អ្នកធ្វើការខាងថែទាំសុខភាពនៅប្រទេសហ្វីលីពីនរាយការណ៍ថា ពួកគេត្រូវបានបណ្តេញចេញពីផ្ទះ ត្រូវរារាំងមិនឱ្យជិះឡានក្រុង និងត្រូវបណ្តេញចេញពីភោជនីយដ្ឋាន ដោយសារពលរដ្ឋហ្វីលីពីនព្រួយបារម្ភអំពីការទាក់ទងជាមួយពួកគេហើយឆ្លងជំងឺបណ្តាលមកពីវីរុសកូរ៉ូណា។
អ្នករិះគន់និយាយថា បញ្ហានេះមានដល់ថ្នាក់កំពូលដែរ ដោយប្រធានាធិបតី Rodrigo Duterte បាននិយាយថា អ្នកធ្វើការខាងសុខាភិបាលប្រចាំអាជីពមាន«សំណាង» ដែលស្លាប់ដើម្បីជាតិ ទោះណាជាលោកបានថ្កោលទោសការរើសអើងនេះក៏ដោយ។
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា ខ្លួននឹងស៊ើបអង្កេតអំពីការប្រព្រឹត្តទៅលើពួកអ្នកធ្វើការខាងថែទាំសុខភាពហ្វីលីពីន។ អាជ្ញាធរក្រុងម៉ានីលបានអនុម័តបញ្ញត្តិមួយចាត់ទុកថា ការរើសអើងប្រឆាំងនឹងពួកអ្នកធ្វើការខាងសុខាភិបាលនិងពួកអ្នកជំងឺ COVID-19 គឺ ខុសច្បាប់។
បញ្ញត្តិដែលទទួលបានការអនុម័តកាលពីពេលថ្មីៗនេះក៏បានអំពាវនាវឱ្យមានការពិន័យជិត១០០ដុល្លារនិងមានទោសជាប់គុក៦ខែថែមទៀតផង។
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«យើងទទួលបានរបាយការណ៍ថា ពួកអ្នកធ្វើការខាងថែទាំសុខភាពរបស់យើងនៅទូទាំងប្រទេសបានត្រូវវាយប្រហារលើរាងកាយដោយមានរួមបញ្ចូលការស្រោចសារធាតុសម្រាប់លាងសម្អាតនិងជះសារធាតុក្លរីនលើផងដែរ។ បន្ថែមពីលើនេះ ក៏មានរបាយការណ៍អំពីពួកអ្នកធ្វើការខាងថែទាំសុខភាពត្រូវបានគេរារាំងមិនឱ្យទទួលសេវាជាមូលដ្ឋាន ដូចជា សេវាដឹកជញ្ជូនសាធារណៈនិងការបោកខោអាវហើយត្រូវពិន័យនៅកន្លែងឆែកឆេរនិងត្រូវបណ្តេញចេញពីផ្ទះសំបែងថែមទៀតផង»។
កាលពីខែកុម្ភៈ ប្រទេសហ្វីលីពីនជាប្រទេសទីមួយដែលបានរាយការណ៍អំពីការស្លាប់អ្នកជំងឺ COVID-19 ម្នាក់ ក្រៅពីប្រទេសចិនដែលកើតជំងឺនេះមុនគេ។ ចាប់តាំងពីពេលនោះមកវីរុសនេះបានរាលដាលឆ្លងដល់មនុស្ស៣ពាន់៧រយ៦៤នាក់នៅក្នុងប្រទេសនេះក្នុងអាស៊ីអាគ្នេយ៍បណ្តាលឱ្យមានមនុស្ស១៨០នាក់បាត់បង់ជីវិតនៅក្នុងរបាយការណ៍ថ្មីបំផុត។ ហើយវាធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះមានបន្ទុកហួសកម្រិត។
