ក្រុមអ្នកច្បាប់នៃប្រទេសហ្វីលីពីនដែលអមដោយមន្រ្តីជាន់ខ្ពស់ប្រចាំប្រទេសរួមមានពីស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នតុលាការនិងស្ថាប័ននីតិបញ្ញត្តិ នាសប្តាហ៍នេះនឹងព្យាយាមបញ្ចុះបញ្ចូលគណៈវិនិច្ឆ័យ នៅឯតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ ដើម្បីសម្រេចរឿងក្តីរបស់ខ្លួនក្នុងការសាកសួរអំពីការទាមទារដែនទឹករបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ប៉ុន្មានថ្ងៃមុនពេលចាកចេញទៅប្រទេសហូឡង់ ក្រុមមន្ត្រីហ្វីលីពីននិយាយថា ពួកគេមាន «ទំនុកចិត្តលើជំហររបស់ប្រទេសខ្លួន» និងថាគណៈវិនិច្ឆ័យនឹងរកឃើញថាខ្លួនមានសមត្ថកិច្ចផ្លូវច្បាប់ក្នុងការដោះស្រាយករណីនេះបាន។ នៅចុងសប្តាហ៍នេះ អ្នកស្រី Abigail Valte អ្នកនាំពាក្យរងរបស់ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino III ហើយដែលអ្នកស្រីកំពុងចូលរួមជាមួយនឹងគណៈវិនិច្ឆ័យនៅទីក្រុងឡាអេ បាននិយាយថា ប្រទេសនេះជឿជាក់ថាខ្លួន «ស្ថិតក្នុងជំហរដ៏រឹងមាំមួយ»។
លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសហ្វីលីពីនបាននិយាយថា រដ្ឋាភិបាលក្រុងម៉ានីល កំពុងបង្ហាញពីការណ៍ពិតឬអង្គហេតុ ដែលស្ថិតក្នុងក្របខណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឬហៅកាត់ថា UNCLOS។
«សម្រាប់ពួកយើង រឿងក្តីពួកយើង គឺមិនមែនទាក់ទងនឹងរឿងអធិបតេយ្យភាពលើទឹកដីនោះទេ ប៉ុន្តែគ្រាន់តែគ្រាន់តែទាក់ទងនឹងការបកស្រាយអំពីសិទ្ធិទទួលបានក្នុងដែនសមុទ្រ ដែលស្ថិតក្នុងការសមត្ថកិច្ចវិនិច្ឆ័យដ៏ពិតប្រាកដរបស់តុលាការ»។
ប្រទេសហ្វីលីពីនផ្តល់អំណះអំណាងថា ការទាមទាររបស់ប្រទេសចិនលើដែនសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងនោះ ជា «អំពើហួសប្រមាណ ជាការបំផ្លើស និងពុំមានមូលដ្ឋានតាមច្បាប់អន្តរជាតិទេ»។
រដ្ឋាភិបាលទីក្រុងម៉ានីលបានបង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលក្រុងប៉េកាំងអំពីបញ្ហាថ្មប៉ប្រះទឹកដែលរដ្ឋាភិបាលក្រុងប៉េកាំងបានចូលកាន់កាប់នៅក្នុងដែនទឹកដែលរដ្ឋាភិបាលក្រុងម៉ានីលថាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។ ប្រទេសចិនបាននិយាយថា ខ្លួនមាន «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើប្រជុំកោះនៅសមុទ្រចិនខាងត្បូង បើយោងតាមទិន្នន័យប្រវត្តិសាស្រ្តនោះ។
សមុទ្រចិនខាងត្បូងគឺសម្បូរទៅដោយមច្ឆាជាតិ មានផ្ទុកអណ្តូងប្រេងនិងឧស្ម័នដ៏មហាសាលនិងជាផ្លូវដឹកជញ្ជូននាវាចរណ៍ដឹកជញ្ជូនទំនិញដែលមានតម្លៃរាប់លានលានដុល្លារ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់និងវៀតណាមក៏ប្រកួតប្រជែងទាមទារតំបន់នោះផងដែរ។
ប្រទេសចិនបានប្រែក្លាយថ្មប៉ប្រះទឹកចំនួន៧ ដែលភាគច្រើនសិ្ថតក្នុងពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីន ឲ្យទៅជាកោះសិប្បនិម្មិត។
