ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​រវាង​លោក​ប្រធានាធិបតី​ហ្វីលីពីន និង​អធិរាជ​ជប៉ុន​ត្រូវ​បាន​លុប​ចោល


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​កណ្តាល) កំពុង​មើល​ការ​ហាត់សម​ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​នៅ​ក្នុង​ក្រុង Yokohama កាលពី​ថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​កណ្តាល) កំពុង​មើល​ការ​ហាត់សម​ឆ្មាំ​សមុទ្រ​របស់​ជប៉ុន​នៅ​ក្នុង​ក្រុង Yokohama កាលពី​ថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​បាន​ជួប​ជាមួយ​នឹង​ព្រះ​អធិរាជ​ជប៉ុន Akihito ដោយ​ហេតុ​ថា ការ​ប្រជុំ​ដែល​បាន​គ្រោង​ទុក​នោះ​ត្រូវ​លុប​ចោល ដោយសារ​ព្រះ​បិតុលា​របស់​ព្រះអង្គ គឺ​ព្រះ​អង្គ​ម្ចាស់ Mikasa ដែល​ជា​ព្រះ​អនុជ​របស់​អតីត​អធិរាជ​ជប៉ុន Hirohito បាន​សោយ​ទិវង្គត។

ព្រះអង្គ​ម្ចាស់ Mikasa បាន​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្ម ១០០ ព្រះ​វស្សា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​តូក្យូ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​ឲ្យ​ដឹង​ថា ព្រះអង្គ​ម្ចាស់ Mikasa បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចាប់​តាំង​ពី​ខែ​ឧសភា​មក ដើម្បី​ព្យាបាល​ជំងឺ​សួត។

លោក Duterte បាន​ចូលរួម​សម្តែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់ Mikasa។ ហើយ​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្ត្រី​ពិធីការ​របស់​លោក​បាន​ផ្ដល់​យោបល់​ដល់​លោក កុំ​ឲ្យ​ទូរស័ព្ទ​ទៅ​រក​ព្រះ​អធិរាជ​ជប៉ុន ដោយ​សារ​តែ​ព្រះ​អធិរាជ និង​រាជវង្សានុវង្ស​កំពុង​តែ​កាន់​ទុក្ខ។

មុន​ពេល​បញ្ចប់​នូវ​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​ព្រះអង្គ លោក Duterte បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​ប្រទេស​ជប៉ុន ដោយ​លោក​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​នឹង​មិន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ នៅ​ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​ហ្វីលីពីន។

លោក Duterte បាន​ស្នើ​យ៉ាង​ដូច្នេះ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​កន្លែង​ល្បាត​ត្រួតពិនិត្យ​ឆ្នេរ​សមុទ្រ​មួយ​កន្លែង ដើម្បី​ពិនិត្យ​មើល​ការ​ធ្វើ​សមយុទ្ធ​មួយ​របស់​នាវា​ល្បាត​ត្រួតពិនិត្យ​ឆ្នេរ​សមុទ្រ​របស់​ជប៉ុន ដែល​បាន​សន្យា​ថា​នឹង​ជួយ​ប្រទេស​ហ្វីលីពីន​ផ្នែក​សមត្ថភាព​សន្តិសុខ​តាម​ផ្លូវ​សមុទ្រ ស្រប​ពេល​ដែល​ហ្វីលីពីន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG