ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ងាក​ទៅ​រក​​ចិន​របស់​ប្រធានា​ធិបតី​ហ្វីលីពីន​ប្រឈម​ការ​សាក​ល្បង​នៅ​ក្នុង​ប្រទេស


ប្រធានា​ធិបតីហ្វីលីពីន​លោក Rodrigo Duterte បាន​ប្រកាស​ថា ​លោក​នឹង​«ផ្តាច់​ខ្លួន​‍»ចេញ​ពី​សហរដ្ឋ​អាមេរិកដែល​ជាអតីត​អាណាព្យាបាល​​និង​សម្ព័ន្ធ​មិត្ត​ខាងយោ​ធា​ដ៏​ខ្លាំង​មួយ​របស់​ប្រទេស​លោក ​ហើយ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ជំនួស​វិញដែលលោក​បាន​ហៅ​ថា​​ ជាក្តី​សង្ឃឹម​តែ​មួយ​គត់សម្រាប់​ការ​ទ្រទ្រង់​សេដ្ឋ​កិច្ច​។​
ប្រធានា​ធិបតីហ្វីលីពីន​លោក Rodrigo Duterte បាន​ប្រកាស​ថា ​លោក​នឹង​«ផ្តាច់​ខ្លួន​‍»ចេញ​ពី​សហរដ្ឋ​អាមេរិកដែល​ជាអតីត​អាណាព្យាបាល​​និង​សម្ព័ន្ធ​មិត្ត​ខាងយោ​ធា​ដ៏​ខ្លាំង​មួយ​របស់​ប្រទេស​លោក ​ហើយ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ជំនួស​វិញដែលលោក​បាន​ហៅ​ថា​​ ជាក្តី​សង្ឃឹម​តែ​មួយ​គត់សម្រាប់​ការ​ទ្រទ្រង់​សេដ្ឋ​កិច្ច​។​

លោក Rodrigo Duterte ​​ប្រធានា​ធិបតីនៃ​ប្រទេស​ហ្វីលីពីន ​ប្រឈម​ការ​សាក​ល្បង​ខាង​នយោបាយ​​នៅក្នុង​ប្រទេស​​នៅពេល​ដែល​លោករំពឹង​ថា ​ពួក​សមាជិក​សភា ​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ហើយ​នឹង​សាធារណជនសុខ​ចិត្ត​ទទួល​យក​​សំណើរ​ដ៏​ចម្រូងចម្រាស​របស់​លោក​ដើម្បី​ផ្លាស់​ប្តូរសម្ព័ន្ធភាពពី​ប្រទេស​ដែល​បាន​ទទួល​​ការ​ជួយឧបត្ថម្ភពី​​សហរដ្ឋ​អាមេរិក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​​ប្រទេស​​​ចិនដែល​គេមិន​ទាន់​ស្គាល់ច្បាស់។

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្ស​នកិច្ច​ផ្លូវរដ្ឋ​មួយ​ទៅ​កាន់​រដ្ឋ​ធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធានា​ធិបតី Duterte បាន​ប្រកាស​ថា ​លោក​នឹង​«ផ្តាច់​ខ្លួន​‍»ចេញ​ពី​សហរដ្ឋ​អាមេរិកដែល​ជាអតីត​អាណាព្យាបាលនិង​សម្ព័ន្ធ​មិត្ត​ខាងយោ​ធា​ដ៏​ខ្លាំង​មួយ​របស់​ប្រទេស​លោក ​ហើយ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ជំនួស​វិញដែលលោក​បាន​ហៅ​ថា ជាក្តី​សង្ឃឹម​តែ​មួយ​គត់សម្រាប់​ការ​ទ្រទ្រង់​សេដ្ឋ​កិច្ច​។​ការ​សន្យា​ទាំង​នេះកើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេជន៍​ខ្លាំង​ៗ​ជាបន្ត​បន្ទាប់ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​សេចក្តី​ថ្លែងការណ៍​លម្អៀងទៅរក​ប្រទេស​ចិន​ចាប់​តាំង​លោក Duterte ដែលនិយាយខ្លាំង​ៗ ​បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​មក។