ដូចនៅក្នុងប្រទេសហ្វីលីពីនដែរ ពួកអ្នកធ្វើការខាងសុខាភិបាលបានឆ្លងជំងឺនេះឬបានស្លាប់នៅពេលប្រយុទ្ធនឹងវីរុសនេះនៅក្នុងប្រទេសនានាចាប់តាំងពីប្រទេសបារាំងរហូតដល់ប្រទេសវៀតណាម រហូតដល់ប្រទេសប៉ាគីស្ថាន។ នៅក្នុងស.រ.អា. ពួកអ្នកធ្វើការខាងសុខាភិបាលបានត្អូញត្អែរថា ពួកគេបានត្រូវបញ្ឈប់លែងឱ្យធ្វើការដោយសារពួកគេបានតវ៉ាអំពី «គោលនយោបាយខាងអនាម័យ» នៅមន្ទីរពេទ្យពួកគេ ។ នៅក្នុងប្រទេសចិន មនុស្សម្នាក់ក្នុងបណ្តាពួកជនដែលបានស្លាប់មុនគេគឺវេជ្ជបណ្ឌិតដែលបានខិតខំប្រឹងប្រែងព្រមានអំពីភាពអាសន្នដែលនឹងកើតមាន។
ប្រទេសហ្វីលីពីនប្រឈមនឹងការខ្វះស្រោមដៃម៉ាស់ពេទ្យនិងសម្លៀកបំពាក់ការពារខ្លួនហើយរដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីស្វែងរកសម្ភារៈទាំងនេះសម្រាប់ពួកអ្នកធ្វើការខាងសុខាភិបាល។ អ្នកធ្វើការខាងសុខាភិបាលក្នុងមូលដ្ឋានបានប្រឹងប្រែងធ្វើប្រដាប់ ពាក់បាំងមុខសម្រាប់ពួកគេផ្ទាល់។
អ្នកស្រី Imee Marcos សមាជិកាព្រឹទ្ធសភាហ្វីលីពីនបាននិយាយថា៖
«យើងនឹងមិនទទួលបានអ្វីទេ ប្រសិនបើយើងរង់ចាំការផ្គត់ផ្គង់ប្រដាប់ប្រដា ឬការផ្តល់ជំនួយពីប្រទេសក្រៅ»។
អ្នកស្រី Marcos បានអំពាវនាវឲ្យក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មពន្លឿនដំណើរការផ្តល់ការយល់ព្រមដល់ក្រុមហ៊ុនដែលបានស្នើផ្តល់ ប្រដាប់ប្រដាការពារខ្លួន។
កាលពីថ្ងៃច័ន្ទទី៦ ខែមេសា លោក Duterte បានចេញបញ្ជាមួយដែលផ្តល់ប្រាក់បន្ថែម២៥%ឱ្យដល់ពួកអ្នកធ្វើការខាងសុខាភិបាល ដោយរួមបញ្ចូលពួកអ្នកធ្វើការមិនគ្រប់ម៉ោងនិងពួកអ្នកធ្វើការក្នុងកាលៈទេសៈត្រូវការ។
ប្រធានាធិបតីហ្វីលីពីនរូបនេះក៏បានព្រមានពលរដ្ឋកាលពីសប្តាហ៍ទីមួយខែមេសាថា ពួកគេមិនអាចយាយីពួកអ្នកធ្វើការខាងថែទាំសុខភាពទេហើយលោកក៏បាននិយាយដែរថា ប៉ូលិសអាចធ្វើអន្តរាគមន៍ ប្រសិនបើពួកគេបានឃើញការរើសអើងបែបនេះ។
ក្រសួងសុខាភិបាលបាននិយាយថា៖
«សកម្មភាពទាំងនេះមិនអាចត្រូវអន់ឱនឱ្យបានទេ»។
ក្រសួងនេះក៏បានខិតខំប្រឹងប្រែងធានានឹងសាធារណជនថា ពួកគេមិនគួរបារម្ភអំពីការឆ្លងរោគនេះពីពួកអ្នកធ្វើការខាងសុខាភិបាលទេ ដោយនិយាយថា៖
«ក្នុងឋានៈជាអ្នកមានអាជីពខាងវេជ្ជសាស្ត្រ ពួកអ្នកថែទាំសុខភាពមានការ ប្រុងប្រយ័ត្នបន្ថែមដើម្បីធ្វើឱ្យប្រាកដថាមានការបង្ការនិងការគ្រប់គ្រងការឆ្លងជំងឺនេះ»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