំ​ ឬ​ដង្ហែ​ក្បួន​នោះធ្វើ​នៅ​ទី​សាធារណៈ នោះ​ត្រូវ​ជូន​ដំណឹង​ទៅ​សាលា​រាជធានី ហើយ​សាលា​រាជធានី​ត្រូវ​ឆ្លើយ​តប​ជា​វិជ្ជមាន និង​ត្រូវ​ចាត់​វិធានការ​ការពារ និង​មិន​ត្រូវ​ជ្រៀត​ជ្រែក​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ និង​ជា​តំណាង​មួយ​រូប​ដែល​បាន​ដាក់​លិខិត​ស្នើ​ទៅ​សាលា​រាជធានី ប្រាប់ VOA ថា តំណាង​សហជីព និង​សមាគម​ទាំង​អស់​ នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​ជួបជុំ​ និង​ដង្ហែ​ក្បួន​តាម​គម្រោង​ដែល​បាន​ស្នើ​សុំ។

លោក​បន្ថែម​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួបជុំ និង​ដង្ហែ​ក្បួន​ដើម្បី​បញ្ចេញ​មតិ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​រាំង​ឃាត់​ការ​ទទួល​បាន​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ។

លោក​បញ្ជាក់​ថា៖​ «ពេល​ដែល​មាន​ការ​រឹតត្បិត​នៃ​សិទ្ធិទាំង​អស់​នេះ​ហើយ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​របស់​ប្រជា​ពលរដ្ឋ និង​អ្នក​ចូល​រួម​ផង​ដែរ»។

​ក្រៅ​តែ​ពី​តំណាង​សហជីព និង​សមាគម​ធ្វើការ​ក្នុង​វិស័យ​ការងារ​ទាំង​៧ចំនួន​១ពាន់​នាក់​ដែល​ត្រូវ​បាន​សាលា​រាជធានី​ហាម​ឃាត់​មិន​ឲ្យ​ជួបជុំ និង​ដង្ហែ​ក្បួន​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ឧសភា​ខាង​មុខ ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​សាលា​រាជធានី​ហាម​ឃាត់​ផង​ដែរ។

សហជីព និង​សមាគម​ទាំង​នោះ គ្រោង​ជួបជុំ​គ្នា​ប្រមាណ​ជា​៣​ពាន់​នាក់ នៅ​សួន​ច្បារ​ CDC មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធាន​បទ «បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព​» និង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា។

ទោះ​ជា​យ៉ាង​ណា ពួកគេ​នៅ​តែ​ប្រកាន់​ជំហរ​ដូចគ្នា​ថា ពួកគេ​នឹង​ជួបជុំ​គ្នា​តាម​គម្រោង​ បើ​ទោះ​ជា​រង​ការ​ព្រមាន​ពី​សាលា​រាជធានី​ថា​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ការ​ជួបជុំ​នោះ​យ៉ាង​ណា​ក៏​ដោយ៕

XS
SM
MD
LG