ភាព​មន្ទិល​សង្ស័យ​នៅ​ក្នុង​ប្រទេស​ ​អាចពន្យឺតឬ​ធ្វើឲ្យ​ចុះ​ខ្សោយនូវកិច្ច​ផ្តួច​ផ្តើម​ទាំង​នោះ ​ដែល​អាច​បញ្ចប់​សកម្មភាព​នានាដែល​ពាក់​ព័ន្ធនឹង​មហិច្ឆិតា​របស់​ប្រធា​នា​ធិបតី​ខណៈ​ដែលបញ្ចូល​សាធារណមតិ​នៅ​ក្នុង​ប្រទេសមួយ​ដែល​ប្រ​ជាពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​ងាក​ទៅខាងសហរដ្ឋអាមេរិក។

​លោក Ramon Casiple ​នាយក​ប្រតិបត្តិនៃវិទ្យាស្ថានសម្រាប់ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​និង​ការ​បោះឆ្នោត​ដែល​ជា​ក្រុមគាំទ្រ​ហ្វីលីពីន ​បាន​និយាយ​ថា៖

«បញ្ហា​របស់​យើង​ជាមួយ​ប្រធានា​ធិបតី Duterte គឺ​ឥរិយាបថ​របស់​លោក។​លោក ​មិនមាន​ក្រុម​ផ្តល់​យោបល់​មុនពេល​លោក​ធ្វើ​ការ​ប្រកាស​អំពី​បញ្ហា​ទាំង​នោះ។វាជា​ការ​ផ្ទុយ​បញ្ច្រាស់‍»។

ពួក​អ្នក​វិភាគ​ ​និយាយ​ថា សមាជិក​គណៈ​រដ្ឋមន្រ្តី កំពុង​រង់ចាំ​ការពន្យល់លំអិត​ពីអ្វី​ដែល​កើត​បន្ទាប់សម្រាប់​ចិន​និង​សហរដ្ឋ​អាមេរិក​មុនពេល​ចាត់​វិធានការ។ពួកគេ​និយាយ​ថា រដ្ឋ​មន្រ្តី ​ត្រូវការបញ្ជាក់ឲ្យ​ច្បាស់​ពី​របៀប​នៃ​ការ​ផ្លាស់​ប្តូរ​ចំណង​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន​ហើយ​នឹង​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ដំណើរទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃទៅ​កាន់​រដ្ឋ​ធានី​ប៉េកាំង ​បាន​ធ្វើ​ឲ្យចិនផ្តល់​ប្រាក់​ចំនួន​១៣,៥​ពាន់​លាន​ដុល្លានៅ​ក្នុង​កិច្ច​ព្រម​ព្រៀងសេដ្ឋ​កិច្ចសម្រាប់​ប្រទេស​ដ៏ក្រីក្រ​មួយនេះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ហើយនឹង​កិច្ចព្រម​ព្រៀង​ដើម្បី​ពិភាក្សាពីសិទ្ធិចូលតំបន់​ប្រជែង​គ្នាមួយនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន។

​លោក Casiple ​បាន​និយាយ​បន្ត​ទៀត​ថា «ប្រធានា​ធិបតីDuterteបាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​ហើយ​បន្ទាប់​មកមន្រ្តី​ផ្សេង​ទៀត​នៅ​ក្នុង​ចំណោមគណៈរដ្ឋ​មន្រ្តី​របស់​លោក​ដែល​រង​ការ​ប៉ះពាល់​ភ្លាម​ៗបាន​សាកល្បង​ទស្សន៍ទាយ​លើក​ទី២ពី​អ្វី​ដែលលោក​ប្រធានា​ធិបតីព្យាយាម​និយាយ​ឬ​កែប្រែ។​អ្នកខ្លះ​បាន​គិតខុស​ថា ​ប្រធានា​ធិបតី ​នឹងកាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ផ្លូវការ​ជាមួយ​សហរដ្ឋ​អាមេរិក។ «​នៅ​ទី​បញ្ចប់​នៃ​ដំណើរ​ការ​នោះ ​ប្រធានា​ធិបតី​ខ្លួនឯង​បាន​បញ្ចាក់​យ់ាង​ច្បាស់​ពី​អ្វី​ដែលលោក​ចង់​និយាយ‍»។

