ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​សេតវិមាន​បាន​ឲ្យ​ដឹង​ថា អាមេរិក​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវ​ការ​ពី​ហ្វីលីពីន​ស្តីពី​ការ​បែក​ចេញ​ពី​អាមេរិក​នៅ​ឡើយ​នោះ​ទេ


លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ចិន និង​ហ្វីលីពីន​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Rodrigo Duterte ថ្លែង​សុន្ទរកថា​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ចិន និង​ហ្វីលីពីន​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​អាមេរិក​បាន​ថ្លែង​ថា​ ពួកគេ​មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ ក្រោយពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ប្រកាស​ពី​ការ​បែក​ចេញ​ពី​សហរដ្ឋ​អាមេរិក​នោះទេ។

លោក Eric Schultz អ្នកនាំពាក្យ​សេតវិមាន​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើសុំ​ផ្លូវ​ការ​ណា​មួយ​ពី​ក្រុម​មន្ត្រី​ហ្វីលីពីន​ក្នុង​ការ​ផ្លាស់ប្តូរ​កិច្ច​សហការ​ទ្វេភាគី​ជា​ច្រើន​របស់​ពួក​យើង​នៅ​ឡើយ​ទេ»។​

លោក​ John Kirby អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងថា៖ «វា​ពិត​ជា​ការ​ចម្លែក​ដែល​មិន​អាច​ពន្យល់​បាន​ទាក់ទិន​នឹង​ទំនាក់ទំនង​ដ៏​ជិត​ស្និត​ដែល​យើង​មាន​ជាមួយ​នឹង​ពលរដ្ឋ​ហ្វីលីពីន​ ក៏ដូច​ជា​ជាមួយ​នឹង​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ផង​ដែរ​ មិន​មែន​តែ​ពី​បញ្ហា​សន្តិសុខ​តែ​មួយ​មុខ​នោះ​ទេ។ យើង​នឹង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ថា​តើលោក​ប្រធានាធិបតី​ហ្វីលីពីន​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្តេច​នៅ​ពេល​ដែល​លោក​និយាយ​អំពី​ការ​បែក​ចេញ​ពី​សហរដ្ឋ​អាមេរិក»។

បុព្វការី​រដ្ឋ​មន្ត្រី​លោក Daniel Russel នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដែល​ជា​ដំណើរមួយដែលលោក​ Kirby ហៅថា​ជា «ដំណើរ​ដែល​រៀបចំ​រយៈពេល​យូរ​ និង​ជា​ដំណើរ​ដែល​គ្រោង​ទុក​រយៈពេល​យូរ​មួយ»។

ការណ៍នេះ​កើត​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​កម្រិត​កំពូល​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ដែល​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ ដោយ​ថ្លែងថា៖ «ការ​បែក​ចេញពី​សហរដ្ឋ​អាមេរិក​ រួម​មាន​ខាង​ផ្នែក​យោធា ប្រហែល​ជា​មិន​មែន​ផ្នែក​សង្គម ប៉ុន្តែ​នឹង​បែក​ចេញ​ពី​ខាង​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ»។​

ការ​ថ្លែង​ទៅកាន់​ហ្វូង​ពាណិជ្ជករ​ និង​ក្រុមមន្ត្រី​ចិន​យ៉ាង​ដូច្នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ទះដៃ​យ៉ាង​លាន់​ឮ​រំពង​នៅ​ក្នុង​គ្រា​នោះ៕

XS
SM
MD
LG