លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានអំពាវនាវឱ្យដាក់ទាហានស.រ.អា.បន្ថែមតទៅទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីដើម្បីយកជ័យជម្នះលើពួករដ្ឋឥស្លាម។
ថ្លែងនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទូរទស្សន៍អាមេរិកាំង CNBC នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos ប្រទេសស្វ៊ីស លោក Carter បានមានប្រសាសន៍ថា កងកម្លាំងស.រ.អា.នៅលើដីនឹង «ជួយ» កងកម្លាំងក្នុងមូលដ្ឋាន និងនៅតែផ្តោតការយកចិត្តទុកដាក់លើបេសកកម្មផ្តល់ការណែនាំ និងខាងការជួយ។
លោក Carter បានមានប្រសាសន៍ថា «យើងកំពុងស្វះស្វែងរកឱកាសដើម្បីធ្វើសកម្មភាពថែមទៀត ហើយនឹងមានទាហានថែមទៀតនៅលើដី។ ខ្ញុំចង់និយាយឱ្យបានច្បាស់លាស់អំពីការណ៍នេះ។ ក៏ប៉ន្តែនេះជាសំណួរយុទ្ធសាស្ត្រមួយ
ថាតើលោកអ្នកអាចជួយកងកម្លាំងក្នុងមូលដ្ឋានឱ្យវាយយកកន្លែងណាមួយបានហើយកាន់កាប់ទីនោះ ជាជាងខិតខំព្យាយាមបំពេញកិច្ចការនេះជំនួសពួកគេ»។
លោករដ្ឋមន្ត្រីការពារប្រទសអាមេរិកាំងនឹងជួបជាមួយក្រុមរដ្ឋមន្ត្រីការពារប្រទេសមួយចំនួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ លោកបាននិយាយថាប្រទេសជាច្រើនមិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ទេក្នុងសង្គ្រាមប្រឆាំងនឹងពួករដ្ឋឥស្លាម ដោយលោកបានថ្លែងថា ក្រុមប្រទេសទាំងនេះប្រយុទ្ធ «តែនៅលើក្រដាស»។
លោក Ash Carterបានមានប្រសាសន៍ថា «ស.រ.អា.មិនបានសុំការអនុគ្រោះពីនរណាម្នាក់ទេ។ យើងស្វះស្វែងរកមនុស្សឯទៀតឱ្យបំពេញមុខនាទីរបស់ពួកគេ»។
បើតាមទិន្នន័យរបស់ទីបញ្ជាការកណ្តាលស.រ.អា.ដែលបានផ្តល់ឱ្យ VOA នៅពេលនេះស.រ.អា.មានទាហានប្រមាណ៣ពាន់៥រយ៥០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយប្រមាណ២ពាន់៧រយ៥០នាក់នៃក្រុមទាហានទាំងនេះបានគាំទ្រកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងឋានៈជាអ្នកហ្វឹកហ្វឺន ជាទីប្រឹក្សា ឬជាបុគ្គលិកគាំទ្រ។
មានទាហាននៃកងកម្លាំងពិសេសស.រ.អា.តិចជាង៥០នាក់នៅក្នុងប្រទេសស៊ីរី៕