លោក Perfecto Yasay ​រដ្ឋ​មន្រ្តីការបរទេស​ហ្វីលីពីន ​បាន​ត្រូវ​គេ​ដក​ស្រង់សម្តី​កាល​ពី​ថ្ងៃ​ច័ន្ទ​មក​និយាយ​ថា ហ្វីលីពីន ​នឹង​មិន​កាត់​ចំណង​ទាក់​ទង​ជាមួយ​សហរដ្ឋ​អាមេរិក​ទេហើយ​ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ទៅ​តាម​ការ​ព្រម​ព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក។លោក ​និយាយ​ទៀត​ថា ​ហ្វីលីពីន ​ចង់​បាន​គោលនយោបាយ​ការបរទេស​ដែល​មាន​ឯករាជ្យ​ភាព​ជាងមុនបន្ទាប់​ពី​គោលនយោបាយ​នេះ​មាន​ការ​ដឹកមុខ​ភាគ​ច្រើន​ដោយសហរដ្ឋ​អាមេរិក។

ពួកមន្រ្តីក្នុង​យោធា​ហ្វីលីពីន ​អាច​មាន​ការ​ពិបាក​ដើម្បីងាក​ទៅប្រទេស​ចិន​នៅពេល​ដែល​ពួកគេ ​បានក្រឡេក​មើល​សហរដ្ឋ​អាមេរិក​ដើម្បី​រក​ជំនួយ​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៥០មកម្លេះ​ដើម្បី​ពង្រឹងកងកម្លាំង​របស់​ខ្លួន​ផ្ទាល់។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន​និង​រដ្ឋាភិបាល​ក្រុងម៉ានីល ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ការ​ពារ​ប្រទេស​នៅ​ឆ្នាំ​១៩៥១​ដែល​តម្រូវ​ឲ្យ​ភាគី​និមួយៗ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រសិន​បើ​មានការ​វាយ​ប្រហារ​ពី​ភាគី​ទី​៣។កាល​ពី​២ឆ្នាំ​មុន ​ពួកគេ ​បាន​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​កិច្ច​សហប្រតិបត្តិការ​លើក​ដំកើងការការពារ​ប្រទេសដែល​មាន​គោល​បំណង​ជួយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បញ្ឈប់​នាវា​របស់​ចិន​កុំ​ឲ្យ​ចូល​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ក្នុង​មហាសមុទ្រដែល​មាន​ចំងាយ៣៧០គីឡូ​ម៉ែត្រនៅ​ទល់​មុខ​ផ្ទៃសមុទ្រ​ភាគ​ខាង​លិច​ប្រទេស​ហ្វីលីពីន។

​លោក Sean King​ អនុប្រធាន​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុនពិគ្រោះ​យុទ្ធសាស្រ្តនយោ​បាយ Park​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ញូយ៉កនិយាយដោយ​សំដៅដល់​បណ្ឌិតសភា​យោ​ធា​សហរដ្ឋ​អាមេរិក​ថា៖

«មន្រ្តី​យោ​ធា​ភាគ​ច្រើន​របស់​ហ្វីលីពីន ​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ពី​សាលា​នាយ ទាហាន West Point‍។ការបោះបង់​សន្ធិសញ្ញា​ការ​ពារ​ប្រទេស ​នឹង​បើក​ចំហរ​ព្រំដែន​ហ្វីលីពីនឲ្យ​ចិន​ងាយចូល​កាន់​កាប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ការពារ​ប្រទេស‍។ខ្ញុំថា ឱកាសមានតែ៥០ភាគរយនៃការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នោះ‍»។