ភាគីហ្វីលីពីននឹងមិនបានប្រឈមមុខជាមួយនឹងអ្នកតំណាងចិននៅតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍នោះទេ ដោយសារតែប្រទេសចិននៅសប្តាហ៍នេះបានច្រានចោលមិនទទួលស្គាល់រឿងក្តីនេះ ហើយបដិសេធមិនចូលរួមក្នុងតុលាការអាជ្ញាកណ្តាលទាក់ទិននឹងបញ្ហានេះនោះទេ។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលក្រុងប៉េកាំងបានហៅពាក្យបណ្តឹងរបស់រដ្ឋាភិបាលក្រុងម៉ានីល មុនពេលក្តីនេះឈានទៅដល់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេថាជា«ការបង្កហេតុខាងនយោបាយ»។
បើទោះបីជាចិនមិនចូលរួមក្នុងការធ្វើសេចក្ដីសម្រេចរបស់អាជ្ញាកណ្តាលក៏ពិតមែនក្តី ចិនបានចេញផ្សាយជំហរជាលាយលក្ខណ៍អក្សរមួយ កាលពីចុងឆ្នាំមុនដោយអះអាងថា ការទាមទារអធិបតេយ្យភាពទឹកដីគឺហួសពីដែនសមត្ថកិច្ចរបស់គណៈវិនិច្ឆ័យអាជ្ញាកណ្ដាល។
ដើមឡើយប្រទេសហ្វីលីពីន បានសុំឲ្យគណៈវិនិច្ឆ័យសម្រេចអំពីទាំងបញ្ហាយុត្តាធិការផង និងបញ្ហាការទាមទារដែនសមុទ្ររបស់ចិនជាការស្របច្បាប់ដែរឬទេនោះផង នៅក្នុងរឿងក្តីតែមួយ។ ប៉ុន្តែចៅក្រមបែរជា បំបែករឿងទាំងពីរនេះឲ្យដាច់ពីគ្នា ដោយផ្អែកលើឯកសារគោលជំហររបស់ចិនទៅវិញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីខែមេសាគណៈវិនិច្ឆ័យរបស់តុលាការបានឲ្យដឹងថាខ្លួននឹងចាត់ទុកឯកសារចេញផ្សាយទាំងអស់របស់ចិនថាជាអំណះអំណាងការពារខ្លួនលើរឿងក្តីនេះ។
លោក Carl Thayer ជាអ្នកវិភាគផ្នែកសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍មកពីសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី និងធ្វើការនៅបណ្ឌិតសភាកងទ័ពប្រទេសអូស្រ្តាលី។ លោកនិយាយថា សាលាក្តីនេះទំនងជានឹងយកបញ្ហាប្រឈមលក្ខណៈផ្លូវច្បាប់មកដោះស្រាយ។
«ប៉ុន្តែថាតើពួកគេនឹងហ៊ានធ្វើសេចក្តីសម្រេចដ៏លំបាកនេះដែរឬទេ គឺជាសំណួរមួយផ្សេងទៀត ហើយថា តើពួកគេនឹងធ្វើសេចក្តីសម្រេចឲ្យដាច់ស្រឡះតែម្តង ឬថា តើពួកគេនឹងធ្វើសេចក្តីសម្រេចតាមផ្លូវច្បាប់លើចំណុចតូចចង្អៀតប៉ុណ្ណោះ ដែលនឹងគាំទ្រចិនបន្តិចនិងគាំទ្រហ្វីលីពីនបន្តិចផងនោះ (យើងមិនទាន់ដឹងទេ)»។
លោក Thayer និយាយថា សារៈសំខាន់នៃរឿងក្តីនេះគឺថា វាគឺជាការធ្វើតេស្តតាមរយៈផ្លូវច្បាប់អំពីជំហររបស់ចិន។ ប៉ុន្តែលោកក៏បានកត់សម្គាល់ថាបើទោះបីជាសាលាក្តីចេញសេចក្តីសម្រេចនៅក្នុងរឿងក្តីនេះ ហើយវាមានចំណងផ្លូវច្បាប់ក៏ដោយ ក៏នៅតែពុំមានការដាក់ឲ្យមានការអនុវត្តសេចក្តីសម្រេចរបស់តុលាការនោះទេ។
លោក Jose និយាយថា ប្រសិនបើតុលាការកំណត់ឲ្យជាក់ច្បាស់ថា ខ្លួនមានយុត្តាធិការក្នុងរឿងនេះនោះ តុលាការនឹងកំណត់ពេលបើកសវនាការលើអង្គសេចក្ដីនៃរឿងក្តីរបស់ប្រទេសហ្វីលីពីននេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា