ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូកទឹកភ្លូក​ដី​នៅ​ក្នុង​​ការ​បោះឆ្នោត​ប្រធានាធិបតី​​ហ្វីលីពីន


រូបឯកសារ​៖ លោក Ferdinand "Bongbong" Marcos Jr. ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់លោក​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ទីក្រុង Quezon City ប្រទេស​ហ្វីលីពីន ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។ (AP Photo/Aaron Favila)
រូបឯកសារ​៖ លោក Ferdinand "Bongbong" Marcos Jr. ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់លោក​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ទីក្រុង Quezon City ប្រទេស​ហ្វីលីពីន ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។ (AP Photo/Aaron Favila)

កូនប្រុស​អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន​លោក Ferdinand Marcos ទទួល​បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​នៅ​ក្នុង​ការបោះឆ្នោតប្រធានាធិបតី​ហ្វីលីពីននៅ​ថ្ងៃ​អង្គារ​នេះ​ស្របពេល​ដែល​មាន​ការ​ព្រមាន​ថា​ ការវិល​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​វិញ​នៃ​វង្សត្រកូល​ជន​ផ្តាច់​ការ​រូប​នេះ​អាច​ធ្វើ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ខ្លាំង​និង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ចុះ​ខ្សោយ។ នេះ​បើតាម​ការ​ចេញ​ផ្សាយរបស់​ទី​ភ្នាក់ងារ​ព័ត៌ មាន AFP។

ដោយ​ការរាប់​សន្លឹកឆ្នោតជិត​រួច​រាល់​ហើយ​នោះ លោក Ferdinand "Bongbong" Marcos ទទួល​បាន​សំឡេង​គាំទ្រជាង៥៦ភាគរយនៃចំនួន​សន្លឹក​ឆ្នោត​សរុប​គឺ​ច្រើន​ជាង​ពាក់​កណ្តាលនៃ​គូ​ប្រជែង​របស់​លោក​ គឺ​លោក​ស្រី Leni Robredo ដែក​ជា​បេក្ខជន​សេរីនិយម​នោះ។

ជោគជ័យរបស់​លោកMarcos ជាសមិទ្ធផល​ដ៏​ធំ​មួយ​របស់​ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់​លាន​នាក់​ដែលចង់​ធ្វើ​ការ​ផ្លាស់ប្តូរ​ការដឹកនាំ​នៅ​ក្នុង​ប្រទេស​នេះ​បន្ទាប់ពី​ប្រធានាធិបតីដែលត្រូវ​ចេញ​ពី​អំណាច​គឺ​លោកRodrigo Duterte បាន​ដឹក​នាំ​ប្រទេស​អស់​រយៈពេល៦ឆ្នាំ​ដោយ​ការបង្ហូរ​ឈាម​និង​ការ​កើន​ឡើងនៃ​ការ​គ្រប់គ្រងតាម​បែប​ផ្តាច់ការ។

ដោយ​ឡែក​កូន​ស្រី​របស់ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​គឺ​លោក​ស្រី Sara Duterte ត្រូវ​បាន​ប្រជា ពលរដ្ឋ​ហ្វីលីពីន​បោះ​ឆ្នោត​ឱ្យ​ជាប់ធ្វើជាអនុប្រធានាធិបតី​ហ្វីលីពីន​ក្នុង​សំឡេង​គាំទ្រ​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ផង​ដែរ។

កាល​ពី​ឆ្នាំ១៩៨៦អតីតប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos និង​ភរិយា​របស់​លោក​គឺ​លោកស្រី Imelda Marcosត្រូវ​បាន​ពលរដ្ឋហ្វីលីពីន​ផ្តួលរលំ​នៅ​ក្នុងបដិវត្ត​អំណាច​ប្រជាជន​ឬ "People Power" revolution ដែល​បាន​បណ្តេញ​ប្រធានាធិបតី​និង​ភរិយា​រូប​នេះឱ្យ​ធ្វើនិរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស។

ដោយការ​ចងចាំ​នៃ​របបផ្តាច់ការបាន​រសាត់​ទៅ​តាមពេល​វេលា​និង​ការ​បង្ហោះ​សារដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំរាប់​មិន​អស់​នៅ​បណ្តាញ​ហ្វេសប៊ុកនោះ ពលរដ្ឋ​ហ្វីលីពីន​បាន​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឱ្យ​លោក Marcosដែល​ជាកូន​ប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការហ្វីលីពីនរូប​នេះដើម្បី​នាំ​ត្រឡប់​មក វិញនូវ​សម័យកាលដ៏រុងរឿងមួយ​ដែលពួក​គេ​ធ្លាប់​ទទួល​បាន​និង​ស្រមៃ​ដល់​កាល​ពី​អតីតកាល​កន្លង​ទៅ។

លោក Anthony Sola ដែល​ជា​អ្នក​គាំទ្រ​លោកMarcos និង​ជា​មន្ត្រី​ប៉ូលិស​ចូល​និវត្តមួយ​រូប​បាន​ឱ្យ​ដឹង​ថា «លោក​ប្រធានាធិបតី​ថ្មី​នឹង​ជួយ​ហ្វីលីពីន​ឱ្យ​ចាកផុត​ពី​ភាពក្រីក្រ​ដែល​កំពុង​កើត​មាននៅ​ពេល​នេះ»។

អ្នក​គាំទ្រ​រូប​នេះ​បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ដែល​ថា គ្រួសារ​របស់លោកMarcos បាន​លួច​លុយជាតិចំនួន១០ពាន់លាន​ដុល្លារ​នៅ​ក្នុង​អំឡុង​ពេលនៃ​ការកាន់​អំណាច​កាលពី​អតីតកាល​នោះ។លោក​បន្ថែម​ទៀត​ថា «ខ្ញុំ​មិន​ជឿថា គ្រួសារ​មួយ​នេះ​លួចលុយនោះ​ទេ ពីព្រោះ​បើ​ពួក​គេ​លួច​មែន​នោះ ពួក​គេ​ប្រហែលជា​ជាប់​ក្នុង​ពន្ធនាគារបាត់ទៅ​ហើយ»៕

XS
SM
MD
LG