សមាជិក​សភា​ហ្វីលីពីន ​បាន​ត្រូវ​គេ​ដក​ស្រង់​សម្តី​មក​និយាយ​ថា ​ពួកគេមិនគិត​ថា​ ​ប្រ ធានា​ធិបតី Duterteពិតជានឹងធ្វើតាមការ​អត្ថាធិប្បាយ​របស់​លោក​ក្នុង​ទីក្រុង​ប៉េកាំង។យ៉ាង​ហោច​ណាស់សមាជិក​សភា​ម្នាក់ ​បាន​ព្រួយ​បារម្ភ​អំពី​ការ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​បរិបទ​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​ដែល​បាន​ជំរុញ​ប្រធានា​ធិបតី​កាន់​ដំណែង​មុនលោក Duterteស្វះស្វែង​រកការ​កាត់​សេចក្តី​របស់​តុលាការ​អាជ្ញាកណ្តាល​ អន្តរជាតិ។កាល​ពី​ខែ​មិថុនា​ ​តុលាការ​បាន​សម្រេច​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ម៉ានីល។

​សមាជិក​សភា​ផ្សេង​ទៀត ​បាន​ត្រូវ​គេ​ដក​ស្រង់​សម្តី​ថារដ្ឋាភិបាល​ហ្វីលីពីន​ទាក់​ទង​ជាមួយ​ចិន​និងមហាអំណាចផុតលេខ​សហរដ្ឋ​អាមេរិក​ដែល​ជាគូ​សត្រូវ​របស់​ចិនឈរ​លើ​ភាព​ស្មើគ្នា។វិធី​ដោះ​ស្រាយ​តាម​គោលនយោបាយ​ការបរទេស​នេះ ​នឹង​ធ្វើ​ទៅ​តាម​គំរូ​ប្រទេស​ឥណ្ឌូនេស៊ី ភូមា​និងវៀត​ណាម ប្រទេស​ទាំង​អស់​នេះឲ្យ​តម្លៃ​ដល់ចិន ក៏ប៉ុន្តែ​ភ័យ​ខ្លាចការពឹង​ពាក់​ខ្លាំង​ពែក​ទៅ​លើ​ចិន​ដែល​មាន​សេដ្ឋ​កិច្ច​11,4 ​លានលាន​ដុល្លា​សហរដ្ឋ​អាមេរិក។

​ពួក​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សេរីនិយម​ដែល​ជា​គណបក្ស​សំឡេងភាគ​តិចដែល​មាន​ឥទ្ធិ​ពល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយស្នើ​សុំឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន។

កិច្ច​ព្រម​ព្រៀង​ជំនួយ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក ​តម្រូវឲ្យ​មាន​ការ​យល់ព្រម​ពីសភា​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ដើម្បី​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀងយោធាទាំង​នោះ។

ប្រធានា​ធិបតី ​អាច​សម្រេច​ថាតើប្រតិបត្តិកិច្ច​ព្រម​ព្រៀង​នោះ​យ៉ាង​ដូចម្តេច​ហើយ​នឹង​សុំ​ឲ្យ​ធ្វើ​ការ​ចរចា​ឡើង​វិញ។​ប្រធានា​ធិបតី Duterte បាន​និយាយ​ថា ​សមយុទ្ធ​យោ​ធា​រួម​គ្នាជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ដើម​ខែ​នេះ គឺ​ជា​លើក​ចុងក្រោយ។

លោក Jay Batongbacal ​នាយក​វិទ្យា​ស្ថាន​កិច្ច​ការផ្លូវនាវា​ចរណ៍​និង​ច្បាប់​សមុទ្រ​នៅ​សាកល​វិទ្យាល័យហ្វីលីពីនបាន​និយាយ​ថា៖

«ជាការពិត ​នឹង​មានការ​ប្រឆាំង​តវ៉ា។​ថាតើ​ពួក​សមាជិក​សភា ​អាច​រារាំង​កិច្ច​ព្រម​ព្រៀង​នោះ​ឬក៏អត់​អាស្រ័យលើ​សកម្មភាព​ដែល​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី Duterte‍។ឥឡូវនេះ កិច្ច​ព្រម​ព្រៀងនោះគ្រាន់​តែ​ជា​សេចក្តី​ថ្លែងការណ៍​សាធារណៈ​និង​វោ​ហារ​សាស្រ្ត​ដ៏​ចម្រូង​ចម្រាស។ព្រឹទ្ធសភា​អាច​ធ្វើ​អ្វីបាន​ទេ ប្រសិន​បើមិនមាន​ឯកសារ​គោល​នយោបាយ​ផ្លូវការ​ឬឯក​សារ​ផ្សេង​ទៀត ​ពួកគេ ​មិន​អាច​ធ្វើ​ការ​ឆ្លើយ​តប​បាន​នោះ‍»។

