លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានបង្ហាញអាទិភាពនៃចំណាយខាងយោធាសម្រាប់ថវិកាក្រសួងការពារប្រទេសក្នុងឆ្នាំ២០១៧ ដោយឆ្លុះបញ្ចាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការអះអាងរបស់ប្រទេសរុស្ស៊ីនិងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីផងដែរ។
សំណើសុំថវិកាការពារប្រទេសមានទឹកប្រាក់៥៨៣ពាន់លានដុល្លារនេះបានផ្ទេរទម្ងន់នៃចំណាយខាងការពារប្រទេសទៅកាន់ «ការប្រជែងប្រាំដែលមានការប្រែប្រួលជាលំដាប់» ដោយមានរួមបញ្ចូលការប្រកួតប្រជែងខាងអំណាចពីប្រទេសរុស្សីនិងប្រទេសចិន ការគំរាមកំហែងក្នុងតំបន់ពីប្រទេសកូរ៉េខាងជើងនិងប្រទេសអ៊ីរ៉ង់ និងការទប់ទល់ប្រឆាំងនឹងភេរវកម្មដែលមានតទៅទៀត។
លោក Carter បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសរុស្សីនិងប្រទេសចិនជាអ្នកប្រជែងខ្លាំងបំផុត«របស់ស.រ.អា.ហើយការស្នើថវិកាថ្មីនេះក៏គិតគូរដែរអំពីការធ្វើឱ្យមានតុល្យភាពជាថ្មីនៅក្នុងទ្វីបអាស៊ីដែលកំពុងមានធ្វើនិងមានការបង្កើនថវិកាបួនដងសម្រាប់ពង្រឹងគោលជំហរខាងយោធារបស់ស.រ.អា.ជាថ្មីនៅក្នុងទ្វីបអឺរ៉ុប។»
លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថាកំណើនថវិកាសម្រាប់ទ្វីបអឺរ៉ុប«គួរធ្វើឱ្យច្បាស់លាស់ថាប្រទេសអាមេរិកនឹងឈរមាំទាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការការពារមិនមែនតែដែនដីនៃក្រុមប្រទេសជាសមាជិកនៃអង្គការអូតង់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានគោលការណ៍នៃច្បាប់និងរបៀបរៀបរយអន្តរជាតិដូចគ្នាផងដែរ។»