ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ហ្វីលីពីន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​របួស​ចាស់


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​ឆ្វេង) ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន Xi Jinping បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​ឆ្វេង) ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន Xi Jinping បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

មេដឹកនាំ​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មីៗ​ជា​ច្រើន បន្ទាប់​ពី​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ការ​ចុះ​ហត្ថលេខា​នេះ ត្រូវ​បាន​លោក​ប្រធានាធិបតី​ចិន Xi Jinping និយាយ​ថា មាន​គោល​បំណង​ចង់​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​កាន់កាប់​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ប៉ុន្មាន​ខែ​មុន តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​បាន​កាត់​សេចក្ដី​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ក្ដី​នៅ​ក្នុង​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​ចិន។ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក លោក Duterte បាន​ព្យាយាម​មិន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ប្រេះឆា ហើយ​ស្រប​ពេល​នោះ​ដែរ លោក​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​ការពារ​ការ​ទាមទារ​ដែនដី​របស់​ប្រទេស​លោក​ផង​ដែរ។

នៅ​មុន​ការ​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ចិន លោក Duterte បាន​និយាយ​ថា លោក​នឹង​មិន​លើក​យក​បញ្ហា​ដែនដី​ដែល​មាន​ជម្លោះ​មក​ពិភាក្សា​នោះ​ទេ ដរាបណា​លោក Xi Jinping លើក​យក​បញ្ហា​នោះ​ឡើង​មុន។

លោក​ប្រធានាធិបតី​ចិន Xi Jinping មិន​បាន​លើក​យក​បញ្ហា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Dutete នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​ប្រទេស​ហ្វីលីពីន​ជា​បងប្អូន​នឹង​គ្នា ហើយ​លោក​បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សមរម្យ​សម្រាប់​ជម្លោះ​របស់​ពួកគេ៕

XS
SM
MD
LG