​ពលរដ្ឋ​ហ្វីលីពីន​ភាគ​ច្រើននិយាយ​ថា ​ពួកគេ ​នៅតែ​គាំទ្រជំនួយ​ខាង​យោ​ធា​របស់​សហរដ្ឋ​អាមេរិក ​ទោះ​យ៉ាង​នោះ​ក៏ដោយ ​ពលរដ្ឋ​ហ្វីលីពីន​ខ្លះ​ចង់​ផ្តល់ឱកាស​ដល់​ប្រទេស​ចិន ​ពី​ព្រោះ​តែ​ចិន​មានប្រវត្តិ​ផ្តល់​ឲ្យ​ប្រទេស​តូច​ៗ​នូវការ​វិនិយោគ​ទុនក្នុង​ផ្នែក​រោងចក្រ​និង​ហេដ្ឋារចនា​សម្ព័ន្ធ។

ពលរដ្ឋ​ហ្វីលីពីន​ប្រហែល៣​ភាគ​៤ មាន​ការ​ទុក​ចិត្ត​សហរដ្ឋ​អាមេរិក​ហើយ​២២​ភាគរយ​បានទុកចិត្ត​ចិន ​នេះ​យោ​ងទៅតាម​ការ​ស្ទង់​មតិ​កាល​ពីពេល​ថ្មី​ៗ​នេះ​ដោយអង្គការ​ស្រាវ​ជ្រាវ Social Weather Stations ដែល​មាន​ទី​តាំង​នៅ​ក្នុង​តំបន់​ទីក្រុង​ម៉ានីល។

​ពួក​អ្នក​វិភាគ​និយាយ​ថា ព្រះ​វិហារ​កាតូលិក​ដ៏​មាន​ឥទ្ធិ​ពល​នៅ​ហ្វីលីពីន ​បាន​រក្សាការ​ស្ងប់​ស្ងាត់​ស្តី​ពី​គោល​នយោបាយការបរទេស​របស់​ប្រធានា​ធិបតីDuterteហើយ​ទំនង​មិនប្រតិកម្មអ្វីទេ ប្រសិនបើ ​បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​នោះ។

លោក Carl Baker នាយកកម្មវិធី​ជាមួយ​កម្មវិធី​វេទិការប៉ាស៊ីហ្វិករបស់​អង្គការCSIS ដែល​ជា​អង្គការស្រាវ​ជ្រាវ​សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ​ការ​ងាក​របស់​ប្រធានា​ធិបតី Duterte ចេញ​ពីការគាំទ្រ​របស់​សហរដ្ឋ​អាមេរិកធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ភាព​ជិត​ស្និទ្ធ​ក្នុង​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក ​នៅពេល​ដែល​ពួករដ្ឋ​មន្រ្តី​ព្យាយាមបន្ធូរបន្ថយ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំងនឹង​សហរដ្ឋ​អាមេរិក​ហើយ​អាចបណ្តាល​ឲ្យ​បាត់​បង់​ការ​វិនិយោគ​ទុន​និង​ជំនួយ​ការពារ​ប្រទេស​ពី​សហរដ្ឋ​អាមេរិក។​លោកនិយាយ​ថា ប្រធានា​ធិបតីDuterte គួរ​ស្វះស្វែង​រក​មតិ​យោបល់​ពី​ប្រជាពលរដ្ឋ​ហ្វីលីពីន។

ក៏ប៉ុន្តែ លោកCasipleជឿ​ជាក់​ថា វា​លឿន​ពែក​ដើម្បី​និយាយ​ពី​អ្វី​ដែល​ប្រធានា​ធិបតី Duterte នឹង​ធ្វើ​នៅ​ទី​បញ្ចប់​នោះ។អ្វី​ដែល​យើង​ឃើញ​នៅពេល​ឥឡូវ​នេះ គឺ​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតីភាព​ឡើង​វិញជាមួយ​ចិន​ជាង​អ្វីផ្សេង​ទៀត​ទាំងអស់‍»។

ប្រែសម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG