ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កំពុងធ្វើឲ្យមានតុល្យភាពឡើងវិញចំពោះគោលនយោបាយការបរទេសរបស់លោក ដោយលោកបានខិតចេញពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងងាកទៅរកប្រទេសចិន និងរុស្ស៊ី ដែលជាសត្រូវរបស់សហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមត្រជាក់។ ការវិវត្តន៍នេះ អាចធ្វើឲ្យប្រទេសហ្វីលីពីនទទួលបានជំនួយបន្ថែមទៀត។
លោក Duterte បាននិយាយកាលពីខែមុនថា ប្រទេសហ្វីលីពីននឹងបដិសេធការជួយជ្រោមជ្រែងរបស់ទាហានសហរដ្ឋអាមេរិកនៅក្នុងការឈ្លបត្រួតពិនិត្យតំបន់ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងជួយជ្រោមជ្រែងនៅក្នុងការវាយប្រហារក្រុមពួកឧទ្ទាមមូស្លីមហិង្សានៅតំបន់ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ លោក Duterte ត្រូវបានគេដកស្រង់សំដីរបស់លោកដែលបានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ប្រទេសហ្វីលីពីន នឹងចាប់ផ្ដើមចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិន និងរុស្ស៊ី។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួនចង់ចរចាជាមួយនឹងរដ្ឋាភិបាលរបស់លោក Duterte ដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្រ។ លោក Duterte កាលពីខែសីហាកន្លងទៅនេះ បានបញ្ជូនបេសកជនពិសេសរបស់លោកទៅកាន់ទីក្រុងហុងកុងដើម្បីចរចា។
លោក Carl Baker ប្រធានកម្មវិធីវេទិកាប៉ាស៊ីហ្វិកនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS លើកឡើងថា ប្រទេសចិនទំនងជាអាចផ្ដល់នូវជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនានា ដែលប្រទេសហ្វីលីពីនកំពុងតែត្រូវការខ្លាំង។
លោក Song Seng Wun សេដ្ឋវិទូមកពីធនាគារ CIMB នៃប្រទេសសិង្ហបុរី បានបញ្ជាក់ថា៖ «លោកប្រធានាធិបតីហ្វីលីពីនបានឃើញពីជំនួយរបស់ប្រទេសចិន ដែលបានជួយសេដ្ឋកិច្ចប្រទេសមួយចំនួន ជាពិសេសដូចជាប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាជាដើម។
ចំណែកឯអ្នកវិភាគផ្សេងទៀតជឿថា ប្រទេសរុស្ស៊ីអាចជួយប្រទេសហ្វីលីពីនក្នុងផ្នែកការពារជាតិ ឬអាចជួយហ្វីលីពីនឲ្យមានតួនាទីកាន់តែខ្លាំងក្លាជាងមុន ប្រសិនបើលោក Duterte ចរចាជាមួយសហរដ្ឋអាមេរិក។
លោក Duterte បាននិយាយនៅឯកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅក្នុងប្រទេសឡាវកាលពីខែមុនថា លោកបានស្នើលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Mevedev ឲ្យជួយប្រទេសហ្វីលីពីនលើគ្រប់វិស័យទាំងអស់ ដូចជាវិស័យពាណិជ្ជកម្មជាដើម៕