ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញកង្វល់ជាខ្លាំងអំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជាថ្មីដ៏តឹងរ៉ឹងក្នុងការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះវាប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋានរួមទាំង«សេរីភាពដើរហើរ» «សិទ្ធិជួបប្រជុំដោយសន្តិវិធី» និង«សិទ្ធិការងារ»ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញថ្ងៃទី១២ ខែមេសា ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែល VOA ទទួលបាន។
វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមីនា មានការដាក់ទោសឲ្យជាប់ពន្ធនាគាររហូតដល់រយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ ២០ លានរៀលចំពោះអ្នកដែលមានទោសរំលោភបំពានច្បាប់នេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ការរឹតត្បិតលើសេរីភាព និងសិទ្ធិជាមូលដ្ឋានដោយផ្អែកលើសុខភាពសាធារណៈមិនត្រូវរំលោភសិទ្ធិសេរីភាពដែលបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិឡើយ។ យើងមានកង្វល់ថា វិធានការរដ្ឋបាល និងវិធានការព្រហ្មទណ្ឌរួមទាំងការដាក់ពន្ធនាគាររយៈពេលវែងហួសហេតុ និងការពិន័យជាប្រាក់ដែលមានចែងក្នុងច្បាប់នេះទំនងជាមិនមានសមាមាត្រនិងមិនចាំបាច់ឡើយ។ វិធានការដែលបានចាត់ឡើងសំដៅប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល រួមទាំងទោសទណ្ឌដែលអាចមានគួរតែធ្វើឡើងក្នុងករណីចាំបាច់ ហើយមិនត្រូវប្រើប្រាស់ហួសហេតុឡើយ»។
ក្រៅពីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្រុមអ្នកជំនាញទាំងនោះក៏បានបង្ហាញការខកចិត្តអំពីការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលធ្វើតេស្តឃើញមានជំងឺកូវីដ១៩ ដែលក្នុងនោះរួមមានឈ្មោះ ភេទ អាយុ មុខរបរ កន្លែងធ្វើការ និងអាសយដ្ឋានផងដែរ។
ក្រុមអ្នកជំនាញទាំងនោះបានឲ្យដឹងថា៖ «ទិន្នន័យសុខភាពបុគ្គលទាំងនេះ គួរតែស្ថិតក្នុងការការពារយ៉ាងតឹងរ៉ឹងនូវសិទ្ធិឯកជន ប្រឆាំងនឹងការបង្ហាញឱ្យអ្នកដែលគ្មានការអនុញ្ញាតឲ្យដឹង ក្រៅពីគោលបំណងសុខភាពសាធារណៈ។ ការលាតត្រដាងទិន្នន័យបុគ្គល រួមទាំងឈ្មោះបុគ្គលដែលឆ្លងជំងឺនេះ គឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន ដែលអាចនាំឱ្យមានការរើសអើង និងការមាក់ងាយ»៕