សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធមិនឲ្យជនជាប់ចោទដែលជាសកម្មជន និងអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិចំនួនប្រាំរូបឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នទេ។ ប៉ុន្តែគ្រោងនឹងនាំពួកគេយកមកកាត់ទោសពេញអង្គសេចក្តីនៅថ្ងៃទី៨ខែមករាខាងមុខនេះ។
សេចក្តីសម្រេចនេះធ្វើឡើងដោយសំអាងថា តុលាការមិនទុកចិត្តថា ជនជាប់ចោទនឹងបង្ហាញខ្លួន ដោយសំអាងលើអត្តចរិតជនជាប់ចោទអាចបង្កបទល្មើសនិងភាពវឹកវរដល់សង្គម។
សវនាការថ្ងៃនេះជាផ្នែកមួយនៃសវនាការចំនួនបីថ្ងៃ ដែលតុលាការជាន់ទាបគ្រោងកាត់ទោសសកម្មជន និងអ្នកនយោបាយគណបក្សជំទាស់ចំនួន១១នាក់គឺសវនាការវគ្គទី១ផ្តោតលើសំណើសុំដោះលែងក្រៅឃុំ និងសវនាការទី២ ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយ នឹងផ្តោតលើអង្គសេចក្តី។
អ្នកគាំទ្រនយោបាយទាំងនេះត្រូវចោទប្រកាន់ពីបទបានដឹកនាំនិងចូលរួមកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា។
បទចោទនេះទាក់ទងនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១៤នេះ។
ក្នុងចំណោមជនជាប់ចោទទាំងប្រាំរួម ដែលស្នើសុំនៅក្រៅឃុំនោះ រួមមានលោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងជាអតីតបេក្ខជនតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោកស៊ុំ វុទ្ធី លោកទេព ណារិន លោកអ៊ុក ពេជ្រសំណាង និងលោកកែត ឃីន។ ដោយឡែកសកម្មជនប្រាំមួយអ្នកទៀតមិនត្រូវដាក់ឲ្យនៅក្នុងមន្ទីរឃុំឃាំងទេ។
លោកចាន់ ចេន មេធាវីការពារក្តីលោកមាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកសោកស្តាយចំពោះការសម្រេចចិត្តរបស់លោកតាន់ ស៊ុនឡាយ ចៅក្រមតុលាការក្រុងភ្នំពេញនេះ។
«បើតាមលក្ខណៈសម្បត្តិ កូនក្តីខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចនៅក្រៅឃុំបាន ពីព្រោះអ្វីដែលគាត់មានបំណងចេញនោះគឺគាត់ចង់ជួបម្តាយចាស់របស់គាត់។ គាត់មានមុខរបរ។ គាត់មានតួនាទីច្បាស់លាស់ ហើយគាត់ចង់ធ្វើកិច្ចការដើម្បីបម្រើសង្គម និងដើម្បីមនុស្សធម៌»។
លោកអំ សំអាត ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការកាត់ក្តីនេះថា ជាការកាត់ក្តីបែបនយោបាយ។
«យើងគិតថា ជាសម្ពាធនយោបាយ ដែលជាការរាំងស្ទះដល់ការអនុញ្ញាតឲ្យអ្នកទាំងប្រាំនៅក្រៅឃុំ»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក យល់ដូចគ្នានេះដែរថា ការសម្រេចនេះឈរលើមូលដ្ឋាននយោបាយជាជាងឈរលើមូលដ្ឋានច្បាប់។
«ខ្ញុំយល់ថា តុលាការនៅតែទទួលរងសម្ពាធខាងនយោបាយ បានជាមិនព្រមយកមូលដ្ឋានច្បាប់មកធ្វើការដោះស្រាយ»។
កាលពីថ្ងៃទី១២ខែធ្នូនេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោកមាជ សុវណ្ណារ៉ា និងលោកអ៊ុក ពេជ្រសំណាង រួចម្តងហើយ។ការសម្រេចលើកនេះជានីតិវិធីបន្ថែមរបស់សាលាដំបូង។ លោកមាជ សុវណ្ណារ៉ា ឆ្លើយតបនឹងអ្នកកាសែតកាលពីព្រឹកមិញនៅក្នុងអគារតុលាការ ដោយផ្អែកលើហេតុផលដូចគ្នានេះដែរ។
«ជារឿងនយោបាយ មិនមែនជារឿងព្រហ្មទណ្ឌទេ»។
នៅមុខតុលាការក្រុងភ្នំពេញ ក្រុមប្រជាពលរដ្ឋប្រមាណជិត១០០នាក់ជាសកម្មជននយោបាយ និងជាសកម្មជនដីធ្លីមួយចំនួន បានធ្វើការតវ៉ាពេញមួយថ្ងៃនៅថ្ងៃនេះ។
ក្រុមប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមនោះបានប្រតិកម្មភា្លមក្រោយពីតុលាការប្រកាសការសម្រេចរបស់ខ្លួន។
កាលពីថ្ងៃអង្គារ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Rights Watch បានទាមទារឲ្យអាជ្ញាធររបស់ប្រទេសកម្ពុជាទម្លាក់ការចោទប្រកាន់សកម្មជននិងអ្នកនយោបាយជំទាស់ទាំង១១នាក់ ដោយសំអាងថា ការចោទប្រកាន់លើពួកគេជាផ្នែកមួយនៃមធ្យោបាយរបស់រដ្ឋាភិបាលក្នុងការចាប់ ការសំឡុត និងការប្រើអំពើហិង្សាដើម្បីដាក់គំនាបដល់អ្នកនយោបាយប្រឆាំងឲ្យបញ្ឈប់ការទាមទារការកែទម្រង់ការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកំពុងបន្តជជែកគ្នាអំពីការកែទម្រង់ការបោះឆ្នោតនេះនៅឡើយ៕