រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តអនុវត្តបម្រាមគោចរ ដោយហាមប្រាមការធ្វើដំណើរពេលយប់ រយៈពេល២សប្តាហ៍បន្តទៀត។ នេះបើយោងតាមសេចក្តីសម្រេចមួយស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ចាប់តាំងពីថ្ងៃទី១ ខែមេសា អាជ្ញាធរបានដាក់បម្រាមគោចរហាមឃាត់ការធ្វើដំណើរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក រយៈពេល២សប្តាហ៍ គឺរហូតដល់ថ្ងៃទី១៤ ខែមេសា។
សេចក្តីសម្រេចចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឲ្យដឹងថាអាជ្ញាធរនឹងបន្តដាក់នូវវិធានការរដ្ឋបាល២សប្តាហ៍ទៀត ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមានការហាមប្រាមការធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក។
ក្រោយពីការហាមឃាត់ការធ្វើដំណើរ ក៏មានវិធានការផ្សេងទៀត គឺផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ព្រឹក លើកលែងការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមសេចក្តីសម្រេច។
សេចក្តីសម្រេចឲ្យដឹងទៀតថាត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋានតាមសណ្ឋាគារ ជាដើម ដែលទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។
កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញបានចេញបញ្ជាថាអ្នកដែលបំពានបម្រាមលើការធ្វើដំណើរពេលយប់ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូនិងរថយន្ត។
ការសម្រេចបន្តវិធានការបម្រាមគោចរនេះ ធ្វើឡើងស្របពេលដែលករណីឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញបន្តកើនឡើងដដែល។ ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាមនុស្ស១៧៨នាក់ទៀត ត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍២០ កុម្ភៈ មានចំនួន៤.១៦០នាក់។ ក្នុងចំណោមករណីឆ្លងនៅថ្ងៃនេះ មាន១៤០នាក់ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ មួយករណីក្នុងខេត្តក្រចេះនិងមួយករណីទៀតមាននៅក្នុងខេត្តព្រះវិហារ ដែលជាករណីរាលដាលទៅភូមិសាស្ត្រខេត្តថ្មី។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងថាមនុស្ស៣នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១២ ខែមេសា ដែលនាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជា មានចំនួន៣៣នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ៕