ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និយាយ​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្សី​ទៅលើ​ជន​ស៊ីវិល​ស៊ីរី «‍គួរ​ឲ្យ​ខ្វល់ខ្វាយ​ណាស់»


ក្រុម​ជំនួយ​ការ​យោធា​រុស្ស៊ី​ភ្ជាប់​គ្រាប់​បែក​បញ្ជា​ទី​ដៅ​ដោយ​ផ្កាយ​រណប​ទៅ​កាន់​យន្តហោះ​ចម្បាំង Su-34 នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ Hmeimim នៅ​ស៊ីរី​នៅ​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​ជំនួយ​ការ​យោធា​រុស្ស៊ី​ភ្ជាប់​គ្រាប់​បែក​បញ្ជា​ទី​ដៅ​ដោយ​ផ្កាយ​រណប​ទៅ​កាន់​យន្តហោះ​ចម្បាំង Su-34 នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ Hmeimim នៅ​ស៊ីរី​នៅ​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៥។

សហរដ្ឋ​អាមេរិក​និយាយ​ថា របាយការណ៍​អំពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្សី ដែល​បាន​សម្លាប់​ជនស៊ីវិល​ស៊ីរី​រាប់​រយ​នាក់ «មាន​លក្ខណៈ​គួរឲ្យ​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់‍»។

សហរដ្ឋ​អាមេរិក​ក៏​និយាយ​ដែរ​ថា ការ​វាយប្រហារ​ទៅលើ​ជន​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​នោះ ក៏​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​នាំ​មក​នូវ​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​ជម្លោះ​នៅក្នុង​ប្រទេស​នោះ​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Mark Toner បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការ​ជំរុញ​ដំណើរ​ការ​នយោបាយ​ មុន​កិច្ចចរចា​សន្តិភាព​ ដែល​គេ​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ ហើយ​លោក​ថា ភាគី​ទាំង​អស់​ ដែល​មាន​ចំណែក​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ស៊ីរី ចាំបាច់​ត្រូវ​ធ្វើការ​ទៅលើ​វិធានការ​កសាង​ទំនុកចិត្ត។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​រាយការណ៍​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​រុស្សី បាន​ត្រូវ​ចំ​គោលដៅ​ជនស៊ីវិល​ជាច្រើន ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​កាន់​តែខ្លាំង​ថែមទៀត ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​លោក​ខាងលិច។

ប្រទេស​លោក​ខាងលិច បាន​រិះ​គន់​ថា ​យុទ្ធនាការ​រុស្សី បាន​ជួយ​ដល់​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad ជាជាង​តម្រង់​គោលដៅ​ទៅរក​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម ឬ ISIS។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្សី លោក Sergei Lavrov ជុំវិញ​ការ​ព្រួយបារម្ភ​អំពី​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្សី​ទៅលើ​ជន​ស៊ីវិល​នេះ។

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Mark Toner មាន​ប្រសាសន៍​ថា «‍​អាមេរិក​ជំរុញ​ជាប់​ជា​ប្រចាំ​ឲ្យ​ភាគី​ទាំង​អស់ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នោះ ចាត់វិធានការ​បង្ការ​នានា ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជនស៊ីវិល ហើយ​ក៏​ឲ្យ​អនុលោម​ទៅតាម​កាតព្វកិច្ច​របស់​ពួកគេ ដែល​មាន​ចែង​នៅក្នុង​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ផងដែរ»ប្រទេស​រុស្សី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG